មកស្គាល់ស្ត្រីកម្ពុជាដ៏អស្ចារ្យម្នាក់ ក្នុងវិស័យការពារជាតិជាមួយឆន្ទៈអង់អាចក្លាហាន

  • 2021-03-12 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីនៅកម្ពុជា បានចុះផ្សាយនៅថ្ងៃនេះ ដែលបានណែនាំឱ្យស្គាល់ សមភាគីកម្ពុជាដ៏អស្ចារ្យរបស់យើង គឺ វរសេនីយ៍ទោ សុខាន កន្និកា ជាប្រធានការិយាល័យបណ្តុះបណ្តាល និងផែនការមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា នៃកងយោធពលខេមរភូមិន្ទកម្ពុជា របស់សាកលវិទ្យាល័យការពារជាតិ។ សេនីយ៍ទោ កន្និកា ធ្វើការយ៉ាងជិតស្និទ្ធជាមួយផ្នែកការពារជាតិរបស់ស្ថានទូត ជាអ្នកនាំមុខខាងការអប់រំវគ្គបណ្តុះបណ្តាលភាសាអង់គ្លេស ដែលឧបត្ថម្ភដោយកម្មវិធីសហប្រតិបត្តិការការពារជាតិអូស្ត្រាលី នៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងភាសា។

ប្រភពរូបថត៖ ស្ថានទូតអូស្ត្រាលីនៅកម្ពុជា

វរសេនីយ៍ទោ កន្និកា ជឿជាក់ថា ការអប់រំគឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេស។ ក្នុងតួនាទីនាពេលបច្ចុប្បន្ននេះ វរសេនីយ៍ទោ កន្និកា គាំទ្រគ្រូបង្រៀន បុគ្គលិក និងនិស្សិតដទៃទៀត ដើម្បីប្រាកដថាការអប់រំភាសារបស់កងយោធពលខេមរភូមិន្ទកម្ពុជា មានប្រសិទ្ធភាពខ្ពស់។វរសេនីយ៍ទោ កន្និកា បានចំណាយពេលជាច្រើនឆ្នាំនៅប្រទេសអូស្រ្តាលី ក្នុងឋានៈជាមន្ត្រីគាំទ្រកម្ពុជា នៅមជ្ឍមណ្ឌលបណ្តុះបណ្តាលអន្តរជាតិការពារជាតិអូស្ត្រាលី (DITC - Defence International Training Centre) នៅទីក្រុងមែលប៊ន បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកភាពជាអ្នកដឹកនាំ និងគ្រប់គ្រងការអប់រំ នៅសាកលវិទ្យាល័យ Wollongong ( UOW: University of Wollongong, Australia)។ វរសេនីយ៍ទោក៏ទទួលបានអនុបណ្ឌិតផ្នែកអប់រំ ជំនាញក្នុងការបង្រៀនភាសាអង់គ្លេសដល់អ្នកនិយាយភាសាផ្សេង​ (TESOL) ពីសាកលវិទ្យាល័យនេះដែរ។

ស្ថានទូតអូស្ត្រាលីនៅកម្ពុជាបានសរសេរបន្តថា៖ យើងមានមោទនភាព ចាត់ទុកគាត់ទាំងជា សមភាគី និងអតីតនិស្សិតអូស្ត្រាលីដ៏មានកិត្តិយស។

ប្រភព៖ Australian Embassy ប្រែ​សម្រួល៖ ពៅ រក្សា

អត្ថបទពេញនិយម