Wallace Huo ព្រួយ​បារម្ភ​ព្រោះ ចៀវៃ​មាន​ទម្លាប់​ផឹក​ស្រា​ច្រើន​ពេក

  • 2020-12-30 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូល​រួម​ក្នុង​កម្មវិធី​ថ្មី​បំផុត តារា​សម្ដែង​ស្រី​ជើង​ចាស់​តៃវ៉ាន់ Ruby Lin បាន​បង្ហើប​ឲ្យ​ដឹង​ថា ស្វាមី​របស់​នាង​បារម្ភ​ជា​ខ្លាំង​នៅ​ពេល​ដឹង​ថា​ប្រពន្ធ​ថត​កម្មវិធី ត្បិត​លោក​ដឹង​ថា​នាង​ចូលចិត្ត​ញ៉ាំ​ស្រា។

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​ធ្នូ​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា​តារា​សម្ដែង​ស្រី​ជួរ​មុខ​តៃវ៉ាន់ Ruby Lin បាន​ទទួល​ពាក្យ​ចូល​រួម​ក្នុង​កម្មវិធី​ចំអិន​អាហារ​ថ្មី។ នៅ​ក្នុង​កម្មវិធី​​នេះ អ្នក​ម្ដាយ​កូន​១ បាន​បង្ហាញ​ពី​ទេពកោសល្យ​ធ្វើ​នំ​ដ៏​ល្អ​របស់​ខ្លួន។

យ៉ាងណាក្ដី​ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​គ្រប់​គ្នា​ចាប់​អារម្មណ៍​នោះ​គឺ អំឡុង​ពេល​រង់​ចាំ​នំ​ឆ្អិន​នេះ ស្រី​ស្អាត​៤៤​ឆ្នាំ​បាន​គាស់​ស្រា​សាំប៉ាញ ញ៉ាំ​ជាមួយ​មិត្ត​រួម​កម្មវិធី​ជា​ច្រើន​កែវ។ ក្រោយ​ពេល​ផឹក​បាន​ច្រើន​បន្តិច​ តួ​រឿង​ព្រះនាង​យេយេ​បាន​ឲ្យ​ដឹង​ថា តាម​​ការ​ពិត​ទៅ នៅពេល​ដឹង​ថា​នាង​ទទួល​ពាក្យ​ចូល​រួម​ក្នុងកម្មវិធី​នេះ ប្ដី​របស់​នាង ដែល​ជា​តារា​សម្ដែង​ប្រុស Wallace Huo មិន​សូវ​ត្រេកអរ​ប៉ុន្មាន​ឡើយ ដោយ​ដឹង​ទម្លាប់​របស់​ប្រពន្ធ​ថា ចូល​ចិត្ត​ញ៉ាំ​ស្រា។ ហើយ​ត្រូវ​ថត​កម្មវិធី​ធ្វើ​ម្ហូប​បែប​នេះ​ទៀត គឺ​ជៀស​មិន​ផុត​ពី​ការ​ផឹក​ស្រា​ឡើយ។ បើ​នៅ​ផ្ទះ គឺ​តែង​តែ​មាន​លោក​នៅ​ដាស់​តឿន​កុំ​ឲ្យ​នាង​ផឹក​ជ្រុល តែ​នៅ​ពេល​ថត​កម្មវិធី​ម្នាក់​ឯង​បែប​នេះ គឺ​នាង​ពិបាក​ហាម​ខ្លួន​ឯង​ខ្លាំង​ណាស់។

ជាក់​ស្ដែង​ដូច​សម្ដី​នាង​និយាយ​មែន ស្រា​សាំប៉ាញ​មួយ​ដប គឺ​​តារា​កើត​ឆ្នាំ ១៩៧៦​ ផឹក​តែ​មួយ​ភ្លែត​គឺ​​អស់​តែ​ម្ដង។ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ស្រី​ស្អាត​ខាង​លើ​​អាយុ​ជ្រេ​ដែរ​ហើយ មិន​គួរ​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើន​ពេក​នោះ​ឡើយ៕

ប្រភព៖ dienanh ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម