ដឹកម្ហូបទៅកន្លែងលក់ឡាន អ្នកដឹកជញ្ជូនសម្រេចទិញឡានថ្មីតែម្ដង
- 2021-02-26 02:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹកម្ហូបទៅកន្លែងលក់ឡាន អ្នកដឹកជញ្ជូនសម្រេចទិញឡានថ្មីតែម្ដង
ឃើញឡានស្អាតពេកនៅ Showroom លក់ឡាន អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ បានសម្រេចចិត្តយកឡានថ្មីមួយភ្លាម ដោយមិនបានគិតគូរយូរ។
ហេតុការណ៍ខាងលើបានកើតឡើង កាលពីថ្ងៃទី ២២ ខែកុម្ភៈកន្លងទៅនេះ នៅ Showroom លក់ឡានមួយកន្លែងនៅខេត្ត Shenzhen ប្រទេសចិន។ តាមវីដេអូកាមេរ៉ាសុវត្ថិភាពផ្ដិតបាន បុគ្គលិកលក់រថយន្តម្នាក់ បានកម្ម៉ង់ទិញម្ហូបពីកម្មវិធីទូរសព្ទមួយ ក្រោយពេលទទួលបានម្ហូបអាហារ បុគ្គលិករូបនេះ បានយួរថង់ដើរចេញ។ ប៉ុន្តែដើរមិនទាន់បានប៉ុន្មានជំហានផង អ្នកដឹកម្ហូបរូបនេះ បានស្រែកសួរពីព័ត៌មានឡាន។
ក្រោយពេលឃើញដូចនេះ បុគ្គលិកខាងលើបានទម្លាក់ម្ហូបចុះយ៉ាងលឿន ហើយអញ្ជើញបុរសដឹកម្ហូបនេះ សាកឡានភ្លាមៗ។ ក្រោយពេលសាកសួរ និងសាកឡានបានបន្តិច បុរសដឹកអាហារ បានសម្រេចចិត្តចុះកិច្ចសន្យា ទិញឡានតែម្ដង។ ក្រោយពេលវីដេអូត្រូវបានចែកចាយទូលំទូលាយ មនុស្សជាច្រើន បានលាន់មាត់ថា ឃើញសាមញ្ញក៏ពិតមែន តែតាមការពិត អ្នកដឹកជញ្ជូនអាហាររកចំណូលបានមិនតិចឡើយ។
ក្រៅពីនេះ សកម្មភាពប្រកបដោយវិជ្ជាជីវៈរបស់បុគ្គលិកលក់ឡាន ក៏ត្រូវបានសរសើរជាខ្លាំង ដោយគ្រាន់តែឃើញបុរសដឹកជញ្ជូនអាហារចង់ទិញឡានភ្លាម រូបគេបានទម្លាក់ម្ហូបមកផ្ដល់យោបល់យ៉ាងលឿន៕