មនុស្ស​ស្រី​ត្រូវ​តែ​ដឹង​ រឿង​ទាំង​៣​នេះ បើ​កាន់​តែ​ធ្វើ​កាន់​តែ​ចម្រើន​ដល់​ខ្លួន​ឯង

  • 2020-12-24 08:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​ថា​អ្នក​នៅ​លីវ ឬ​មាន​គ្រួសារ​ហើយ​នោះ​ទេ សកម្មភាព​ទាំង ៣​នេះ បើ​អ្នក​ធ្វើ​ជា​ប្រចាំ គ្មាន​ថ្ងៃ​ខាត​នោះ​ទេ មាន​តែ​ចំណេញ​សម្រាប់​ខ្លួន​ឯង។ ដូច​នេះ​ហើយ កុំ​ភ្លេច​ធ្វើ​រឿង​ទាំង​នេះ ដើម្បី​អនាគត​ខ្លួន​ឯង​កាន់តែ​ភ្លឺ​ស្វាង។

១. មើល​ថែ​ទាំ​ខ្លួន​ឯង

មនុស្ស​ស្រី​ជា​ច្រើន​ក្រោយ​មាន​សង្សារ មាន​គ្រួសារ​រួច​ហើយ គួប​ផ្សំ​នឹង​ការងារ​ចិញ្ចឹម​គ្រួសារ​ទៀត​នោះ​ បាន​ធ្វើ​ឲ្យ​ពួក​គេ ភ្លេច​ភ្លាំង​ខ្លួន​ឯង លែង​មាន​ពេល​រវីរវល់​ពី​សុខភាព​ ក៏​ដូច​ជា​សម្រស់​របស់​ខ្លួន​ឯង។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​សក់​ក្បាល សម្លៀក​បំពាក់​ក៏​មើល​លែង​យល់។ នៅ​ពេល​ដែល​ខ្លួន​ឯង​ស្ថិត​ក្នុង​សភាព​បែប​នេះ សូម្បី​តែ​អ្នក​ផ្ទាល់​មើល​ទៅ​ក៏​លែង​មាន​អារម្មណ៍​ស្រលាញ់​ខ្លួន​ដែរ កុំ​ថា​ឡើយ​អ្នក​ដទៃ។ បើ​ទុកដល់​ថ្នាក់​នេះ ការ​ដែល​ស្វាមី ឬ​សង្សារ​បែក​ចិត្ត​គ្រាន់​តែ​ជា​រឿង​មុន និង​ក្រោយ​តែ​ប៉ុណ្ណោះ។

២. សាង​ទំនាក់ទំនង​ក្នុង​សង្គម

មនុស្ស​ស្រី​ភាគ​ច្រើន​ ក្រោយ​ពេល​មាន​គ្រួសារ​ហើយនឹង​កាត់​បន្ថយ​ការ​ប្រាស្រ័យទាក់ទង​នៅ​ក្នុង​សង្គម ដោយផ្ដោត​លើ​តែ​រឿង​គ្រួសារ និង​កូន​ៗ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​បាត់បង់​ឱកាស​ល្អ​ជា​ច្រើន​ដែល​ខ្លួន​សម​នឹង​ទទួល​យក​បាន។ អ្នក​ត្រូវ​ដឹង​ថា ក្រោយ​ពេល​មាន​គ្រួសារ​ហើយ មិន​មាន​ន័យ​ថា ជីវិត​នៅ​ក្នុង​សង្គម​របស់​អ្នក​ត្រូវ​បាន​បញ្ចប់​នោះ​ទេ។ ព្រោះ​ទំនាក់ទំនង​ទាំង​នេះ​ហើយ ដែល​ជា​ស្នូល​ឲ្យ​អ្នក​ជោគជ័យ​ទៅ​ថ្ងៃ​ក្រោយ។

៣. ប្រឹងប្រែង​ដើម្បីការងារ

នៅសម័យ​ដែល​នារី​ៗ ក៏​អាច​ជោគជ័យ​ដូច​មនុស្ស​ប្រុស​ដែរ​នោះ។ ការ​ដែល​មនុស្ស​ស្រី​អាច​ឯករាជ្យ​រឿង​លុយ​កាក់​ និង​រក​ចំណូល​ឲ្យ​ខ្លួន​ឯង​បាន​នោះ គឺ​ជា​រឿង​ដែល​ប្រពៃ​ជា​ទី​បំផុត។ ព្រោះ​នៅ​ពេល​នោះ នាង​មិន​ខ្លាច ថា​មាន​អ្នក​ណា​ដើរ​ចូល ឬ​ដើរ​ចេញ​ពី​ជីវិត​របស់​នាង​ឡើយ ហើយ​នាង​អាច​ធ្វើ​ជា​ម្ចាស់​ជីវិត​របស់​ខ្លួន​បាន​យ៉ាង​ល្អ មិន​ចាំ​បាច់​លា​ដៃ​សុំ​លុយ​នរណា​ទាំង​អស់៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel