ស្រ្តីជោគជ័យ ៤ រូប ចែករំលែកគន្លឹះមាស ដើម្បីឆ្ពោះឲ្យដល់គោលដៅមិនរាថយ
- 2021-02-20 06:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រ្តីជោគជ័យ ៤ រូប ចែករំលែកគន្លឹះមាស ដើម្បីឆ្ពោះឲ្យដល់គោលដៅមិនរាថយ
នៅពេលមានឱកាសបានឭនូវការចែករំលែកគន្លឹះសំខាន់ៗ ពីស្រ្តីជោគជ័យល្បីៗ អ្នកគួរងាកមកចាប់អារម្មណ៍និងស្ដាប់ដោយយកចិត្តទុកដាក់។ ស្រ្តីជោគជ័យទាំងអស់ គ្មានអ្វីខុសគ្នាជាមួយមនុស្សស្រីទូទៅឡើយ ប៉ុន្តែអ្វីដែលជាចំណុចពិសេសនោះគឺ ពួកគេមានការប្តេជ្ញាចិត្ត រួមទាំងកម្លាំងចិត្តខ្លាំងខុសពីអ្នកដទៃ។ បញ្ចេញសកម្មភាពប៉ុន្តែខ្វះទ្រឹស្តី នៅមិនទាន់គ្រប់គ្រាន់ទេ ដូច្នេះគួរស្វែងយល់ពីគំនិតល្អៗរបស់ស្រ្តីជោគជ័យល្បីៗទាំង ៤ រូប។
១. ផ្តល់កម្លាំងចិត្តឲ្យមនុស្សស្រីនៅជុំវិញខ្លួនអ្នក
និយាយដល់ចំណុចនេះ អ្នកស្រី Victoria Beckham ពិតជាយកចិត្តទុកដាក់ និងខិតខំធ្វើវាឲ្យបានល្អបំផុត។ បើក្រឡេកទៅមើលពីភាពជោគជ័យរបស់អ្នកស្រីវិញ គឺមានការជ្រោមជ្រែងយ៉ាងធំធេងពីមនុស្សស្រី ដូច្នេះហើយទើបបានជា អតីតតារាចម្រៀងនិងជាអ្នកច្នៃម៉ូដសម្លៀកបំពាក់រូបនេះ តែងតែរិះរកវិធីដើម្បីលើកទឹកចិត្តស្រីៗ ទាំងចំពោះរឿងការងារនិងរឿងផ្ទាល់ខ្លួន។
មុខជំនួញ ៣/៤ របស់អ្នកស្រី Victoria មានវត្តមានស្រ្តីរឹងមាំជាច្រើន ដែលជាអ្នកចាត់ចែងធ្វើឲ្យមានដំណើរការល្អ។ ចំណែកឯអ្នកខ្លះទៀត ត្រូវរវល់ជាមួយការងារផង គ្រួសារផង ហើយនៅតែអាចតាំងចិត្តមោះមុត រហូតទទួលបានលទ្ធផលមិនគួរឲ្យជឿ។ វាក៏ជាមូលហេតុមួយ ដែលនាំឲ្យអ្នកស្រី មានកម្លាំងចិត្តតស៊ូទ្វេដង។
Victoria Beckham បាននិយាយថា "កាលពីមុន មិនមែនមនុស្សស្រីទាំងអស់ សុទ្ធតែអាចសម្រេចក្តីសុបិនរបស់ខ្លួននោះទេ ប៉ុន្តែដរាបណាមានការគាំទ្រ ផ្តល់កម្លាំងចិត្តពីមនុស្សជុំវិញខ្លួន ទើបអាចជួយនាងឆ្ពោះទៅមុខបន្ត”។ "ចូរធ្វើជាមនុស្សស្រី ពោរពេញដោយភាពវៃឆ្លាត មានគំនិតចាស់ទុំ មិនច្រណែនឈ្នានីសគ្នា ប៉ុន្តែចេះជួយគ្នាទៅវិញទៅមកទើបជារឿងប្រពៃ" អ្នកស្រីបន្ត។
២. ក្តោបក្តាប់មហិច្ឆតារបស់ខ្លួន
Tory Burch ដែលជាមនុស្សស្រីជោគជ័យផ្នែកជំនួញម៉ាកយីហោដ៏ល្បី បានកំណត់គោលដៅ និងមានចក្ខុវិស័យច្បាស់លាស់ ដើម្បីដើម្បីជំរុញទឹកចិត្តខ្លួនឯង។
ស្របពេលជាមួយគ្នា អ្នកស្រីមិនក៏មិនដែលគិតចង់បោះមហិច្ឆតាផ្ទាល់ខ្លួន រួមទាំងការគោរពឲ្យតម្លៃចំពោះអ្នកដទៃនោះដែរ។ ទោះបីពាក្យថា "មហិច្ឆតា” និយាយចំពោះនារី ស្តាប់ទៅហាក់បីដូចជាអវិជ្ជមានបើប្រៀបធៀបទៅនឹងបុរស ឬអាចធ្វើឲ្យអ្នកខ្វះភាពក្លាហាននឹងបញ្ចេញមកខាងក្រៅ។ យ៉ាងណាមិញ គ្មានរឿងអ្វីគួរឲ្យលាក់បាំងទេ ព្រោះមនុស្សស្រីរឹងមាំ មានគោលដៅក្នុងជីវិត តែងមានមហិច្ឆតាជាប់ខ្លួន។
៣. មិនចាំពឹងពាក់អ្នកដទៃតែមួយមុខ
អ្នកស្រី Sheryl Sandberg ដែលជាប្រធានប្រតិបត្តិការនៃក្រុមហ៊ុនហ្វេសប៊ុក បានលើកឡើងថា "រឿងដ៏គ្រោះថ្នាក់បំផុតរបស់មនុស្សស្រី គឺនៅពេលដែលនាង នៅស្ងៀមមិនព្រមធ្វើអ្វីហើយរង់ចាំព្រះអង្គម្ចាស់មកជួយដូចក្នុងរឿងព្រេងនិទាន ដើម្បីអាចរស់នៅក្នុងជីវិតសុខស្រួល មានសុភមង្គលដោយពុំចាំបាច់នឿយហត់”។ គ្រប់យ៉ាងផ្ទុយពីការពិតទាំងស្រុង មនុស្សស្រីសម័យនេះ តែងចេះហក់លោតដោយខ្លួនឯង មិនដេកចាំពឹងពាក់តែលើកម្លាំងអ្នកដទៃ។ នាងប្រើប្រាស់សមត្ថភាពផ្ទាល់ខ្លួន នាងស្ដាប់គំនិតយោបល់មនុស្សជោគជ័យ នាងពិចារណារកខុសត្រូវ នាងអនុវត្ត និងមិនខ្លាចនូវភាពបរាជ័យ ព្រោះនាងចង់ស្គាល់ភាពជោគជ័យ ដែលចេញពីខ្លួនឯង។ នេះហើយជាសុភមង្គលពិត ដោយមិននៅទន្ទឹងរង់ចាំភាពស្រពិចស្រពិលពីនរណាម្នាក់ឡើយ។
៤. មិនបោះបង់ចោលដោយងាយៗ
អ្នកស្រី Maria Hatzistefanis ដែលជាម្ចាស់យីហោមានឈ្មោះល្បី Rodial និងជាអ្នកនិពន្ធសៀវភៅ ‘How To Be An Overnight Success’ (គួរធ្វើបែបណា ទើបអាចជោគជ័យត្រឹមរយៈពេល១យប់)។ ក្នុងសៀវភៅនោះដែរ អ្នកស្រី Maria បានចែករំលែកគន្លឹះសំខាន់ៗ សម្រាប់អ្នកចង់ទៅដល់គោលដៅ ត្រូវតែព្យាយាមបន្តដំណើរឲ្យដល់ទីបំផុត មិនថាពេលយប់ជ្រៅ ពេលព្រឹកព្រហាម ឬស្ថិតក្នុងកាលៈទេសៈយ៉ាប់យ៉ឺនយ៉ាងណាក៏ដោយ។ នៅលើផ្លូវដ៏វែងឆ្ងាយ ច្បាស់ណាស់ប្រាកដ ជាមានមនុស្សនៅចាំរិះគន់ បំបាក់ទឹកចិត្ត បង្អាក់ដំណើររារាំងអ្នក ប៉ុន្តែដាច់ខាតមិនត្រូវបោះបង់ចុះចាញ់ដោយងាយៗនោះទេ។
ចុចអានបន្ត៖ ធ្វើកិច្ចការតូចធំ មិនខ្លាចបរាជ័យ ដរាបណាអ្នកចេះពីវិធីសំខាន់ ៤ យ៉ាងនេះសិន