៦​ចំណុច​​ផ្ញើ​ជូន​​ខ្លួន​ឯង​ជា​ទី​ស្រលាញ់ (សម្រាប់​អ្នក​ត្រូវ​ការ​កម្លាំង​ចិត្ត)

  • 2021-02-13 13:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជូន​ចំពោះ​ខ្លួន​ឯង​ជា​ទី​ស្រលាញ់!

គ្មាន​ជីវិត​របស់​អ្នក​ណា​អាច​ដូច​បំណង​បាន​គ្រប់​យ៉ាង​នោះ​ទេ។ នៅ​ពេល​ជួប​រឿង​លំបាក​ រឿង​ដែល​ធ្វើ​ឲ្យ​កើត​ទុក្ខ ការ​ស្ដាប់​ពាក្យ​ណែនាំ លើក​ទឹក​ចិត្ត​ពី​អ្នក​ដទៃ​គឺ​ជា​រឿង​ល្អ ប៉ុន្តែ​អ្នក​ដែល​ជួយ​ដោះ​ទុក្ខ​ឲ្យ​ខ្លួន​យើង​បាន​ល្អ​បំផុត គឺ​មាន​តែ​យើង​ខ្លួន​ឯង​​នេះ​ហើយ។ ខ្ញុំ​ចង់​ប្រាប់​អ្នក (ខ្លួន​ឯង) ​ថា នៅ​ពេល​ជួប​រឿង​មិន​ល្អ សូម​សាក​ល្បង​អាន​អ្វី​ដែល​ខ្ញុំ​ផ្ញើ​ជូន​ខាង​ក្រោម​នេះ៖

១. កុំ​បារម្ភ គ្រប់​យ៉ាង​នឹង​ប្រសើរ​ឡើង

ទេវតា​តែង​មាន​យុត្តិធម៌​សម្រាប់​គ្រប់គ្នា​ជានិច្ច។ នៅ​ពេល​ណា​លោក​បិទ​ផ្លូវ​មួយ លោក​រមែង​បើក​ផ្លូវ​មួយ​ទៀត​ទុក​ឲ្យ​យើង​ហើយ។ មិន​ថា​បញ្ហា​លំបា​ក​កម្រិត​ណា វា​តែង​មាន​ដំណោះស្រាយ​ជា​និច្ច។ ត្រូវ​ជឿ​ថា ភ្លៀង​មិន​មែន​ធ្លាក់​លើ​យើង​តែ​ម្នាក់​ទេ នៅ​មាន​អ្នក​ដទៃ​ច្រើន​ទៀត​ដែល​អាច​ទទឹក​ភ្លៀង​ដូច​យើង​ដែរ។

២. កុំ​ខ្លាច មេឃ​មិន​រលំ​សង្កត់​យើង​ទេ

ដរាប​ណា​យើង​នៅ​មាន​ការ​តស៊ូ ជ័យជម្នះ​គឺ​ស្ថិត​ក្នុង​ដៃ​យើង​ពាក់​កណ្ដាល​បាត់​ទៅ​ហើយ។ បើ​យើង​ខ្លាច ចូរ​ហ៊ាន​ធ្វើ​នូវ​អ្វី​ដែល​យើង​ខ្លាច ទើប​ភាព​ភ័យ​ខ្លាច​នោះ​រលាយ​បាត់។ កុំ​ខ្លាច​បរាជ័យ ព្រោះ​បរាជ័យ​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ចេះ​ប្រយ័ត្ន​ប្រយែង​​កាន់​តែ​ល្អ​នៅ​ពេល​ខាង​មុខ។

៣. កុំ​ខូច​ចិត្ត គ្មាន​នរណា​មិន​ធ្លាប់​ខុស​នោះ​ទេ

លើ​លោក​នេះ គ្មាន​នរណា​មិន​ធ្លាប់​ធ្វើ​អ្វី​ខុស​ទេ ប៉ុន្តែ​ពេល​ធ្វើ​ខុស​ ត្រូវ​ប្រញាប់​កែប្រែ កុំ​រវល់​តែ​ត្រាំត្រែង​ក្នុង​ភាព​ខុស​ឆ្គង​ដដែល​ៗ​នោះ។ ការ​ឃាំង​ខ្លួន​ឯង​ជាមួយ​ភាព​ខុស​ឆ្គង​ដោយ​មិន​ព្រម​ងើប​មក​កែប្រហែ គឺ​ជា​ការ​បាត់បង់​ដ៏​ធំ។ ចង់​ប្រាប់​ថា មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចង់​ឃើញ​យើង​បរាជ័យ ដូច្នេះ​ចូរ​កុំ​ធ្វើ​ឲ្យ​គេ​បាន​ដូច​បំណង​​ឲ្យ​សោះ។

៤. កុំ​អស់​សង្ឃឹម ឱកាស​យើង​នៅ​មាន

អ្នក​ដែល​ធ្វើ​អ្វី​មួយ​ជោគជ័យ គឺ​ដោយ​សារ​គេ​ជឿ​ថា​វា​នឹង​ជោគជ័យ។ ក្ដី​សង្ឃឹម​គឺ​ជា​ទ្រព្យ​សម្បត្តិ​​ដ៏​​មាន​តម្លៃ​​ដែល​មនុស្ស​យើង​ត្រូវ​តែ​មាន។ នៅ​ពេល​យើង​ជួប​អ្វី​អយុត្តិធម៌ សូម​កុំ​រវល់​តែ​ស្ដី​បន្ទោស​នោះ​បន្ទោស​នោះ តែ​ចូរ​កែប្រែ ដោះស្រាយ នូវ​អ្វី​ដែល​អាច​ដោះស្រាយ​បាន បើ​ដោះស្រាយ​មិន​បាន​ ក៏​បណ្ដោយ​ទៅ​តាម​យថាកម្ម​ទៅ​ចុះ។ ចង់​ប្រាប់​ថា មនុស្ស​ដែល​បង្កើត​ឱកាស​បាន គឺ​ជា​មនុស្ស​ក្លាហាន មនុស្ស​ដែល​រង់​ចាំ​ឱកាស​គឺ​ជា​មនុស្ស​ល្ងង់។ បរាជ័យ​តែ​ម្ដង មិន​មែន​មាន​ន័យ​ថា​យើង​នឹង​បរាជ័យ​មួយ​ជីវិត​នោះ​ឡើយ។

៥. កុំ​កុហក​ខ្លួន​ឯង រឿង​មួយ​ចំនួន​គួរ​បណ្ដោយ​វា​ទៅ​តាម​ធម្មជាតិ​របស់​វា​ទៅ​

បញ្ហា​ក្នុង​ជីវិត​មនុស្ស ពេល​ខ្លះ​ក៏​ប្រៀប​ដូច​ជា​ការ​បន្ទោបង់ បើ​ទោះ​បី​យើង​ព្យាយាម​បញ្ចេញ​​យ៉ាង​ណា ពេល​ខ្លះ​វា​​​​ក៏​ចេញ​មក​តែ​​ខ្យល់​។ ប្រៀប​ដូច​ជា​ការ​ព្យាយាម​ខ្លះ ដែល​ទោះ​បី​យើង​ព្យាយាម​ប៉ុណ្ណា ផល​ដែល​យើង​ទទួល​បាន​អាច​នឹង​មិន​បាន​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក​ឡើយ។ ព្យាយាម​ឲ្យ​អស់​ពី​សមត្ថភាព លទ្ធផល​យ៉ាង​ណា​ក៏​រីករាយ​នឹង​ទទួល​យក រឿង​​ណា​​ដែល​ធ្វើ​មិន​បាន ក៏​បណ្ដោយ​តាម​ហ្នឹង ព្រោះ​បើ​ប្រឹង​ឱបក្រសោប​វា​ វា​នាំ​តែ​ឈឺចាប់​ទទេៗ​នោះ​ទេ។

៦. កុំ​ឆេវឆាវ រៀន​បើក​ចិត្ត​ខ្លួន​ឯង​ឲ្យ​ទូលាយ​ជាង​មុន​បន្តិច

យើង​អាច​នឹង​ត្រូវ​ជួប​មនុស្ស​មាន​បំណង​មិន​ល្អ ប៉ុន្តែ​កុំ​ទាន់​ឆេវឆាវ ព្រោះ​កំហឹង​គឺ​​ប្រៀប​ដូច​ជា​​ការ​យក​កំហុស​អ្នក​ដទៃ​មក​ដាក់​ទោស​ខ្លួន​ឯង​ដែរ។ អត់ធ្មត់​បន្តិច ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់ ថយ​ក្រោយ​បន្តិច យើង​នឹង​បាន​ឃើញ​ពិភព​មួយ​ដែល​ស្រស់​ស្អាត។ ភាព​ស្រស់​ស្រាយ មិន​ឆាប់​ខឹង​ គឺ​ជា​ដើម​ទុន​យ៉ាង​សំខាន់​ក្នុង​ការ​រស់​នៅ​ជាមួយ​មនុស្ស​ក្នុង​សង្គម។ ចិត្ត​ទូលាយ​គឺ​ជា​ស្ពាន​នាំ​យើង​ទៅ​រក​ការ​យោគយល់ និង​ការ​ជឿទុក​ចិត្ត។ ការ​សម្លឹង​មើល​លោក​ក្នុង​ផ្លូវ​ល្អ កើត​ចេញ​ពី​ការ​បើក​ចិត្ត​ទូលាយ ការ​សម្លឹង​មើល​លោក​ដោយ​ផ្អែក​លើ​ការ​ពិត កើត​ចេញ​ពី​ការ​យល់​សច្ចធម៌​នៃ​ជីវិត។

ខ្ញុំ​ដឹង​ថា​អ្នក​ហត់​នឿយ​ប៉ុណ្ណា

ខ្ញុំ​ដឹង​ថា​គ្រូ​​ពេទ្យ​ក៏​គង់​មាន​ថ្ងៃ​ឈឺ​ដូច​គ្នា

ហើយ​បើ​អ្នក​លែង​សល់​អ្នក​ណា ត្រូវ​ចាំ​ថា ខ្ញុំ​នៅ​តែ​នៅ​ក្បែរ​អ្នក​ជានិច្ច ៕

ចុចអាន៖

ប្រភព៖ NusonBooks ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម