រឿងរ៉ាវចាំបាច់ដែលមនុស្សស្រីគួរដឹង មុននឹងគ្រងឈុតរៀបការដ៏ស្រស់ស្អាតនៅក្នុងជីវិត
- 2021-03-07 13:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវចាំបាច់ដែលមនុស្សស្រីគួរដឹង មុននឹងគ្រងឈុតរៀបការដ៏ស្រស់ស្អាតនៅក្នុងជីវិត
ការរៀបអាពាហ៍ពិពាហ៍ មិនមែនជារឿងដែលអ្នកត្រូវសម្រេចចិត្តត្រឹមរយៈពេលមួយយប់ ២-៣ ថ្ងៃ ឬសម្រេចចិត្តពេលដែលសប្បាយរីករាយមួយគ្រានោះឡើយ។ មានរឿងរ៉ាវជាច្រើន ដែលត្រូវយកមកត្រិះរិះពិចារណាច្បាស់លាស់ ស្ទាបស្ទង់ចិត្តគំនិត ដឹងពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក មុននឹងចាប់ផ្តើមបន្តទៅកម្រិតមួយទៀតដែលហៅថា "ជីវិតគូ”។
ឈុតរៀបការដ៏ប្រណិត ដែលនារីគ្រប់រូបប្រាថ្នាចង់គ្រងក្នុងថ្ងៃពិសេស អាចកែប្រែអ្នកទៅជាព្រះនាងក្នុងរយៈពេលមួយថ្ងៃ ប៉ុន្តែបន្ទាប់ពីនេះ អ្នកក៏ត្រូវដឹងពីការពិតនៃជីវិត ដើម្បីរក្សាសុភមង្គលបានជាប់លាប់គង់វង្សយូរអង្វែង។
មុននឹងគ្រងឈុតរៀបការ កូនស្រីត្រូវចាំថា ភាពផ្អែមល្ហែមមិនមែនអាចនៅឋិតថេរដូចជាគ្រាដំបូងឡើយ។ ការរំពឹងទុកខ្ពស់ពេក ការស្រមើស្រមៃប្រដូចទៅនឹងភាពរ៉ូមែនទិកក្នុងរឿងភាគ នឹងធ្វើឲ្យអ្នកខកបំណង ព្រោះនៅក្នុងជីវិតពិត គូស្នេហ៍រមែងតែងតែ មានការខ្វែងគំនិត មានជម្លោះ ប៉ះទង្គិចដូចចានក្នុងរាវ។ ក្រៅពីភាពល្អឥតខ្ចោះដែលអ្នកធ្លាប់នឹកគិតកន្លងមក គួរចេះត្រៀមខ្លួនឲ្យបានល្អ មានដំណោះស្រាយត្រឹមត្រូវសម្រាប់តតាំងយកឈ្នះរាល់បញ្ហាផ្សេងៗ។
មុននឹងគ្រងឈុតរៀបការ កូនស្រីកុំរំពឹងចាំឲ្យបុរសមកបំពេញចំណុចខ្វះខាតគ្រប់បែបយ៉ាង។ សំខាន់បំផុតត្រូវពង្រឹងសមត្ថភាពអាចពឹងពាក់លើខ្លួនឯង មិនមែនក្នុងន័យអាត្មានិយម ឬមិនគោរពឲ្យតម្លៃដៃគូនោះទេ ប៉ុន្តែវាបង្ហាញពីភាពរឹងមាំ ដែលមនុស្សស្រីអាចយល់និងមើលថែរក្សាខ្លួនឯងបាន ក្នុងកាលៈទេសៈដែលគ្មានវត្តមានរបស់ដៃគូនៅក្បែរ។
មុននឹងគ្រងឈុតរៀបការ កូនស្រីត្រូវចេះស្វែងយល់ពីក្រុមគ្រួសាររបស់ដៃគូឲ្យបានល្អ។ ការបង្ហាញពីក្តីបារម្ភយកចិត្តទុកដាក់ ការចេះសម្របខ្លួនបត់បែន ទៅតាមទំនៀមទម្លាប់ខុសៗគ្នានៃគ្រួសារនិមួយយៗ នឹងធ្វើឲ្យចំណងស្នេហ៍កាន់តែរឹងមាំ ទំនុកចិត្តចំពោះគ្នាក៏កាន់តែស៊ីជម្រៅ។
មុននឹងគ្រងឈុតរៀបការ កូនស្រីត្រូវចាំថា អាពាហ៍ពិពាហ៍មិនមែនជាចំណុចដែលត្រូវបញ្ចប់ក្តីស្រមៃរបស់ខ្លួនឡើយ។ ត្រូវបន្តឲ្យដល់គោលដៅដែលបានកំណត់ទុក និងសុំកម្លាំងចិត្តបន្ថែមពីដៃគូទើបប្រសើរ។
មុននឹងគ្រងឈុតរៀបការ កូនស្រីត្រូវចេះទាំងការងារក្រៅផ្ទះនិងការងារក្នុងផ្ទះ ដូចជាគ្រប់គ្រងលុយកាក់ឲ្យបានសមគួរ ទុកដាក់ប្រៀនប្រដៅកូនចៅឲ្យបានល្អ ទើបអាចបង្កើតភាពរុងរឿងនៅក្នុងគ្រួសារ៕
ចុចអានបន្ត៖ អាថ៌កំបាំង ៥ ធ្វើឲ្យនារីមិនមែនជាមនុស្សគួរឲ្យធុញទ្រាន់ ក្នុងក្រសែភ្នែកបុរស