ខឹង​ទូ ATM លេបកាត​មិន​ព្រម​ខ្ជាក់ បុរស​ម្នាក់​យក​ញញួរ​វាយ​កម្ទេច​ទូ​ចោល

  • 2020-12-14 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​​ត្រូវ​ទូ ATM លេប​បាត់​កាត​របស់​ខ្លួន ដក​លុយ​មិន​បាន បុរស​ម្នាក់​បាន​ត្រលប់​ទៅ​ផ្ទះ​យក​ញញួរ ហើយ​វាយ​កម្ទេច​ទូ​ខាង​លើ បន្ទាប់​មក​ក៏​ដើរ​ចេញ។ កាល​ពី​យប់​ថ្ងៃ​ទី ១០ ខែ​ធ្នូ​កន្លង​ទៅ​នេះ នៅ​ខេត្ត Binh Duong ប្រទេស​​វៀតណាម​បាន​កើត​ហេតុការណ៍​មួយ​ធ្វើ​ឲ្យ​អ្នក​ស្នាក់​នៅ​ក្នុងតំបន់​ភ្ញាក់​ផ្អើល​ជា​ខ្លាំង។ ដោយ​បុរស​​ម្នាក់ បាន​ទៅ​ដក​លុយ​នៅ​ទូ​ ATM របស់​ធនាគារ​ មួយ ដែល​មាន​អាសយដ្ឋាន​នៅ​ជិត​ផ្ទះ​ខ្លួន។

តាម​សម្ដី របស់​អ្នក​ដែល​មាននៅ​កន្លែង​កើត​ហេតុផ្ទាល់ ក្រោយ​ពេល​បុរស​រូប​នេះ​ដក​លុយ​មិន​បាន ហើយ​ត្រូវ​ទូ​លេប​កាត​បាត់​នោះ គេ​ក៏​ឃើញ​លោក​ដើរ​ចេញ តែ​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ ស្រាប់​តែ​លោក​ត្រលប់​មក​វិញ ដោយ​មាន​ញញួរ​នៅ​ក្នុង​ដៃ​ ហើយ​វាយ​កម្ទេច​ទូ​ម៉ាស៊ីន​ខាង​​លើ​តែ​ម្ដង។

ក្រោយ​ពេល​ត្រូវ​អ្នក​ភូមិ​រាយការណ៍ ប៉ូលិស​តំបន់​បាន​មាន​វត្តមាន​ដើម្បី​អន្តរាគម​ករណី​ខាង​លើ ហើយ​បុរស​ដដែល​នេះ ត្រូវ​បាន​ចាប់​ទៅ​ប៉ុស្តិ៍​ដើម្បី​សាក​សួរ​បន្ត។ មាន​មុខ​នៅ​ប៉ុស្តិ៍ បុរស​ខាង​លើ​បាន​ទទួល​ស្គាល់​កំហុស​របស់​ខ្លួន ដោយ​លោក​លើក​ឡើង​ថា ដោយ​សារ​តែ​ត្រូវ​ការ​លុយ​ប្រញាប់ តែ​ត្រូវ​ម៉ាស៊ីន​លេប​កាត​បាត់ ទើប​ធ្វើ​ឲ្យ​លោក​ខឹង​មួយ​ឆាវ​ទប់​អារម្មណ៍​មិន​ជាប់ ទើប​មាន​ករណី​មិន​គួរ​នេះ​កើត​ឡើង។ ប៉ូលិស​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​មក​វាយ​ទូ​នេះ បុរស​ខាង​លើ​កំពុង​ស្ថិត​ក្នុង​ស្រវឹង​ស្រវឹង​ស្រា​រួច​ហើយ ព្រម​ទាំង​មាន​ជម្លោះ​ជាមួយ​ប្រពន្ធ​ផង​ដែរ៕

ប្រភព៖ Danviet ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម