៦៤ ​ថ្ងៃ​ដែល​នៅ​សេសសល់​របស់​ឪពុក​ម្ដាយ​អ្នក​

  • 2021-03-04 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជីវិត​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​កាន់តែ​រវល់ ធ្វើ​ឲ្យ​ពេល​វេលា​ដែល​កូន​ៗ​បាន​នៅ​ជាមួយ​អ្នក​មាន​គុណ​កាន់​តែ​តិច ប្រការ​នេះ​ដែរ​បាន​ធ្វើ​ឲ្យ​គេ​គណនា​ឃើញ​ថា ចំនួន​ថ្ងៃ​ដែល​នៅ​សេសសល់​សម្រាប់​កូន​ម្នាក់​ៗ​អាច​នៅ​ក្បែរ​អ្នក​មាន​គុណ​របស់​ខ្លួន​គឺ​តិច​បំផុត។

នៅ​លើ​បណ្ដាញ​សង្គម​ចិន​ កំពុង​តែ​ទាក់ទាញ​ចំណាប់អារម្មណ៍​បាន​ជា​ខ្លាំង​ក្រោយ​ពេល​គណនា​ឃើញ​រយៈ​ពេល​ដែល​អ្នក​អាច​នៅ​ក្បែរ​អ្នក​មាន​គុណ​របស់​ខ្លួន​ដូច​តទៅ៖ ប្រសិន​បើ​ពេល​ចូល​ឆ្នាំ អ្នក​ទៅ​ផ្ទះ​៧​ថ្ងៃ និង​ចំណាយ​ពេល​ច្រើន​បំផុត​១១​ម៉ោង​ដើម្បី​ជជែក​គ្នា។ ហើយ​បើ​ឪពុក​ម្ដាយ​អ្នក​អាយុ​៦០​ឆ្នាំ ហើយ​ពួក​គាត់​អាច​រស់​ដល់​៨០​នោះ អ្នក​មាន​ពេល​តែ​១៥៤០​ម៉ោង​នៅ​ក្បែរ​គាត់​ប៉ុណ្ណោះ ដែល​ស្មើ​នឹង​រយៈ​ពេល ៦៤​ថ្ងៃ​ដ៏​តិច​តួច​បំផុត។

ទោះ​បី​ជា​ការ​គណនា​នេះ​មិន​អាច​ត្រឹម​ត្រូវ​សម្រាប់​មនុស្ស​គ្រប់​រូប​ក៏​ដោយ តែ​តួលេខ​៦៤​ថ្ងៃ​នេះ អាច​ត្រូវ​ជាមួយ​មនុស្ស​ភាគ​ច្រើន។ ការ​លើក​ឡើង​នេះ​ក៏​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា​ពេល​វេលា​រវាង​កូន​ចៅ និង​ឪពុក​ម្ដាយ​នៅ​ជាមួយ​គ្នា​ កាន់​តែ​តិច​ទៅ​ៗ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។

ការ​ស្ទង់​មតិ​មួយ​នៅ​ប្រទេស​ចិន​ សម្រាប់​មនុស្ស​អាយុ​ចាប់​ពី ២៥ ដល់​៥០​ឆ្នាំ បង្ហាញ​ឲ្យ​ឃើញ​ថា៖ ៦៣%​ នៃ​ពួក​គេ​ជួប​អ្នក​ផ្ទះតិច​ជាង ៣​ដង​ក្នុង​១​ឆ្នាំ។ ជា​មធ្យម​នឹង​ចំណាយ ៧៨​ម៉ោង​ក្បែរ​ពួក​​គេ​មាន​ន័យ​ថា នៅ​ក្បែរ​តែ ៣​ថ្ងៃ និង​៦​ម៉ោង​ប៉ុណ្ណោះ។

អ្នក​កាសែត Jie Shu Man បាន​លើក​ឡើង​ថា៖ ខ្ញុំ​ជឿជាក់​ថា​កូន​ៗ​ជា​ច្រើន​ពិត​ជា​ចង់​ធ្វើ​ជា​កូន​កត្តញ្ញូ តែ​ដោយ​សារ​សម្ពាធ​សង្គម​ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​បំពេញ​កាតព្វកិច្ច​នេះ​បាន​ពេញ​លេញ​ឡើយ។ រយៈ​ពេល​ក្នុង​ជីវិត​របស់​អ្នក​នៅ​វែង តែ​រយៈ​ពេល​របស់​អ្នក​មាន​គុណ​ មិន​នៅ​ច្រើន​ទេ។ ប្រសិន​បើ​អ្នក​មាន​នៅ​ម៉ាក់ប៉ា តែ​គ្មាន​ពេល​នៅ​ក្បែរ​គាត់​ សូម​ឲ្យ​អ្នក​យ៉ាង​ហោច​ណាស់​ក៏​អាច​ទូរសព្ទ​ទៅ​និយាយ​ជាមួយ​គាត់​ដែរ៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម