កំហុស​រឿង​លុយ​កាក់​នានា​ដែល​ប្ដី​ប្រពន្ធ​ថ្មី​ថ្មោង​តែ​ងជួប​ប្រទះ បង្ករ​ឲ្យ​មាន​ជម្លោះ​មិន​ចប់

  • 2021-01-11 14:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​ពេល​ឈាន​ជើង​ចូល​រោងការ ប្ដី​ប្រពន្ធ​គ្រប់​រូបគួរ​ជជែក​​គ្នា​ឲ្យ​ច្បាស់​រឿង​លុយ​កាក់​ឲ្យ​ហើយ កុំ​ដោយសារ​ខ្លាច​ចិត្ត​គ្នា​ហើយ​រៀបការ​ទាំង​មិន​ច្បាស់​លាស់ ដែល​ទំនាស់​ថ្ងៃ​ក្រោយ​គឺ​កាន់​តែ​ធ្ងន់ធ្ងរ។ ខាង​ក្រោម​នេះ​គឺ​ជា​កំហុស​នានា​ដែល​ប្រពន្ធ​ថ្មី​ថ្មោង​តែង​តែ​ជួប​ប្រទះ​ដោយ​សារ​រឿង​លុយ​កាក់​ក្នុង​គ្រួសារ។

១. គ្មាន​​គម្រោង​ចាយ​វាយ​វែង​ឆ្ងាយ

អ្វី​ដែល​ធ្វើ​ឲ្យ​ចំណង​របស់​អ្នក​ដើរ​បាន​ទៅ​ឆ្ងាយ​នោះ​គឺ មាន​ផែន​ការ​គ្រួសារ​ច្បាស់​លាស់​យូរ​អង្វែង រួម​មាន​ផែនការ​ទិញ​ទ្រព្យ​ធំ​ៗ​ដូច​ជា ផ្ទះ ឡាន និង​ធានា​រ៉ាប់រង​ឲ្យ​កូន​ជាដើម។ មុន​ពេល​សម្រេច​ចិត្ត​ចូល​រោង​ការ បើ​មិន​បែង​ចែក និង​ផ្ដល់​អាទិភាពថា​ត្រូវ​ទិញ​អ្វី​មុន​នោះ​ទេ នោះ​នៅ​ពេល​ដែល​ក្លាយ​ជា​គ្រួសារ​តែ​មួយ​ហើយ អ្នក​ទាំង​២​អាច​នឹង​ត្រូវ​ជជែក​គ្នា​ច្រើន ឈាន​ទៅ​ដល់​ការ​ឈ្លោះ​គ្នា​ព្រោះ​ចិត្ត​អ្នក​ និង​ប្ដី​ខុស​គ្នា។ ឧទាហរណ៍​គេ​ចង់​ទិញ​ឡាន​មុន ឯ​អ្នក​ចង់​ទិញ​ផ្ទះ​មុន​ជា​ដើម។

២. ប្រញាប់​រៀបការ​ពេក

កំហុស​មួយ​ទៀត​ដែល​គូ​ស្នេហ៍​ជា​ច្រើន​តែង​ពើប​ប្រទះ​នោះ​គឺ ប្រញាប់​គិត​ដល់​រឿង​សាង​គ្រួសារ​ខ្លាំង​ពេក ទាំង​សមត្ថភាព​រក​លុយ​របស់​ខ្លួន​នៅ​មាន​កម្រិត។ នៅ​ពេល​វ័យ​នៅ​ក្មេង​ខ្ចី គួប​ផ្សំ​ទាំង​បញ្ហា​លុយ​កាក់​បាន​ធ្វើ​ឲ្យ​ប្ដីប្រពន្ធ​វ័យ​ក្មេង​ជា​ច្រើន​គូ​បាន​ឈាន​ទៅ​ដល់​ការ​លែងលះ​គ្នា។ មុន​ពេល​រៀបការ ទោះ​បី​ជា​មិន​សល់​លុយ​ច្រើន​មែន​ពិត តែ​អ្នក​គួរ​ច្បាស់​លាស់​ថា ខ្លួន​មាន​ចំណែក​សន្សំ​មួយ​ដែល​អាច​ទ្រទ្រង់​គ្រួសារ​តូច​របស់​ខ្លួន​បាន បើ​មាន​បញ្ហា​អ្វី​បន្ទាន់។

៣. ចាយ​អស់​ៗ​ គ្មាន​ប្រាក់​សន្សំ

ប្រាក់​សន្សំ​គឺ​ជា​អ្នក​កំណត់​ថា ទៅ​ថ្ងៃ​ក្រោយ​តើ​អ្នក​នឹង​ក្លាយ​ជា​អ្នក​មាន​ ឬ​អត់ ព្រោះ​មាន​តែ​ប្រាក់​សន្សំ​ទេ​ដែល​អ្នក​អាច​យក​មក​វិនិយោគ​ទៅ​លើ​អ្វី​ផ្សេង​ទៀត​ ដើម្បី​ឲ្យ​លុយ​បង្កើត​លុយ​បន្ថែម។ ផ្ទុយ​មក​វិញ ចំណូល​មាន​ប៉ុណ្ណា ហើយ​អ្នក​ចាយ​អស់​ៗ​ប៉ុណ្ណឹង​នោះ នឹង​ធ្វើ​ឲ្យ​គ្រួសារ​អ្នក​មិន​រីក​ចម្រើន ដោយ​នឹង​ត្រូវ​បន្ត​នៅ​ផ្ទះ​ជួល ក៏​ដូច​ជា​គ្មាន​សមត្ថភាព​ទិញ​ឡាន​ជា​ដើម។ ប្រាក់​សន្សំ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​សុវត្ថិភាព​ ទោះ​បី​ជា​នៅ​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម