នារី​វ័យ២៦​ឆ្នាំ សន្សំ​លុយ​បាន​១០​ម៉ឺន​ដុល្លារ​ក្រោយ​៣​ឆ្នាំ​​កន្លះ ដោយ​សារ​ញ៉ាំ​ដំឡូង និង​ម្នាស់

  • 2021-03-15 05:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​មិត្ត​រួម​ការងារ​ទាំង​អស់ រក​តែ​ប្រាក់​ខែ​ចាយ​ឲ្យ​តែ​គ្រប់​ខែ​មិន​បាន​នោះ នារី​វ័យ​ក្មេង​រូប​នេះ បាន​សល់​លុយ​មួយ​ចំនួន​ដែល​អ្នក​វ័យ​ស្របាល​គ្នា​មិន​ដែល​ហ៊ាន​គិត​ដល់។

រឿងរ៉ាវ​ចាយ​វាយ​សន្សំសំចៃ មិន​ញ៉ាំ​បាយ​ហាង មិន​ទិញ​របស់​ប្រេន ហើយ​សល់​លុយ​ជាង​១០​ម៉ឺន​ដុល្លារ​របស់​នារី​វ័យ ២៦​ឆ្នាំ ឈ្មោះ Jeraldine Phneah មក​ពី​ប្រទេស​សាំងហ្គាពួរ​បាន​ធ្វើ​ឲ្យ​យុវវ័យ​ភ្ញាក់​ខ្លួន​ព្រើត។

រៀបរាប់​ពី តិចនិក​ក្នុង​ការ​សន្សំ​របស់​ខ្លួន ស្ត្រី​រូប​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​មិន​ទិញ​អ្វី​ទាំង​អស់ ប្រសិន​បើ​វា​មិន​ចាំ​បាច់។ សម្រាប់​របស់របរ​ប្រើប្រាស់​ឯកជន​វិញ នាង​មិន​ដែល​ទិញ​ឲ្យ​លើស​ពី​៥០​ដុល្លារ​ឡើយ។ នៅ​ក្នុង​ផ្ទះ​​របស់​ខ្លួន នារី​កើត​ឆ្នាំ ១៩៩៤ មិន​មើល​ទូរទសស្សន៍ ហើយ​ម៉ាស៊ីន​ត្រជាក់​វិញ​បើក​តែ​ខែ​ក្ដៅ​ខ្លាំង​ប៉ុណ្ណោះ។ សូម្បី​តែ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន ដែល​គេ​តែង​ទិញ​ខោអាវ​ថ្មី​នោះ ក៏​នាង​មិន​ដាក់​ភ្នែក​មើល​ដែរ។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ដើម្បី​កុំ​ឲ្យ​ខ្លួន​ឃ្លាន និង​ទិញ​របស់​ដែល​គេ​​ Sponsor លើ​បណ្ដាញ​សង្គម​នោះ នាង​ថែម​ទាំង​បាន​ Block ស្ប៉ត​ទាំង​អស់​នោះ​នៅ​លើ​កុំព្យូទ័រ​របស់​ខ្លួន​ទៀត​ផង។ សម្រាប់​អាហារ​ថ្ងៃ​ត្រង់​វិញ ខុស​ពី​មិត្ត​រួម​ការងារ​ដែល​តែងតែ​ចេញ​ទៅ​បាយ​ហាង​នោះ នាង​ស្ងោរដំឡូង និង​ម្នាស់​មក​ញ៉ាំ​ជា​ប្រចាំ​ដើម្បី​សន្សំ​លុយ​បាយ​ថ្ងៃ​ត្រង់។ លុយ​៧០​%​របស់​នាង គឺ​ត្រូវ​បាន​វិនិយោគ​លើ​ភាគហ៊ុន។ នេះ​គឺ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​ក្នុង​រយៈ​តែ​៣​ឆ្នាំ​កន្លះ នាង​អាច​សល់​លុយ​ដល់​១០​ម៉ឺន​ដុល្លារ តួរលេខ​ដែល​អ្នក​មាន​វ័យ​ស្មើ​គ្នា បាន​ត្រឹម​ស្រមៃ។

សូម្បី​តែ​អាពាហ៍ពិពាហ៍​របស់​នាង ក៏​សន្សំសំចៃ​ដូច​គ្នា​ដោយ នាង​ទិញ​ផ្កា​ពី​ហាង​មិន​ល្បី​ឈ្មោះ និង​ទៅ​ក្រេប​ទឹក​ឃ្មុំ​នៅ​ប្រទេស​វៀតណាម។ ជា​ធម្មតា សម្រាប់​ផ្ទះ​ដែល​មាន​៣​បន្ទប់​នៅ​សាំងហ្គាពួរ ថ្លៃ​ទឹក​ភ្លើង​ត្រូវ​ចំណាយ​ជា​មធ្យម​ ១៣០​ដុល្លារ​ក្នុង​១​ខែ តែ​ផ្ទះ​នាង​ប្រើ​អស់​តែ ៥០​ដុល្លារ​ប៉ុណ្ណោះ គឺ​ទាប​ជាង​គេ​ដល់​ទៅ​ជាង​ពាក់​កណ្ដាល៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម