មូលហេតុ​ធ្វើ​ឲ្យ Ng Man Tat និង Chow Yun Fat មិន​មើលមុខ​គ្នា​១០​ឆ្នាំ តែ​ចុង​ក្រោយ​ទើប​ដឹង​ជំពាក់គុណ

  • 2021-03-03 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កំពូល​តារា​សម្ដែង​ប្រុស​ហុងកុង Chow Yun Fat និង Ng Man Tat ចាប់​ដៃ​គូ​គ្នា​តាំង​ពី​ទើប​ចូល​សិល្បៈ តែ​ដោយ​សារ​ទំនាស់​លុយ​កាក់​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​២​មើល​មុខ​មិន​ចំ​អស់​មួយ​ទសវត្ស។

នៅ​ថ្ងៃ​តារា​សម្ដែង​ជើង​ចាស់​ហុងកុង Ng Man Tat លា​ចាក​លោក តារា​សម្ដែង​ប្រុស​ចាស់​វស្សា Chow Yun Fat បាន​ចែក​រំលែក​ទុក្ខ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ បង Tat សូម​ឲ្យ​ទៅ​ដល់​ឋាន​សុគតិភព។ បណ្ដាញ​ព័ត៌មាន Apple Daily បាន​ឲ្យ​ដឹង​ថា តួ​រឿង​ស្ដេច​ល្បែង​ទប់​ជំហរ​មិន​នឹង​ពេល​ឮ​ដំណឹង​មួយ​នេះ។ ទោះ​បី​ជា​​សិល្បករ​ទាំង​២​មាន​ភាព​ជិត​ស្និទ្ធិ​គ្នា​មែន​ពិត ប៉ុន្តែ​មិន​មែន​អ្នក​ណា​ក៏​ដឹង​ថា អ្នក​ទាំង​២​ធ្លាប់​មាន​ពេល​មិន​មើល​មុខ​គ្នា​១០​ឆ្នាំ​នោះ​ឡើយ។ តាម​នោះ​ដែរ អ្នក​ទាំង​២​ចាប់​ផ្ដើម​ស្គាល់​គ្នា​នៅ​ឆ្នាំ ១៩៧៣ ដោយ​សារ​ចូល​រៀន​វគ្គ​សម្ដែង​នៅ​ប៉ុស្តិ៍ TVB ជាមួយ​គ្នា។ ដោយ​សារ​តែ​មាន​អាយុ​ខុស​គ្នា ៤​ឆ្នាំ ទើប Chow Yun Fat ហៅ Ng Man Tat ថា​បង Tat ដើម្បី​សម្ដែង​ការ​គោរព​សម្រាប់​លោក។

នៅ​ពេល​ទើប​ចាប់​ផ្ដើម​ចូល​សិល្បៈ Ng Man Tat មាន​ភាព​ល្បី​លឿន​ជាង ដោយ​ខណៈ​លោក​មាន​គេ​ស្គាល់​ច្រើន​ហើយ​នោះ​ Chow Yun Fat នៅ​កំពុង​ស្វែង​រកឱកាស​នៅ​ឡើយ។ រហូត​ដល់​ឆ្នាំ ១៩៨០ នៅ​ពេល​សម្ដែង​តួឯក​ក្នុង​រឿង The Bund, Chow Yun Fat បាន​ក្លាយ​ជា​តារា​ជួរ​មុខ​ក្នុង​តែ​មួយ​ប៉ព្រិច​ភ្នែក។

ផ្ទុយ​ស្រឡះ​ពី​គ្នា ខណៈ​រៀម​ប្អូន​ខំប្រឹង​សន្សំលុយ​ពេល​កំពុង​ល្បី​ឈ្មោះ​នោះ រៀម​ច្បង​បែរ​ជា​វក់​នឹង​ល្បែង​ស្រី​ស្រា។ នៅ​ក្នុង​កំឡុង​ពេល​រស់​នៅ​កោះ​តៃ​វ៉ាន់ តួ​រឿង គុងហ៊្វូសៅលិញ បាន​ជំពាក់​គេ​ឡើង​ដល់ ៣០​ម៉ឺន​ដុល្លារ។ ដោយ​សារ​តែ​ទាល់​ច្រក​ខ្លាំង​ពេក លោក​បាន​មក​សុំ​ខ្ចី​លុយ Chow Yun Fat ដែល​ពេល​នេះ​​គឺ​ជា​កំពូល​តារា​ទៅ​ហើយ។ គួរ​ឲ្យ​សោកស្ដាយ​ប្រុស​ស្អាត​រូប​នេះ​ជូន​ទៅ​លោក​តែ​ពាក្យ​មួយ​ឃ្លា​គឺ៖ សូម​ដោះ​ស្រាយ​បញ្ហា​ដោយ​ខ្លួន​ឯង។

“នៅ​ពេល​នោះ​ខ្ញុំ​ខឹង​ខ្លាំង​ណាស់ បាន​កាត់​ផ្ដាច់​ទំនាក់ទំនង​ភ្លាម​ៗ។ សម្ដី​ដ៏​មុត​ស្រួច​នោះ បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្ទើរ​តែ​សម្លាប់​ខ្លួន តែ​ខ្ញុំ​កំសាក មិន​សម្លាប់​ខ្លួន” Ng Man Tat នឹក​ឡើង​វិញ។ ឆ្នាំ ១៩៩៤ រឿង A Moment of Romance បាន​ទាក់ទង​ទៅ​តារា​កើត​ឆ្នាំ ១៩៥៣ ឲ្យ​សម្ដែង​ក្នុង​វណ្ណកម្មរបស់​ខ្លួន។ មួយ​ឆ្នាំ​ក្រោយ​មក Ng Man Tat ឈ្នះ​ពាន​តារា​សម្ដែង​រង​ឆ្នើម​បំផុត​សម្រាប់​ស្នាដៃ​នេះ។ នៅ​ពេល​ទទួល​រង្វាន់ ស្ដេច​ល្បែង ក៏​បាន​ជូន​ពរ​លោក​ដែរ តែ​លោក​ធ្វើ​ហី។

“Chow Yun Fat ជា​អ្នក​ណែនាំ​លោក​ឲ្យ​ខ្ញុំ បើ​គ្មាន Chow Yun Fat ក៏​គ្មាន​លោក​ដែរ” អ្នក​ដឹក​នាំ​រឿង​ខាង​លើ​បង្ហើប​ប្រាប់​តារា​រូប​នេះ ក្រោយ​កម្មវិធី​ប្រគល់​រង្វាន់​ចប់។ នៅ​ពេល​នេះ​​តួ​រឿង តុលាការ​មុខ​ដែក​ភ្ញាក់​ព្រើត ដែល​អ្នក​ខ្លួន​មិន​អើ​ពើ​នឹង​អ្នក​មាន​គុណ​របស់​ខ្លួន។ ការ​ពិត​ត្រូវ​លាត​ត្រដាង ចំណង​មិត្តភាព​អ្នក​ទាំង​២​ក៏​ភ្ជាប់​វិញ។ រឿង All About Ah Long គឺ​ជា​រឿង​អ្នក​ទាំង​២​ថត​រួម​គ្នា​វិញ។

រំលឹក​ឡើង​វិញ Ng Man Tat បាន​គិត​ឡើង​វិញ​ថា ពេល​នោះ ការ​បដិសេធ​របស់ Chow Yun Fat ប្រៀប​ដូច​ជា​ការ​ដាស់​តឿន​ដល់​​លោក ត្បិត​បើ​លោក​នៅ​តែ​ខ្ចី​បាន មាន​ន័យ​ថា លោក​មិន​អាច​ដក​ខ្លួន​ចេញ​បាន​ឡើយ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel