Zheng Shuang ត្រូវ​គេ​សង្ស័យ​ថា ដៀមដាម Yang Mi ​វះកាត់​កែ​សម្ផស្ស​

  • 2020-12-28 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​សម្ដី​តែ​មួយ​ឃ្លា​របស់​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​ចិន Zheng Shuang បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​នាង និង​អ្នក​គាំទ្រ​របស់​កំពូល​តារា​សម្ដែង​ស្រី Yang Mi ឈ្លោះ​គ្នា​យ៉ាង​អឺងកង​លើ​បណ្ដាញ​សង្គម។

ថ្ងៃ​បុណ្យ​ណូអែល​ឆ្នាំ​នេះ តារា​ស្រី​ចិន​ដែល​ល្បី​ផ្ទុះ​ជាង​គេ​គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Zheng Shuang នោះ​ឡើយ។ ដោយ​តាម​នោះ​ដែរ​ នៅ​ក្នុ​ងកម្មវិធី​មួយ​ដែល​ខ្លួន​ចូល​រួម មនុស្ស​ជា​ច្រើន​បាន​សង្ស័យ​ថា នាង​បាន​ដៀមដាម​ដល់​តារា​រៀម​ច្បង គឺ​ស្រី​ស្អាត​ Yang Mi ថា​ហ៊ាន​ស៊ី​មិន​ហ៊ាន​សង។

តាម​នោះ​ដែរ នៅ​ក្នុង​កម្មវិធី​អំពី​សម្រស់​មួយ ស្រី​ស្អាត​វ័យ ២៩​ឆ្នាំ​បាន​សួរ​ទៅ​អ្នក​ជំនាញ​ថា តើ​ការ​ដក​ធ្មេញ​ថ្គាម អាច​ធ្វើ​ឲ្យ​មុខ​តូច​បាន​ទេ។ អ្នក​ជំនាញ​បាន​ឆ្លើយ​ទៅ​កាន់​នាង​វិញ​ថា៖ មិន​អាច​ធ្វើ​ឲ្យ​មុខ​តូច​​ដូច​ការ​ចាក់​ថ្នាំ​បាន​ឡើយ។ នៅ​ពេល​នេះ តួ​រឿង Love O2O បាន​សួរ​បន្ថែម​ថា៖ ចុះ​ម៉េច​មាន​អ្នក​ថា​ដក​ធ្មេញ​ថ្គាម​ហើយ នឹង​ធ្វើ​ឲ្យ​មុខ​តូច​នោះ? នៅ​ពេល​នេះ អ្នក​ជំនាញ​និយាយ​អ្វី​មិន​ចេញ ត្រូវ​សម្ងំ​យ៉ាង​យូរ​ទើប​សួរ​ថា៖ មិន​មែន​អ្នក​នៅ​ក្នុង​សិល្បៈ​និយាយ​ទេ​ឬ?

ដោយ​សារ​តែ​សំនួរ​ចាក់​ដោត​ខាង​លើ​ មនុស្ស​ជា​ច្រើន​កំពុង​សង្ស័យ​ថា ស្រី​ស្អាត​កើត​ឆ្នាំ ១៩៩១ កំពុង​ដៀមដាម​រៀមច្បង Yang Mi ដោយ​កាល​ពី​១០​ឆ្នាំ​មុន អ្នក​ម្ដាយ​កូន​១​ធ្លាប់​ប្រាប់​ថា៖ កាល​ពី​ឆ្នាំ ២០០៧ នៅ​ពេល​ថត​រឿង​ថ្មី ខ្ញុំ​បាន​ដក​ធ្មេញ​ថ្គាម​៤​ ដែល​ធ្វើ​ឲ្យ​មុខ​ខ្ញុំ​តូច​​ជាង​មុន​ច្រើន​ណាស់។ តាម​ការ​បក​ស្រាយ​ខាង​លើ មនុស្ស​​ជា​ច្រើន​គិត​ថា Zheng Shuang ចង់​ថា​ឲ្យ​ Yang Mi វះ​កាត់​ថ្គាម​ឲ្យ​តូច តែ​មិន​ហ៊ាន​សារភាព​ទើប​ប្រាប់​ថា​មក​ពី​ដក​ធ្មេញ។

នៅ​លើ​បណ្ដាញ​សង្គម អ្នក​គាំទ្រ​របស់​តួ​ឯក​រឿង និស្ស័យ​ស្នេហ៍​ទេវតា​៣​ជាតិ​បាន​​បញ្ចេញ​មតិ​ថា៖ Zheng Shuang ខ្លួន​ឯង​ក៏​កែ​មុខដែរ ម៉េច​ក៏​ថា​ឲ្យ​គេ​បែប​នេះ។ តែ​ក៏​មាន​ម​តិ​លើក​ឡើង​ថា នេះ​គ្រាន់​តែ​ជា​ការ​ភាន់​ច្រឡំ​ដោយ Zheng Shuang មិន​បាន​តម្រង់​ទៅ​កាន់ Yang Mi ឡើយ។ ទោះ​បី​ជា​មិន​ទាន់​ដឹង​ការ​ពិត​យ៉ាង​ណា​ក្ដី តែ​ក្រុម​អ្នក​គាំទ្រ​របស់​តារា​ស្រី​ទាំង​២​កំពុង​ឈ្លោះ​គ្នា​បយ៉ាង​អឺងកង៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម