មនុស្សប្រុសស្មោះនិងប្រច័ណ្ឌខ្លាំងប៉ុណ្ណា មើលតែបបូរមាត់ទៅដឹងហើយ

  • 2021-01-17 05:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

យោង​តាម​ក្បួន​​នរវិទ្យា បើ​សិន​ជា​ចង់​ដឹង​ថា​មនុស្ស​ប្រុស​ ឬ​មនុស្ស​ស្រី​ស្មោះ​ខ្លាំង​ប៉ុណ្ណានោះ​ គឺ​មិន​ពិបាក​ដូច​យើង​គិត​ទេ​ គ្រាន់​តែ​មើល​រូប​រាង​ខាង​ក្រៅ​ក៏​អាច​សន្មត់​បាន​ហើយ​។​ បើ​ចំពោះ​មនុស្ស​ប្រុស​វិញ​មើល​តែ​ទម្រង់​បបូរ​មាត់​ក៏​ដឹង​ថា​ម្នាក់​នោះ​ស្មោះ​ ឬ​ពូកែ​ប្រច័ណ្ឌ​ប៉ុណ្ណា​ដែរ​។​

បបូរ​មាត់​ខាង​លើ​ និង​ខាង​ក្រោម​ប៉ុន​​គ្នា

នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​អ្នក​នរវិទ្យា មនុស្ស​ដែល​មាន​បបូរ​មាត់​បែប​នេះ​ ជា​អ្នក​ដែល​គោរព​ច្បាប់​ ហើយ​ធ្វើ​ការ​ពេញ​ដោយ​ទំនួល​ខុស​ត្រូវ​ខ្ពស់ ​ជា​អ្នក​ពូកែ​គិត​ និង​ផ្ចិត​ផ្ចង់​បំផុត​។​ យ៉ាង​ណា​មិញ​ គេ​ក៏​ជា​មនុស្ស​រឹង​រូស​ មានះ​ និង​បដិសេធ​មិន​ស្តាប់​យោបល់​អ្នក​ដ៏​ទៃ​ឡើយ។​

​​បបូរ​មាត់​ខាង​លើ​ស្តើង និង​​ខាង​ក្រោម​ក្រាស់

មនុស្ស​ប្រុស​ប្រភេទ​នេះ​មិន​សូវ​ជា​មាន​ចំណង់​ជា​មួយ​រឿង​ស្នេហា​ទេ​។​ ទម្រង់​មាត់​របៀប​នេះ​បញ្ជាក់​ថា​គេ​ជា​មនុស្ស​ដែល​គ្មាន​ជំនឿ​លើ​ស្នេហា​ឡើយ​ ហើយ​គេ​ក៏​មិន​ជឿ​ថា​ការ​រៀប​ការ​នឹង​ធ្វើ​ឲ្យ​ជីវិត​មាន​សុភមង្គល​ដែរ​។​ ដូចនេះ​បើ​សិន​ជា​អ្នក​បាន​មនុស្ស​ប្រុស​បែប​នេះ​ អ្នក​មិន​អាច​​បង្កើត​ច្បាប់​ណា​មួយ​សម្រាប់​គេ​បាន​ទេ​ ដោយ​សារ​តែ​ពួក​គេ​ចូល​ចិត្ត​រស់​នៅ​ដោយ​មាន​សេរី​ភាព​។​ ​

បបូរ​មាត់​ខាង​លើ​ក្រាស់ និង​​ខាង​ក្រោម​ស្តើង

បើ​មើល​តាម​តារានិករ​ មនុស្ស​ប្រុស​ប្រភេទ​នេះ​ពូកែ​ប្រច័ណ្ឌ​ សង្ស័យ​ច្រើន​ ហើយ​ក៏​ជា​មនុស្ស​ផ្តាច់​ការ​ចូល​ចិត្ត​ប្រើ​អំណាច​ដែរ​។​ ពួក​គេ​ចូល​ចិត្ត​ប្រច័ណ្ឌ​ដោយ​គ្មាន​ហេតុ​ផល​ ហើយ​ធ្វើ​ឲ្យ​ដៃ​គូ​មិន​ស្រណុក​ចិត្ត​។​ មនុស្ស​ប្រុស​ប្រភេទ​នេះ​មិន​ចូល​ចិត្ត​ការ​រៀប​ការ​ទេ​ ហើយ​ពួក​គេ​ខ្លាច​ជីវិត​គូ​ដែល​គ្មាន​ស្ថេរភាព​។​

បបូរ​មាត់​ធ្លាក់

មនុស្ស​ប្រុស​​បបូរ​មាត់​ធ្លាក់​ ជា​មនុស្ស​ដែល​និយាយ​ច្បាស់​ៗ​ ដឹង​គ្រប់​យ៉ាង​ ពិសេស​នោះ​គឺ​ជា​មនុស្ស​ដែល​មាន​ការ​យោគ​យល់​ខ្ពស់​។​ ក្នុង​ជីវិត​ការងារ​ក៏​អ៊ីចឹង​ ក្នុង​ជីវិត​គូ​ក៏​អ៊ីចឹង​ បុរស​បែប​នេះ​តែង​តែ​ខ្វល់​ខ្វាយ​ និង​ព្រួយ​បារម្ភ​គ្រប់​យ៉ាង​។​ គេ​ស័ក្តិសម​ជា​មួយ​មនុស្ស​ស្រី​បបូរមាត់​ក្រាស់​។​ ជីវិត​គូ​នឹង​មាន​សុភមង្គល​បើ​បាន​នៅ​ជា​មួយ​គ្នា​ មាន​តែ​ការ​យោគ​យល់​ និង​ការ​អាណិត​អាសូរ​គ្នា​ទៅ​វិញ​ទៅ​មក​។​ ទោះ​ជា​បែប​ហ្នឹង​មែន​ បុរស​បែប​នេះ​ចូល​ចិត្ត​អ្វី​ដែល​សាមញ្ញ​ៗ​ ដូច​នេះ​ក្នុង​រឿង​ស្នេហា​ ពេល​ខ្លះ​នឹង​មាន​អារម្មណ៍​ថា​គួរ​ឲ្យ​ធុញ​ទ្រាន់​បន្តិច​ និង​មិន​សូវ​មាន​ភាព​រ៉ូមែនទិក​អី​ទេ​។​

បបូរ​មាត់​ក្រាស់

ប្រុស​បបូរមាត់​ក្រាស់​ជា​អ្នក​ដែល​មិន​ចេះ​ក្បត់​ក្នុង​រឿង​ស្នេហា​ទេ​។​ ចំពោះ​ភាព​រ៉ូមែនទិក​វិញ​ គេ​នឹង​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​សិន​ មុន​នឹង​ជ្រើស​យក​នរណា​ម្នាក់​ ដោយ​សារ​គេ​គិត​ថា​ការ​រៀប​ការ​ជា​រឿង​សំខាន់​បំផុត​។​ ដូចនេះ​បើ​សិន​ស្រី​ណា​បាន​គេ​ធ្វើ​ជា​ស្វាមី​នឹង​ជួប​តែ​សុភមង្គល​។​ លើស​ពី​នេះ​មនុស្ស​ប្រុស​បែប​នេះ​ ចូល​ចិត្ត​ធ្វើ​អ្វី​មួយ​ដោយ​មាន​ការ​ប្រុង​ប្រយ័ត្ន​ តែ​គុណ​វិបត្តិ​របស់​មនុស្ស​ប្រុស​ប្រភេទ​នេះ​គឺ​គេ​មិន​ចេះ​យក​ចិត្ត​ និង​សម្តែង​ការ​អបអរ​ទៅ​នរណា​ឡើយ​៕

​ចុចអាន៖ ​ សម័យ​នេះ​ ប្រើ​ចិត្ត​ស្មោះ​ក៏​មិន​ប្រាកដ​ប្ដូរ​បាន​ស្នេហ៍​ស្មោះ​របស់​គេ

ប្រភព៖ bestie ប្រែសម្រួល៖ សរ សុគន្ធី

អត្ថបទពេញនិយម