ជួបគ្នាលើកដំបូង ខាងស្រីនាំសាច់ញាតិ២៣នាក់មកញ៉ាំអីអស់ ៣ពាន់ដុល្លារ ធ្វើឲ្យខាងប្រុសស្លេកមុខ
- 2020-12-21 15:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជួបគ្នាលើកដំបូង ខាងស្រីនាំសាច់ញាតិ២៣នាក់មកញ៉ាំអីអស់ ៣ពាន់ដុល្លារ ធ្វើឲ្យខាងប្រុសស្លេកមុខ
នៅក្នុងករណីនេះ ប្រសិនជាខាងប្រុសរូបណា ក៏ប្រហែលជាទ្រាំមិនបាននោះដែរ។ ដោយសារតែជីវិតការងាររវល់ខ្លាំងពេកធ្វើឲ្យមនុស្សជាច្រើនគ្មានពេលមើលចិត្តគ្នា ទើបសេវាកម្មស្វែងរកសង្សារកំពុងរីកដុះដាលដូចផ្សិត។ ជាក់ស្ដែង បុរសម្នាក់សុំលាក់ឈ្មោះអាយុ ២៩ឆ្នាំ មកពីប្រទេសចិន នៅតែគ្មានមិត្តស្រីម្នាក់ ហើយត្រូវឪពុកម្ដាយរំអុកខ្លាំងពេក ទើបសម្រេចចិត្តប្រើសេវាកម្មស្វែងរកមិត្តស្រី។ ក្រោមការរៀបចំរបស់សេវាខាងលើ បុរសរូបនេះត្រូវបានគេគួបផ្សំជាមួយនារីអាយុ ២៥ឆ្នាំមួយរូប។
កន្លែងដែលណាត់គ្នា ត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានលំដាប់ខ្ពស់មួយ ហើយមុនជួបគ្នា ខាងប្រុសក៏បញ្ជាក់ផងដែរថា ខ្លួននឹងជាអ្នកចេញលុយ។ តែគ្រាន់តែខាងស្រីបង្ហាញមុខភ្លាម ខាងប្រុសស្លេកមុខពឹម។ ហើយស្លេកមុខនេះមិនមែនមកពីខាងស្រីអាក្រក់ ឬស្អាតខ្លាំងពេកនោះទេ គឺមកពីខាងស្រីនាំមនុស្សមកដល់ទៅ ២៣នាក់។
“នាងបានប្រាប់ខ្ញុំថា គ្រួសាររបស់នាងចង់មកវាយតម្លៃគូស្រករអនាគតរបស់នាង ទើបនាំមកច្រើនដូចនេះ” បុរសខាងលើឲ្យដឹង។ ដោយសារតែមកគ្នាច្រើនពេក ហាងខាងលើត្រូវតតុដល់ទៅ ៤ទើបដាក់អស់។ ប៉ុន្តែអ្វីដែលធ្វើឲ្យខាងប្រុសបះសក់ជាងគេនោះគឺ នៅពេលទូទាត់លុយ សរុបទាំងអស់គឺដល់ ២ម៉ឺនយាន់ (៣ពាន់ដុល្លារ)។ នៅពេលទទួលបានវិកយបត្រ លោកបានសម្រេចចិត្តចេញតែថ្លៃរបស់ខ្លួន ចំណែកខាងស្រី និងអ្នកផ្សេងត្រូវគិតដោយខ្លួនឯង។ នៅពេលនេះសមាជិកគ្រួសារខាងស្រីបានលោតស្រែកឆោឡោ ព្រោះគិតថាត្រូវគេបោកប្រាស់។ នៅចុងបញ្ចប់ ភាគីខាងស្រីសុខចិត្តចំណាយ ១៥០០០យាន់ (២២០០ដុល្លារ) ហើយនៅសល់ប៉ុន្មាន ខាងប្រុសអ្នកចេញ។ ហេតុការណ៍ខាងលើ ក្រោយពេលបង្ហោះលើបណ្ដាញសង្គម បានធ្វើឲ្យគេចាប់អារម្មណ៍ជាខ្លាំង ដោយមិននឹកស្មានថា ខាងស្រីអាចធ្វើបែបនេះទៅរួច៕