ក្រឡេកមើលឡើងវិញទោះកូវីដ១៩រាតត្បាតសាហាវ យ៉ាងហោច២០២០ ក៏បានបង្រៀនមនុស្សនូវមេរៀន៥យ៉ាងនេះ

  • 2020-12-23 04:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​អំឡុង​ពេល​កូវីដ​១៩ ​វា​បាន​ធ្វើ​ឲ្យ​ពិភពលោក​ក្រឡាប់​ចាក់​យ៉ាង​ខ្លាំង រហូត​មាន​មនុស្ស​មួយ​ចំនួន​យល់​​ថា ២០២០ ​គឺ​ជា​ឆ្នាំ​មិន​ល្អ​សម្រាប់​ភព​ផែន​ដី​មួយ​នេះ។ ​យ៉ាង​ណា​ក៏​ដោយ ​បើ​អ្នក​ងាក​មើល​មួយ​ជ្រុង​ទៀត ​អ្នក​នឹង​ដឹង​ថា​វា​ក៏​បង្ប់​នូវ​ផល​វិជ្ជមាន​ច្រើន​ដែរ​សម្រាប់​មនុស្ស​ជាតិ។

១. ​គម្លាត​សង្គម​ បង្កើត​​ឱកាស​ជិត​ស្និទ្ធ​ដល់​សមាជិក​គ្រួសារ

ខណៈ​ពេល​កូវីដ១៩​កំពុង​រាត​ត្បាត ​​​ការ​កាត់​បន្ថយ​ចេញ​ដើរ​ខា​ង​ក្រៅ​គឺ​ជា​រឿង​ដែល​គ្មាន​នរណា​ចង់​នោះ​ទេ តែ​បើ​យើង​ក្រឡេក​ពី​ផល​វិជ្ជមាន​វិញ ​នេះ​គឺ​ជា​ពេល​វេលា​ដ៏​មាន​ន័យ​ក្នុង​ការ​បង្កើត​ភាព​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ។ មនុស្ស​ជា​ច្រើន​តម្រូវ​ឲ្យ​ធ្វើ​ការ​ពី​ផ្ទះ ​សិស្ស​សាលា​តម្រូវ​ឲ្យ​រៀន​តាម Online ​ពី​ផ្ទះ ហើយ​វា​បាន​ក្លាយ​ជា​ឱកាស​ជួប​ជុំ​គ្នា​ជាមួយ​​សមាជិក​គ្រួសារ ​ច្រើន​ជាង​ជួប​ជុំ​មិត្ត​ភក្កិ។ ​​ពួក​គេ​អាច​ចូល​រួម​ចម្អិន​អាហារ​ជាមួយ​គ្នា ​​​ជួយ​កិច្ច​ការងារ​ផ្ទះ … ​ដែល​រឿង​ទាំ​ង​នោះ​កាល​ពី​មុន ​គឺ​មនុស្ស​ជា​ច្រើន​កម្រ​មាន​ពេល​វេលា​ធ្វើ​រួម​គ្នា​ណាស់។ ​ថ្វី​ត្បិត​សកម្មភាព​ទាំង​នោះ​មើល​ទៅ​សាមញ្ញ ​តែ​វា​មាន​តម្លៃ ​និង​កក់​ក្តៅ ​បំ​ផុត។

២. ​ឱកាស​រៀន​មុខ​ជំនាញ​ថ្មី​ៗ

​ខណៈ​ដែល​មនុស្ស​ភាគ​ច្រើន​ជ្រើស​រើស​យក​ការ​​គេង​ស្ទើរ​ពេញ​មួយ​ថ្ងៃ​ ​ខ្ជិល​ធុញ​ថប់ ឬ​លេង​ហ្គេម​កម្សាន្ត​អារម្មណ៍​អំឡុង​ពេល​កូវីដ​១៩ ​តែ​បើ​យើង​​ក្រឡេក​មើល​មួយ​ជ្រុង​ទៀត ​នោះ​គឺ​ជា​ពេល​វេលា​ដ៏​អស្ចារ្យ​សម្រាប់​​បន្ថែម​ចំណេះ​ដឹង​ថ្មី​ៗ​និង​មុខ​ជំនាញ​ផង​ដែរ។ ​មនុស្ស​ធម្មតា​​នៅ​ពេល​ជួប​ស្ថាន​ភាព​លំបាក ​គេ​​នឹង​ស្តី​បន្ទោស​ខ្លួន​ឯង​មិន​ចង់​ដើរ​ទៅ​មុខ ​តែ​សម្រាប់​មនុស្ស​ជោគ​ជ័យ​វិញ ​នឹង​​ចាប់​ឱកាស​យ៉ាង​លឿន​ពី​ស្ថាន​​ភាព​ដ៏​តាន​តឹង​ ដើម្បី​ច្នៃ​ឲ្យ​ទៅ​ជា​មាន​ប្រយោជន៍។

៣. កាន់​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​មួយ​កម្រិត​ទៀត

អំឡុង​កូវីដ​កំពុង​ផ្ទុះ​ខ្លាំង ​វា​បាន​ឆក់​យក​ជីវិត​មនុស្ស​រាប់​ម៉ឺន​នាក់​ជា​រៀង​រាល់​ថ្ងៃ មិន​ថា​ជា​អ្នក​មាន​ អ្នក​ក្រ ​មាន​បុណ្យ​សក្កិ ឬ​មនុស្ស​តូច​ទាប​ឡើយ។ ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ​សុខភាព​គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​ជីវិត ហើយ​បើ​គ្មាន​សុខភាព​ល្អ​ទេ ​គ្រប់​យ៉ាង​ក៏​គ្មាន​តម្លៃ​អ្វី​ទាំង​អស់។ ​ដូច្នេះ ​​ស្ថាន​ភាព​នេះ​បាន​បង្រៀន​​មនុស្ស​ឲ្យ​ចេះ​យក​ចិត្ត​ទុក​ដាក់​លើ​សុខភាព​​ខ្លួន​ឯង​កាន់​តែ​ច្រើន ​តាម​រយៈ​ការ​ចេះ​​លៃ​លក​ពេល​​វេលា​ចូល​គេង​ឲ្យ​បាន​គ្រប់​គ្រាន់ ​យកចិត្ត​ទុកដាក់​លើ​របប​អាហារ ​និង​ធ្វើ​លំហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​ផង​ដែរ។

៤. ចេះ​រីក​រាយ​​សូម្បី​រឿង​តូច​តាច ​ក្នុង​ជីវិត

​ពួក​យើង​សុទ្ធ​តែ​ដឹង​គ្រប់​គ្នា​ថា ​ជីវិត​​មនុស្ស​មិន​ទៀង​ទាត់​ទេ ​គឺ​វា​អាច​បញ្ចប់​បាន​គ្រប់​ពេល​នៅ​វិនាទី​ណា​មួយ។ ​ហេតុ​នេះ ​បើ​ព្រឹក​ឡើង ​អ្នក​នៅ​តែ​​អាច​ក្រោក​មើល​ឃើញ​​ពន្លឺ​ព្រះ​អាទិត្យ​បាន ​​ គួរ​តែ​អរគុណ​ជីវិត​មួយ​នេះ​ទៅ។ ​គួរ​រៀន​​រីក​រាយ​សូម្បី​តែ​រឿង​តូច​តាច​ក្នុង​ជីវិត​​របស់​អ្នក ​​រៀន​ផ្តល់​ក្តី​ស្រលាញ់​ដល់​មនុស្ស​នៅ​ក្បែរ​អ្នក និង​​រៀន​លើក​ទឹក​ចិត្ត​​ដល់​គ្នា​ទៅ​វិញ​ទៅ​មក។ ​

៥. ​ចេះ​ពី​របៀប​សន្សំ​លុយ

​យើង​ទាំង​អស់​គ្នា សុទ្ធ​តែ​ប្រាប់​គ្នា​​ថា គ្រប់​យ៉ាង​សុទ្ធ​តែ​អាច​​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក ដូច្នេះ ​ត្រូវ​រស់​នៅ​​ថ្ងៃ​នេះ​ឲ្យ​ដូច​ថ្ងៃ​ចុង​ក្រោយ។ ​យ៉ាង​ណា​ក៏ដោយ ​​នេះ​មិន​មាន​ន័យ​ថា ​យើង​ត្រូវ​ចំណាយ​​លុយ​​ទាំង​អស់​ទៅ​លើ​អ្វី​មួយ ​ហាក់​ដូច​គ្មាន​រឿង​អ្វី​កើត​ឡើង​នៅ​ថ្ងៃ​ស្អែក​នោះ​ដែរ។ ​ហេតុ​នេះ ​អ្នក​ត្រូវ​រៀន​សន្សំ​លុយ​ឲ្យ​បាន​គ្រប់​គ្រាន់ ​យ៉ាង​ហោច​សម្រាប់​ការ​​ផ្គត់​ផ្គង់ ​៣- ​៦ ​ខែ​ខាង​មុខ ​ក្នុង​ករណី​​ដែល​យើង​ត្រូវ​ជួប​ស្ថានភាព​បាត់​បង់​ប្រាក់​ចំណូល​ណា​មួយ​​ភ្លាម​ៗ។ ​

​ពេល​នេះ ​២០២០ ​ជិត​​ដាច់​ផុត​ហើយ ​ដូច្នេះ​អ្នក​គួរ​​អរគុណ​ចំពោះ​ជីវិត​មួយ​នេះ ​អរគុណ​ដែល​អ្នក​នៅ​តែ​រស់​នៅ​លើ​ផែន​ដី​នេះ​បាន ។ ​ឆ្នាំ​២០២១ ​កាន់​តែ​ជិត​ចូល​មក​ដល់ ​រឿង​ទុក្ខ​ព្រួយ ​ក្តី​បារម្ភ​ផ្សេង​ៗ​សូម​ឲ្យ​ជៀស​​ឆ្ងាយ ​និង​រស់​នៅ​ដោយ​ភាព​ស្ងប់​សុខ និង​សុភមង្គល​៕

ប្រភព៖ emdep ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម