រៀនបង្កើតក្តីសុខ រៀនញញឹមដោយខ្លួនឯងរាល់ថ្ងៃ តាមវិធីទាំងនេះ
- 2021-02-15 02:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រៀនបង្កើតក្តីសុខ រៀនញញឹមដោយខ្លួនឯងរាល់ថ្ងៃ តាមវិធីទាំងនេះ
ក្នុងជីវិតរស់នៅប្រចាំថ្ងៃ មនុស្សគ្រប់រូបរមែងជួបប្រទះនូវបញ្ហាផ្សេងៗ ទទួលរងសម្ពាធខុសៗគ្នា ជាហេតុធ្វើឲ្យរងនូវឥទ្ធិពលអវិជ្ជមាន ប៉ះពាល់ដល់ផ្លូវអារម្មណ៍។ ការផ្លាស់ប្តូរទម្លាប់មួយចំនួន អាចនាំមកនូវក្តីសុខសុភមង្គលមកឲ្យខ្លួនឯង។ បន្ថែមពីនេះគួររៀនពីវិធីល្អៗ ដើម្បីបង្កើតភាពសប្បាយរីករាយ មានស្នាមញញឹម ពោរពេញដោយកម្លាំងថាមពលពេញលេញ មិនរារែកនឹងបញ្ហាតូចធំដែលកើតមានចំពោះមុខរាល់ថ្ងៃ។
១. ទុកពេលឲ្យខួរក្បាលបានសម្រាកខ្លះមុនពេលចូលគេង
សកម្មភាពមមាញឹកនៅពេលថ្ងៃ បានដាក់ភាពតឹងតែងមកឲ្យអ្នករួចហើយ។ ពេលខ្លះរហូតដល់ខកម៉ោងបាយផង អស់កម្លាំងកំហែងផង បណ្តាលឲ្យអ្នកស្ត្រេសដោយមិនដឹងខ្លួន។ ព្យាយាមអនុញ្ញាតឲ្យខួរក្បាល មានពេលសម្រាកលំហែខ្លះមុនពេលចូលគេង។ ថែរក្សាទាំងសុខភាពនិងសម្រស់ ស្តាប់បទចម្រៀងដែលអ្នកចូលចិត្ត បទភ្លេចស្រទន់ និងអាចបន្ថែមនូវទៀនក្រអូប ដើម្បីជួយឲ្យអារម្មណ៍កាន់តែស្រស់ថ្លា។
២. ឆ្លៀតពេលសម្អាតរៀបចំផ្ទះ
ពេលរវល់ជាមួយការងារខាងក្រៅច្រើនពេក អាចធ្វើឲ្យអ្នកមិនសូវមានពេលគ្រប់គ្រាន់ជាមួយនឹងការងារក្នុងផ្ទះ។ ខោអាវមិនទាន់បោកគក់ របស់របររប៉ាត់រប៉ាយ ធូលីកខ្វក់ ជាហេតុបណ្តាលឲ្យប៉ះពាល់ដល់អារម្មណ៍។ ហេតុនេះគួរឆ្លៀតពេលរៀបចំបន្តិចៗម្តង កាត់បន្ថតការពង្រាយនិងទុកកិច្ចការគរលើគ្នាយូរពេក។ បោសសម្អាត ប្រមែប្រមូលឥវ៉ាន់ដែលមិនប្រើប្រាស់ឬមិនចាំបាច់បោះចោល ក្នុងមួយអាទិត្យម្តង។ នៅពេលដែលផ្ទះសម្បែងមានអនាម័យ ស្រឡះល្អគួរឲ្យចង់រស់នៅ ចិត្តរបស់អ្នកក៏ស្រស់ស្រាយស្រឡះទៅតាមហ្នឹងដែរ។
៣. កត់ត្រាទុកនូវរឿងល្អៗដែលបានកើតឡើងចំពោះអ្នករាល់ថ្ងៃ
បញ្ហាស្មុគស្មាញទុកនៅមួយឡែកសិន ហើយជំនួសមកវិញដោយការផ្តោតអារម្មណ៍លើរឿងរ៉ាវល្អៗដែលបានកើតឡើ្ងចំពោះអ្នក។ កត់ត្រាទុករាល់ថ្ងៃ មុនពេលចូលគេង ប្រៀបបានដូចជាអ្នកកំពុងតែសន្សំគំនិតសុទិដ្ឋិនិយម និងអាចបង្កើតសុភមង្គលឲ្យខ្លួនឯងរៀងរាល់ថ្ងៃ ដោយពុំចាំបាច់ពឹងពាក់លើអ្នកដទៃនោះទេ។
៤. ហាត់ប្រាណ
ការហាត់ប្រាណបញ្ចេញញើស គឺជាវិធីដ៏ល្អដែលអាចជួយកាត់បន្ថយស្រ្តេស ភាពតានតឹងនានា បានយ៉ាងពិតប្រាកដ។ ទោះបីរវល់យ៉ាងណា ក៏ត្រូវមានពេលវេលាសម្រាប់ហាត់ប្រាណនៅផ្ទះ ឬដោយការដើរ រត់ ស្រូបយកខ្យល់អាកាសបរិសុទ្ធនៅខាងក្រៅកាន់តែល្អ។
៥. ញ៉ាំអាហារឆ្ងាញ់ៗ
ការញ៉ាំអាហារដែលមានជាតិផ្អែម និងមានរសជាតិឆ្ងាញ់ ជាពេលវេលាដែលអ្នកមានក្តីសុខបំផុត។ ថ្វីត្បិតអាហារឆ្ងាញ់ៗមួយចំនួនញ៉ាំច្រើនមិនល្អចំពោះសុខភាព ប៉ុន្តែមិនមែនមានន័យថាត្រូវជៀសឲ្យផុតនោះទេ។ អ្នកអាចញ៉ាំក្នុងបរិមាណសមរម្យល្មម ព្រោះសូម្បីតែរឿងតូចតាចបែបនេះ ក៏អាចធ្វើឲ្យអ្នកសប្បាយរីករាយបានដែរ។
៦. ចំណាយពេលវេលាជាមួយក្រុមគ្រួសារ
ក្រុមគ្រួសារ សាច់ញាតិ បងប្អូន ជាផ្នែកសំខាន់មួយដែលអាចជួយផ្តល់សុភមង្គល ស្នាមញញឹមសម្រាប់អ្នក។ យ៉ាងណាមិនគួរបណ្តោយឲ្យភាពរវល់នឹងការងារ មានឥទ្ធិពលដាក់គម្លាតឲ្យអ្នកនៅដាច់ឆ្ងាយពីទំនាក់ទំនងក្នុងគ្រួសារដាច់ខាត។ ចំណាយពេលញ៉ាំអាហារជុំគ្នា និយាយលេងជាមួយគ្នា ចែករំលែករឿងរ៉ាវទៅវិញទៅមក បង្កើតអនុស្សាវរីយ៍ល្អៗ។
៧. ផ្តល់អំណោយដល់ខ្លួនឯង
ដើម្បីជាការលើកទឹកចិត្ត ចំពោះលទ្ធផលអ្វីមួយដែលទទួលបានពីការខិតខំប្រឹងប្រែង អ្នកអាចទិញកាដូទុកជាអំណោយសម្រាប់ខ្លួនឯង។ ការធ្វើបែបនេះ អាចជួយអ្នកឲ្យមើលឃើញពីតម្លៃនៃភាពអំណត់តស៊ូ លះបង់ និងមានកម្លាំងចិត្តកាន់តែរឹងមាំ ក្នុងការបន្តដំណើរឆ្ពោះទៅមុខ ប្រកបដោយក្តីរីករាយ។