ហុងស៊ុយរៀបចំសាឡុង ដែលស្ទើរតែ ៨០% គឺតែងតែរៀបខុស ធ្វើអ្វីក៏មិនរលូន

  • 2020-12-23 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​រៀបចំឈុត​សាឡុង​ឲ្យ​ត្រូវ​តាម​ក្បួន​ខ្នាត​ហុងស៊ុយ មិន​ត្រឹម​តែ​ជួយ​ឲ្យ​ផ្ទះ​របស់​អ្នក​មើល​ទៅ​មាន​សោភណ្ឌភាព​ស្អាត​នោះ​ទេ​ វា​ក៏​ជួយ​ឲ្យ​ការ​រក​ទទួលទាន​ និង​សុភមង្គល​គ្រួសារ​បាន​កក់​ក្ដៅ​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​រៀប​ឈុត​សាឡុង កុំ​ឲ្យ​ឡាក់​ឆុង​ដល់​ម្ចាស់​គេហដ្ឋាន។

១. ទំហំ និង​ពណ៌​នៃ​សាឡុង

អ្នក​មិន​គួរ​ជ្រើស​យក​សាឡុង​ទំហំ​ធំ​ខ្លាំង​ពេក ធ្វើ​ឲ្យ​បិទ​បាំង​ទីធ្លា​បន្ទប់​ទទួល​ភ្ញៀវ​អស់​នោះ​ទេ ព្រោះ​បើ​តម្រា​​ហុងស៊ុយ ការ​រៀប​ចំបែប​នេះ នឹង​ធ្វើ​ឲ្យ​បន្ទប់​ចង្អៀត​ចង្អល់ មាន​អារម្មណ៍​ថា​ថប់ ប៉ះពាល់​ដល់​អារម្មណ៍​សមាជិក ធ្វើ​ឲ្យ​ឆាប់​មួម៉ៅ ក្ដៅ​ក្រហាយ បង្ករ​ជា​រឿង​ឈ្លោះ​ប្រកែក​គ្នា​ឥត​ល្ហែ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នក​មិន​គួរ​រើស​សាឡុង​ពណ៌​ឆើត​ហួសហេតុ​ឡើយ ដែល​ធ្វើ​ឲ្យ​មេគ្រួសារ​អារម្មណ៍​មិន​ស្ងប់​ពិបាក​ធ្វើ​អ្វី​មួយ។

២. ទីតាំង​ដាក់​សាឡុង

សម្រាប់​ការ​រៀបចំ​សាឡុង​វិញ អ្នក​ត្រូវ​រៀប​យ៉ាង​ម៉េច​ឲ្យ​អ្នក​គ្រប់​គ្នា​អង្គុយ​លើ​សាឡុង អាច​មើល​ឃើញ​ទ្វារ​បន្ទប់​ទទួល​ភ្ញៀវ និង​អាច​មើល​ឃើញ​សមាជិក​ទាំង​អស់​ដែល​កំពុង​អង្គុយ​នៅ​ទី​នោះ។ ដូច​នេះ​ហើយ វិធី​ដែល​ងាយ​រៀប​ឲ្យ​បាន​រាង​នេះ​បំផុត​នោះ​គឺ រៀប​សាឡុង​រាង​អក្សរ U។ ការ​រៀប​ចំបែប​នេះ ជួយ​បង្ករ​ឲ្យ​បរិយាកាស​ក្នុង​គ្រួសារ​បាន​កក់​ក្ដៅ មិ​ន​ងាយ​មាន​ជម្លោះ សមាជិក​ក្នុង​គ្រួសារ​ចេះ​យោគយល់​គ្នា។

៣. កន្លែង​មិន​គួរ​ដាក់​សាឡុង

សម្រាប់​ទីតាំង​ដែល​មិន​គួរ​ដាក់​សាឡុង​នោះ គឺ​ហាម​ដាច់​ខាត​មិន​ឲ្យ​ដាក់​សាឡុង​បែរ​ខ្នង​នឹង​ផ្ទះ​បាយ ត្បិត​គេ​​ជឿ​ថា សាឡុង​គឺ​ជា​កន្លែង​សម្រាប់​សម្រាក ឯ​ផ្ទះ​បាយ​គឺ​ជា​ធាតុ​ភ្លើង។ ប្រសិន​បើ​ដាក់​កន្លែង​ទាំង ២​នេះ​ទល់​ខ្នង​គ្នា នោះ​សមាជិក​ក្នុង​គ្រួសារ​នឹង​ជួប​តែ​បញ្ហា​មិន​ចេះ​ចប់ បង្ករ​ជា​រឿង​ក្ដៅ​ក្រហាយ​ក្នុង​គ្រួសារ រក​ទទួល​ទាន​ពិបាក​មាន​បាន៕

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម