​សញ្ញា​ទាំង​៩ បង្ហាញ​ថា​អ្នក​កំពុង​សម្លាប់​សេចក្តី​សុខ​ខ្លួន​ដោយ​ការ​គិត​ច្រើន​ហួស​ហេតុ

  • 2021-01-13 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​គិត​ថា​អ្នក​ជា​ប្រភេទ​មនុស្ស​ចូលចិត្ត​គិត​ច្រើន​ដែរ​ ឬ ទេ? ពេល​អ្នក​មើល​ទៅ​ជុំវិញ​ខ្លួន​ ហាក់​បី​ដូច​ជា​គេ​ឯង​មិន​សូវ​មាន​បញ្ហា​រឿង​គិត​ច្រើន​ដូច​ជា​អ្នក​សោះ។ ថ្វី​ដ្បិត​តែ​តាម​ពិត​ទៅ​អ្នក​គួរ​តែ​ជា​អ្នក​បញ្ជា​ខួរ​ក្បាល​ក៏​ពិត​មែន​ តែ​ក្នុង​កាលៈទេសៈ​ខ្លះ ​អ្នក​នឹង​មាន​អារម្មណ៍​ថា​មានការ​លំបាក​ខ្លាំង​នៅ​ក្នុង​ការ​គ្រប់​គ្រង​វា ហើយ​ពេល​នោះ​ហើយ​ដែល​ខួរ​ក្បាល​អាច​ឆ្លៀត​ឱកាស​ដើម្បី​គ្រប់​គ្រង​អ្នក​វិញ​ម្តង។ សញ្ញា​ទាំង​៩ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ប្រាប់​ថា​ អ្នក​ជា​មនុស្ស​គិត​ច្រើន​ជ្រុល៖​

រូបតំណាង

**១. ឧស្សាហ៍​គេង​មិន​លក់**

មាន​តែ​មនុស្ស​ដែល​មាន​រឿង​ច្រើន​ត្រូវ​គិត​ទេ​ដែល​ពិបាក​ក្នុង​ការ​គេង​ ហើយ យប់​ខ្លះ​ភ្នែក​បើក​ទល់​ភ្លឺ​ក៏​មាន។ ការ​ទម្លាប់​គិត​ច្រើន​មុន​ចូល​គេង អាច​បង្ក​ឱ្យ​កើត​ទៅ​ជា​ជំងឺ​គេង​មិន​លក់​ដោយ​មិន​ដឹង​ខ្លួន។ ពេល​ដែល​អ្នក​ធ្លាក់​ចូល​ជំងឺ​នេះ​គឺ​មាន​ន័យ​ថា​ ភាគរយ​ដែល​ខួរ​ក្បាល​អ្នក​អាច​ធ្វើ​ការ​បញ្ជា​លើ​អ្នក​ក៏​កាន់​តែ​ច្រើន​ដែរ។ ដូច្នេះ បើ​អ្នក​មាន​អាការៈ​បែប​នេះ​ អ្នក​គួរ​សាកល្បង​នៅ​ការ​ហាត់​យោហ្គា សមាធិ ឬ អ្នក​អាច​ទម្លាប់​គូរ​គំនូរ​ សរសេរ ឬ អាន មុន​ពេល​ចូល​គេង​ដើម្បី​ជា​ការ​បន្លប់​កុំ​ឱ្យ​ខួរ​ក្បាល​គិត​រឿង​ស្មុគស្មាញ​ច្រើន​ជ្រុល។

២. រស់​នៅ​ក្នុង​ភាព​ភ័យ​ខ្លាច

បើ​អ្នក​ជា​មនុស្ស​ដែល​​តែង​តែ​មាន​ភាព​ភ័យ​ខ្លាច​ពី​រឿង​គ្រប់​សព្វ​ពេក​នោះ​ក៏​ជា​សញ្ញា​បង្ហាញ​ថា​អ្នក​ជា​មនុស្ស​គិត​ច្រើន​ពេក​ដែរ។ ដើម្បី​ជួយ​ឱ្យ​អ្នក​ធូរ​ស្រាល​ពី​សភាព​ដែល​ជានិច្ចកាល​តែង​រស់​នៅ​ក្នុង​ភាព​ព្រួយ​បារម្ភ​ និង ភ័យ​ខ្លាច​នោះ​ អ្នក​គួរ​រៀន​ត្រឡប់​មក​រស់​នៅ​ក្នុង​បច្ចុប្បន្ន​កាល​ហើយ​រៀន​ទទួល​យក​នូវ​អ្វី​ដែល​បាន​កើត​ឡើង ហើយ កុំ​ទាន់​គិត​ពី​រឿង​ដែល​មិន​ទាន់​កើត​ឡើង​ច្រើន​ហួសហេតុ។

រូបតំណាង
រូបតំណាង

៣. វិភាគ​ល្អិត​ល្អន់​ហួសហេតុ​

បញ្ហា​ច​ម្បង​របស់​មនុស្ស​គិត​ច្រើន​គឺ ពួក​គេ​គិត​ថា​ពួក​គេ​អាច​គ្រប់​គ្រង​អ្វីៗ​គ្រប់​យ៉ាង។ យ៉ាង​ណា​មិញ ការ​ពិត​មិន​ដូច​ការ​គិត​ឡើយ បើ​អ្នក​ខំ​គិត​​និង​រំពឹង​អ្វីៗ​ទុក​មុន​នោះ វា​មិន​ត្រឹម​តែ​ខាត​បង់​ពេល​វេលា នោះ​ទេ​ថែម​ទាំង​លេប​យក​នៅ​ក្តី​សុខ​របស់​អ្នក​នា​ពេល​បច្ចុប្បន្ន​ទៀត​ផង។

៤. ខ្លាច​ភាព​បរាជ័យ​

ថ្វី​ដ្បិត​តែ​ពិបាក​ តែ​មនុស្ស​គិត​ច្រើន​តែង​ចង់​បាន​អ្វី​ដែល​ល្អ​ឥត​ខ្ចោះ មិន​ថា​រឿង​តូច រឿង​ធំ​ឡើយ គឺ​ពួក​គេ​តែង​ប្រាថ្នា​បាន​នូវ​លទ្ធផល​ដែល​ជា​ទី​គាប់​ចិត្ត។ ពេល​ខ្លះ ដោយ​សារ​មូល​ហេតុ​នេះ​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​គេ​ស្អប់​នូវ​ភាព​បរាជ័យ មិន​ចង់​ជួប​ឡើយ ក៏​ប៉ុន្តែ​ពួក​គេ​មិន​ចាប់ ​អារម្មណ៍​នោះ​ទេ​ថា ភាព​ភ័យ​ខ្លាច​នោះ​ច្រើន​ធ្វើ​ឱ្យ​ពួក​គេ​សម្រេច​ចិត្ត​ខុស​ក្នុង​រឿង​​ជា​ច្រើន។

រូបតំណាង

៥. តែង​មិន​ជឿ​ជាក់​លើ​ខ្លួន​ឯង​

ដោយ​សារ​តែ​ការ​​ប្រា​ថ្នា​នូវ​ភាព​ល្អ​ឥត​ខ្ចោះ​នោះ​ វា​តែង​ធ្វើ​ពួក​គេ​គិត​គូ​គ្រប់​ចំណុច​ទាំង​អស់​មុន​នឹង​ធ្វើ​អ្វី​មួយ ហើយ ច្រើន​មិន​សូវ​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ព្រោះ​ខ្លាច​ខុស។ មនុស្ស​គិត​ច្រើន តែង​ចំណាយ​ពេល​សម្រេច​ចិត្ត​ធ្វើ​អ្វី​មួយ​ច្រើន​ជាង​អ្នក​ដទៃ ព្រោះ​ពួក​គេ​ត្រូវ​ការ​ពេល​យូរ​ក្នុង​ការ​វិភាគ​ឱ្យ​ល្អិតល្អន់។ ផ្ទុយ​ទៅ​វិញ ទោះ​ជា​ចំណាយ​ពេល​ច្រើន​ជាង​គេ​ក៏​ពិត​មែន តែ​ពួក​គេ​ក៏​នៅ​តែ​មិន​សូវ​មាន​ទំនុកចិត្ត​នឹង​ជម្រើស​របស់​ខ្លួន​គេ​ដែរ។

៦. ឧស្សាហ៍​ឈឺ​ក្បាល

ការ​ឈឺ​ក្បាល​គឺ​ជា​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​ខួរ​ក្បាល​របស់​អ្នក​​ចង់​សម្រាក​ហើយ ព្រោះ​វា​បាន​ធ្វើ​ការ​ច្រើន​ហួស​កំណត់​។ បើ​មាន​អាការៈ​បែប​នេះ ​អ្នក​គួរ​ទុក​ពេល​សម្រាក​ខួរ​ក្បាល​ខ្លះ ដោយ​ការ​ហាត់​ប្រាណ ស្តាប់​តន្រ្តី ឬ មើល​រឿង​សប្បាយៗ​ដែល​អាច​ឱ្យ​ខួរ​ក្បាល​របស់​អ្នក​ធូរ​ស្បើយ​ឡើង​វិញ។

រូបតំណាង
រូបតំណាង

៧. ស្ពឹក​សាច់​ដុំ និង សន្លាក់​

តើ​អ្នក​ដឹង​ទេ​ថា​ការ​គិត​ច្រើន​មិន​មែន​ប៉ះ​ពាល់​តែ​ផ្នែក​ខួរ​ក្បាល​តែ​មួយ​មុខ​នោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ចុះ​ខ្សោយ​ខុស​ធម្មតា​ទៀង​ផង តួយ៉ាង​គឺ​ធ្វើ​ឱ្យ​​អ្នក​គ្មាន​កម្លាំង​កំហែង​ និង ឈឺ​ចុក​ចាប់​រាង​កាយ​ ជាពិសេស​ទៅ​លើ​សាច់​ដុំ​ និង​សន្លាក់។ បើ​មាន​អាការៈ​បែប​នេះ ព្យាយាម​ពត់​ខ្លួន​ ឬ ធ្វើ​លំហាត់​ប្រាណ​ឱ្យ​បាន​ទៀង​ទាត់​ដើម្បី​ឱ្យ​រាង​កាយ​មាន​សភាព​រឹង​មាំ​ឡើង​វិញ។

៨. រាង​កាយ​ចុះ​ខ្សោយ​

ចំណុច​នេះ​គឺ​មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ចំណុច​មុន​ដែរ តែ​ផ្តោត​លើ​ថាមពល​នៃ​រាង​កាយ​របស់​អ្នក​វិញ​ម្តង។ ពេល​ខួរ​ក្បាល​អ្នក​ធ្វើ​ការ​គិត​ស្មុគស្មាញ​ច្រើន​ វា​នឹង​ចាប់​ផ្តើម​បញ្ជា​ឱ្យ​រាង​កាយ​របស់​អ្នក​ស្តាប់​តាម​វា ពោល​គឺ​គិត​រឿង​មិន​ល្អ​ច្រើន រាង​កាយ​ក៏​ហត់នឿយ​តាម​នោះ​ដែរ។ ពេល​អ្នក​ជួប​បញ្ហា​បែប​នេះ គួរ​ប្រញាប់​ហ្វឹក​ហាត់​ស្មារតី​របស់​អ្នក​ឱ្យ​គិត​រឿង​ល្អៗ​វិញ និង ទម្លាប់​ធ្វើ​អ្វី​ដែល​ផ្តល់​នូវ​ភាព​រីករាយ​ដល់​ខ្លួន​ឯង។ ពេល​នោះ​អ្នក​នឹង​មាន​ថាមពល​ខ្លាំង​ជាង​គំនិត​អវិជ្ជមាន​ទាំង​អស់​នោះ ហើយ​នឹង​អាច​គ្រប់​គ្រង​វា​បាន​។

រូបតំណាង

៩. ភ្លេច​រស់​នៅ​ក្នុង​បច្ចុប្បន្នកាល

ពេល​ខ្លះ ការ​គិត​រឿង​ពី​អតីតកាល និង អនាគតកាល វា​ធ្វើ​ឱ្យ​មនុស្ស​ភ្លេច​អបអរ​នឹង​បច្ចុប្បន្ន​កាល​របស់​ខ្លួន។ បើ​អ្នក​ចាប់​អារម្មណ៍​ថា​អ្នក​កំពុង​មាន​សញ្ញា​នេះ​ អ្នក​គួរ​ត្រឡប់​មក​ស្រឡាញ់ និង ពេញ​ចិត្ត​នូវ​អ្វី​ដែល​អ្នក​កំពុង​ជួប​ប្រទះ​វិញ ជៀស​ជាង​ទៅ​គិត​ពី​អតីតកាល​ដែល​មិន​អាច​ត្រឡប់ ឬ អនាគតកាល​ដែល​មិន​ទាន់​សូម្បី​តែ​កើត​មាន​ឡើង៕

អានបន្ត៖ ពាក្យ​ទាំង ៥​ហាម​និយាយ ​ទៅ​កាន់​មនុស្ស​កំពុង​​បាក់​ទឹក​ចិត្ត

ប្រភព៖ powerofpositivity ប្រែសម្រួល៖ Siyou Tang