Zhang Zi Yi ហៅតារា​ស្រករ​ក្រោយ​ថា​ បន្ទាប​តម្លៃ​តារា​សម្ដែង ព្រោះមូលហេតុនេះ

  • 2021-01-05 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​ចម្រៀង​ស្រី Aria Jin ត្រូវ​បាន​កំពូល​តារា​សម្ដែ​ង​​ស្រី​ជើង​ចាស់​ចិន Zhang Z​i Yi ស្ដី​ឲ្យ​ថា មិន​ផ្ដោត​អារម្មណ៍​លើ​ជំនាញ​របស់​ខ្លួន​ ដោយ​ចង់​សម្ដែង​រឿង​ទាំង​គ្មាន​ការ​ផ្ចង់​អារម្មណ៍​ដិត​ដល់។ បណ្ដាញ​ព័ត៌មាន Sina កាល​ពី​ថ្ងៃ​ទី ២ ខែ​​មករា​បាន​​​រាយការណ៍​ថា ថ្មី​ៗ​នេះ តារា​ចម្រៀង​ស្រី Aria Jin បាន​ចូល​ប្រលង​ក្នុង​កម្មវិធី I Am Actor រដូវ​កាល​ទី​៣​ ដែល​មាន​រាជិនី​ភាពយន្ត Zhang Zi Yi ជា​គណកម្មការ។ ចូល​ប្រលង​នៅ​ក្នុង​វគ្គ​​នេះ ស្រី​ស្អាត​២១​ឆ្នាំ សម្ដែង​តួអង្គ​ដណ្ដើម​ប្ដី​គេ​ឈ្មោះ Lin You You ក្នុង​រឿង Just Thirty។

យ៉ាងណាក្ដី​ ការ​បង្ហាញ​សមត្ថភាព​របស់​នាង​ត្រូវ​គណកម្មការ​ចុច​ឲ្យ​ឈប់​សម្ដែង​កណ្ដាល​ទី។ ក្រោយ​មក​តួ​រឿង Memoirs of a Geisha បាន​បញ្ចេញ​មតិ​ថា៖ តារា​រលក​ក្រោយ​នេះ​មិន​ផ្ដោត​លើ​ការ​ច្រៀង តែ​បែរ​ចង់​មក​សម្ដែង​ទៅ​វិញ ទាំង​គ្មាន​ការ​ត្រៀម​ទុក​អ្វី​សោះ។

“ហេតុអ្វី​ដាច់​ខាត​ត្រូវ​ធ្វើ​តារា​សម្ដែង​ តើ​អាជីព​ជា​តារា​សម្ដែង​អន់​ថយ​ណាស់​មែន​ទេ? ហេតុ​អ្វី​អ្នក​ណា​ក៏​ចង់​លូក​បែប​នេះ? ពួក​ខ្ញុំ​សុទ្ធ​តែ​គោរពការ​សម្ដែង​នៅ​ទី​នេះ​ទាំង​អស់ តែ​អ្នក​ទាំង​អស់មាន​ដឹង​ទេ​ថា ដើម្បី​យក​បាន​តួមួយ ពួក​ខ្ញុំ​ត្រូវ​លះបង់​អ្វី​ខ្លះ ទើប​បង្កើត​បាន​តួ​ដែល​គេ​មិន​បំភ្លេច​បាន​មួយ។​ បើ​ពួក​អ្នក​ទាំង​អស់​គ្នា​គ្មាន​ជំនឿ​ចិត្ត​នោះ​ទេ មិន​បាច់​ឈរ​លើ​ឆាក​នេះ​ទេ” Zhang Zi Yi បញ្ចេញ​មតិ។

តាម Sina អ្វី​ដែល​ធ្វើ​ឲ្យ តារា​សម្ដែងលំដាប់ A ខាង​លើ​ខឹង​នោះ​គឺ នៅ​ពេល​នេះ តារា​ចម្រៀង​ជា​ច្រើន​កំពុង​តែ​លូក​ចូល​មក​វិថី​សម្ដែង ទាំង​ខ្លួន​គ្មាន​សមត្ថភាព។ ជាក់​ស្ដែង​ស្រី​ស្អាត ២១​ឆ្នាំ​ខាង​លើ ល្បី​ឈ្មោះ​ដោយ​សារកម្មវិធី Youth With You តែ​ក្រោយ​ពេល​កម្មវិធី​ចប់ នាង​មិនបាន​ឡើង​ច្រៀង​អ្វី​ទេ តែ​បែរ​ជា​ចង់​បង្វែរ​ទៅ​ចាប់​អាជីព​សម្ដែង​វិញ ទាំង​មុន​នោះ​​មិន​មាន​បទ​ពិសោធន៍​សោះ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម