ពេលនៅផ្ទះមិនត្រូវបណ្តោយឲ្យគីឡូឡើងមិនឈប់ទេ គួរឆ្លៀតហាត់ប្រាណយករាងស្អាតទាំងអស់គ្នា
- 2021-03-19 22:17:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពេលនៅផ្ទះមិនត្រូវបណ្តោយឲ្យគីឡូឡើងមិនឈប់ទេ គួរឆ្លៀតហាត់ប្រាណយករាងស្អាតទាំងអស់គ្នា
មានពេលនៅផ្ទះច្រើន ពេលទំនេរក៏មានច្រើនឬមិនសូវបានបញ្ចេញសកម្មភាពជាដើម។ ការញ៉ាំចំណីចំណុក ដោយមិនបានបញ្ចេញជាតិពុលនិងញើសចេញមកវិញ ជាហេតុនាំឲ្យគីឡូចេះតែឡើងមិនឈប់ ហើយក្បាលពោះវិញក៏ហៀរកំផ្លេសពិបាកមើលណាស់។ បណ្តោយយូរទៀតមិនបានទេ ត្រូវតែឆ្លៀតពេលហាត់ប្រាណ ដោយក្បាច់ទាំង៤ ដូចខាងក្រោម ដើម្បីទទួលបានរាងស្អាត គ្មានក្បាលពោះយារធ្លាក់។
ក្បាច់ទី១៖
ត្រូវមានកម្រាលហាត់យ៉ូហ្កា បន្ទាប់មកប្រើដៃទាំងពីរច្រតទៅលើកម្រាលដោយកាន់ដុំដែកដើម្បីទប់ ហើយបញ្ឈរខ្លួនឡើងលើ។
បន្ទាប់មកទៀត ប្រើដៃម្ខាងលើកដុំដែកឡើងលើ ឲ្យផុតពីផ្នែកចង្កេះហើយទម្លាក់ចុះមកវិញ សឹមផ្លាស់ប្តូរទៅដៃម្ខាងទៀត ធ្វើចុះឡើងឲ្យបាន២០ដង។
អត្ថប្រយោជន៍៖ ក្បាច់នេះអាចជួយបន្តឹងផ្នែកដៃ ក្បាលពោះ មិនឲ្យយារធ្លាក់ ថែមទាំងដុតបំផ្លាញជាតិខ្លាញ់នៅចង្កេះនិងពោះផងដែរ។ វាក៏អាចជួយគ្រប់គ្រងសាច់ដុំផ្នែកជើងនិងដងខ្លួនបានយ៉ាងល្អ។
ក្បាច់ទី២៖
គេងឲ្យត្រង់ដងខ្លួន នៅលើកម្រាល ហើយត្រូវដាក់ម្រាមដៃទាំងសងខាង ប៉ះនឹងត្រចៀក ដោយប្រឹងងើបក្បាលឡើង។
ស្របពេលដែលប្រឹងងើបខ្លួន ត្រូវដាក់ជើងទាំងពីរផ្គុំចូលគ្នា ហើយលើកឡើងឲ្យបាន ៩០ដឺក្រេ។ ពេលងើបត្រូវព្យាយាមទាញផ្នែកក្បាលឲ្យកៀកនឹងជើងបំផុត។
កុំភ្លេចដកដង្ហើមចូលពេលងើបឡើង ហើយដកដង្ហើមចេញពេលទម្លាក់ខ្លួនទៅវិញ។ ធ្វើចុះឡើងឲ្យបាន ៣-៤ ជុំ ក្នុងមួយជុំឲ្យបាន២០ដង។
អត្ថប្រយោជន៍៖ ជួយឲ្យស្រកក្បាលពោះផ្នែកខាងក្រោម កាត់ជាតិខ្លាញ់នៅបរិវេណចង្កេះនិងក្បាលពោះ។
ក្បាច់ទី៣៖
គេងឲ្យត្រង់ដងខ្លួន នៅលើកម្រាល ហើយបោះដៃទាំងពីរទៅលើឲ្យផុតក្បាល។
បញ្ឈរជើងទាំងពីរត្រង់ទៅលើ ហើយងើបខ្លួន និងព្យាយាមដាក់ដៃទាំងពីរ ឲ្យប៉ះទៅនឹងផ្នែកខាងលើបង្អស់នៃជើង។
អត្ថប្រយោជន៍៖ ជួយរំលាយខ្លាញ់ចង្កេះនិងក្បាលពោះផ្នែកខាងក្រោម និងជួយបន្តឹងផ្នែកត្រគាកក្នុងពេលតែមួយ។
ក្បាច់ទី៤៖
គេងផ្កាប់លើកម្រាល ហើយប្រើដៃទាំងពីរច្រតឡើងលើ និងខំប្រឹងងើបដងខ្លួនសន្សឹមៗ ដោយដាក់ជើងទាំងសងខាងកន្ធែកស្របនឹងដងខ្លួន។
បន្ទាប់មកត្រូវទប់ខ្លួនឲ្យនឹងនឲ្យបានប្រហែល ២វិនាទី ហើយធ្វើឲ្យគ្រប់៣ជុំ។
អត្ថប្រយោជន៍៖ ជួយបន្តឹងនិងសម្រួលដល់ផ្នែកពោះ ដុតជាតិខ្លាញ់បានល្អ។
មិនគួរបណ្តោយឲ្យរាងកាយលើសទម្ងន់រហូតពិបាកកែខៃនោះទេ។ ត្រូវឆ្លៀតហាត់ប្រាណនៅផ្ទះជាប្រចាំ ដើម្បីសម្រស់និងសុខភាព៕
ចុចអានបន្ត៖ បើអ្នកមានឈាមប្រភេទ O គួរដឹងពីចំណុចពិសេសរបស់ខ្លួន