អាហារ៥មុខ អាចជំនួសការផឹកកាហ្វេបាន ដោយមិនបារម្ភពីការញៀន
- 2021-01-14 16:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៥មុខ អាចជំនួសការផឹកកាហ្វេបាន ដោយមិនបារម្ភពីការញៀន
ពេលហត់នឿយពីការងារ ឬអារម្មណ៍មិនស្រស់ស្រាយ ជឿថាមនុស្សជាច្រើនតែងទៅរកផឹកកាហ្វេ។ តែការផឹកកាហ្វេរយៈពេលយូរ នឹងជះផលអវិជ្ជមានលើរាងកាយឲ្យដើរញាប់ខុសធម្មតា។ លើសពីនេះ នឹងធ្វើឲ្យអ្នកក្លាយជាមនុស្សញៀនកាហ្វេ ព្រមទាំងខ្ជះខ្ជាយលុយច្រើនទៀតផងនៅពេលនោះ។ ដូច្នេះ ក្រៅពីការផឹកកាហ្វេដើម្បីជួយឲ្យស្រស់ស្រាយ អ្នកអាចទទួលទានអាហារផ្សេងជំនួសវិញ ដែលគុណភាពល្អចំពោះសុខភាពទ្វេដងលើសកាហ្វេទៅទៀត។
**១. តែជីអង្កាម**
ក្លិនក្រអូបប្រហើររបស់ជីអង្កាមជួយរំញោចដល់ប្រព័ន្ធប្រសាទ ក្នុងការកាត់បន្ថយការអស់កម្លាំង គ្រប់គ្រងកម្រិតសារធាតុ Adenosine ក្នុងរាងកាយឲ្យធ្លាក់ទាបក្នុងពេលតែមួយផងដែរ។ ទន្ទឹមនឹងនេះ សារធាតុហឹរៗក្នុងជីអង្កាម ជួយសម្រួលភាពតានតឹងរបស់សាច់ដុំនិងស្រ្តេស ធ្វើឲ្យរាងកាយនិងខួរក្បាលធូរស្រាល រួមទាំងបំបាត់អាការៈឈឺក្បាល ដែលជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ មិនចាញ់ផឹកកាហ្វេនោះទេ។
២. ទឹកក្រូចឆ្មា
ឆាប់អស់កម្លាំង ឈឺក្បាល វិលមុខ អាចមកពីរាងកាយខ្វះជាតិទឹក។ ដូច្នេះ កុំភ្លេចផឹកទឹកឲ្យបានច្រើន។ អ្នកអាចបន្ថែមក្រូចឆ្មា ឬផ្លែឈើជូរៗក្នុងទឹកដើម្បីជួយរាងកាយមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។ ពេលរាងកាយទទួលបានជាតិទឹកគ្រប់គ្រាន់ វានឹងជួយកាត់បន្ថយការអស់កម្លាំង កង្វះថាមពល និងមិនស្រេករកកាហ្វេនោះទេ។
៣. សារាយសមុទ្រ Nori
សារាយប្រភេទនេះ គេនិយមយកខ្ចប់ពេលធ្វើស៊ូស៊ី ដែលជាគ្រឿងផ្សំមិនអាចខ្វះបានសម្រាប់អាហារជប៉ុន។ ចំពោះជនជនជាតិចិនវិញ ចាត់ទុកជាឱសថធម្មជាតិជួយបញ្ចេញកម្ដៅ បញ្ចុះទឹកនោម ប៉ូវតម្រងនោម ជួយបេះដូង និងសម្ពាធឈាម ព្រមទាំងជួយបង្កើនថាមពល កាត់បន្ថយការអស់កម្លាំង ។ ដែលនេះជាអាហារអាចឲ្យអ្នកញ៉ាំលេងបាន ជំនួសការផឹកកាហ្វេ។
៤. ចេក
ចេកសម្បូរដោយវីតាមីន B6 ជួយរាងកាយបង្កើតសេរ៉េតូនីន ដែលពង្រឹងអារម្មណ៍ឲ្យវិជ្ជមានបាន។ ទន្ទឹមនឹងនេះ ធ្វើឲ្យមានអារម្មណ៍មិនសូវតប់ប្រមល់ និងក្នុងពេលតែមួយវាក៏សម្បូរដោយប៉ូតាស្យូមដែលជំនួយដល់ប្រព័ន្ធប្រសាទ និងមិនធ្វើឲ្យសាច់ដុំធ្លាក់ចុះ កាត់បន្ថយការឈឺក្បាល រាងកាយមានថាមពល និងស្រស់ស្រាយគ្រប់ពេល។
៥. គ្រាប់អាល់ម៉ុន
គ្រាប់ធញ្ញជាតិមួយប្រភេទនេះ សម្បូរដោយវីតាមីន E ម៉ាញ៉េស្យូម និងវីតាមីន B7។ ដូចអ្នកដឹងស្រាប់ហើយ វីតាមីន E ជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលធ្វើឲ្យពិបាកគេងលក់ និងឆាប់អស់កម្លាំងនៅពេលថ្ងៃ។ ចំណែកម៉ាញ៉េស្យូមវិញ ជួយកាត់បន្ថយស្រ្តេស បន្ធូរការអស់កម្លាំង និងបន្ថយភាពតានតឹងនៃសាច់ដុំ។ រីឯវីតាមីន B7 ដែលអ្នកខ្លះហៅថា Biotin ជួយរាងកាយមានថាមពល បន្ថែមនូវភាពស្រស់ស្រាយដល់អ្នកទទួលទានឲ្យផ្ចង់អារម្មណ៍បានល្អអំឡុងពេលធ្វើការងារ៕
អានបន្ត៖ កំពូលអាហារ១០មុខ ជួយសម្រស់អ្នកឲ្យក្មេងជាងវ័យជារៀងរហូត