រឿង​ ២​យ៉ាង​ដែល​មនុស្ស​ស្រី​កាន់​តែ​រត់​តាម​ កាន់​តែ​វេទនា គ្មាន​ថ្ងៃ​ស្រាកស្រាន្ត

  • 2021-02-24 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

មាន​ពេល​ខ្លះ រត់​តាម​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ មិន​បាន​ធ្វើ​ឲ្យ​ជីវិត​អ្នក​មាន​ក្ដី​សុខ​ឡើយ ដោយ​មាន​តែ​​ធ្វើ​ឲ្យ​ហត់​នឿយ​លើស​ដើម នៅ​ពេល​មិន​ទទួល​បាន​លទ្ធផល​ដែល​ខ្លួន​បាន​ដាក់​ចេញ​មក។ ខាង​ក្រោម​​នេះ​ គឺ​ជា​រឿង​២​យ៉ាង​ដែល​បើ​មនុស្ស​ស្រី​កាន់តែ​ដេញ​តាម កាន់​តែមាន​ទុក្ខ។

១. បុណ្យស័ក្ដិ

នៅ​ក្នុង​សង្គម​នេះ បើ​ថា​អ្នក​ណា​មួយ មិន​ចង់​បាន​បុណ្យស័ក្ដិ កិត្តិយស តំណែង​អ្វី​មួយ ប្រាកដ​ជា​និយាយ​ថា​កុហក​មិន​ខាន។ លុយ​កាក់​ ទ្រព្យ​សម្បត្តិ នឹង​ជួយ​ឲ្យ​ជីវិត​មនុស្ស​ធូរ​ស្បើ​យ​ជាង​មុន។ ការ​រក​លុយ​ដោយ​ចេះ​គិត និង​មាន​កម្រិត នឹង​ជួយ​ឲ្យ​អ្នក​មាន​ជីវភាព​មាន​ក្ដី​សុខ។ យ៉ាងណាក្ដី​ ប្រសិន​បើ​​មនុស្ស​ស្រី​រត់​តាម​តែ​លុយ និង​បុណ្យ​ស័ក្ដិ ដោយ​មិន​គិត​សុខ​ទុក្ខ​ខ្លួន​ឯង ឬ​ត្រូវ​ធ្វើ​ការ​រហូត​ដល់​ដុនដាប​សុខភាព​ ដើម្បី​​រក​លុយ​នោះ សួរ​ថា​នៅ​មាន​ន័យ​អ្វី​ទៀត។ ធ្វើ​យ៉ាង​ម៉េច​ក៏​ដោយ កុំ​ឲ្យ​ពាក្យ​គេ​ថា គ្រែ​ដែល​ថ្លៃ​បំផុត គឺ​គ្រែ​ពេទ្យ​ឲ្យ​សោះ។ បុណ្យ​ស័ក្ដិ កិត្តិយស​អ្នក​ណា​ក៏​ចង់​បាន តែ​សូម​រក​តាម​ការ​គួរ កុំ​រត់​តាម​ទាំង​បិទ​ភ្នែក​ឲ្យ​សោះ។

២. ប្ដី​ល្អ​ឥត​ខ្ចោះ

មិន​ថា​សម័យ​ណា​ក៏​ដោយ ប្ដី​ល្អ​ឥត​ខ្ចោះ​គឺ​គ្មាន​ឡើយ។ តាម​ការ​ពិត សួរថា​មនុស្ស​ស្រី​រូប​ណា​មិន​ចង់​បាន​សុភមង្គល​នោះ តែ​លើ​លោក​នេះ​ គ្មាន​ឡើយ​មនោសញ្ចេតនា​ដែល​ល្អ​គ្រប់​ដប់ មាន​តែ​ស្នេហា​ដែល​ចេះ​យិតយោង​គ្នា ដើម្បី​បន្ត​ទៅ​មុខ។ មុន​ពេល​ជ្រើស​យក​ដៃ​គូ​ជីវិត អ្នក​ណា​ក៏​នឹង​ព្យាយាម​​ស្វែង​រក​មនុស្ស​ដែល​ស័ក្ដិសម​នឹង​គ្នា​គ្រប់​យ៉ាង​សម្រាប់​ខ្លួន។ តែ​បើ​អ្នក​រត់​តាម​ប្រភេទ​មនុស្ស​បែប​នេះ ទី​១​គឺ​អ្នក​អាច​នឹង​នៅ​លីវ​មួយ​ជីវិត ព្រោះ​គ្មាន​មនុស្ស​បែប​នេះ​ឡើយ​លើ​លោក រីឯ​ទី​២​នោះ អ្នក​នឹង​ស្រងាក​ចិត្ត ត្បិត​គ្រា​ដំបូង គេ​អាច​ល្អ​គ្រប់​១០​មែន តែ​មិន​យូរ មិន​ឆាប់​គេ​ក៏​ធ្លោយ​កន្ទុយ​ចេញ​ជាក់​ជា​មិន​ខាន។ ដូច​នេះ​ហើយ ប្រសិន​បើ​ត្រូវ​គ្នា​ត្រឹម​៥​ឡើង អាច​គិត​គូរ​វែង​ឆ្ងាយ​បាន​ហើយ ឲ្យ​តែ​​ចេះ​យោគយល់​គ្នា​ទៅ​ថ្ងៃ​ខាង​មុខ​៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel