៥ រឿងរ៉ាវពិតរបស់មនុស្សស្រីឆា្លតត្រូវតែផ្លាស់ប្តូរឲ្យបាន ក្រោយអាយុ២៤ឆ្នាំ

  • 2020-12-08 07:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​​​ចាប់​ពី​អាយុ​២៤​ឆ្នាំ​ទៅ គឺ​​ជា​ពេល​វេលា​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ថា​អ្នក​កំពុង​តែ​មាន​ភាព​ចាស់​ទុំ​បន្តិច​ម្តង​ៗ ​ក្នុង​ការ​គិត និង​បញ្ចេញ​សកម្មភាព​។ ​ដូច្នេះ ​ស្ទីល​ម៉ូដ​សម្លៀក​បំពាក់ ​ការ​ណាត់​ជួប ​ឬ​ការ​​គ្រប់​​គ្រង​ហិរញ្ញវត្ថុ​ក៏​ចាំ​បាច់​ត្រូវ​ផ្លាស់​ប្តូរ​ឲ្យ​សម​ទៅ​តាម​នោះ​ដែរ។ ដូចនេះ​ នៅ​ពេល​ចូល​ដល់​វ័យ​លើស​ពី​២៤​ឆ្នាំ​ហើយ ​រឿង​ទាំង​ប៉ុន្មាន​ខាង​ក្រោម ​ត្រូវ​កាត់​បន្ថយ​ឲ្យ​បាន។​

​គិត​ពី​សម្តី​អ្នក​ដទៃ​ពេក

​ក្នុង​ករណី​ខ្លះ ​សម្តី​​មនុស្ស​​ដទៃ​អាច​​ធ្វើ​ឲ្យ​​អ្នក​​រីក​ចម្រើន និង​អភិវឌ្ឍ​​នៅ​ក្នុង​ជីវិត​និ​ង​ការងារ។ ​តែ​បើ​អ្នក​គិត​ពី​មាត់​​មនុស្ស​ដទៃ​ពេក ​អ្នក​នឹង​បាត់​ភាព​ជា​ខ្លួន​ឯង ហើយ​មាន​តែ​ធ្វើ​ឲ្យ​ខ្លួន​ឯង​លំបាក​លើស​ដើម។​ហេតុ​នេះ ​កុំ​ព្យាយាម​ប្តូរ​ខ្លួន​ឯង​ ដើម្បី​គ្រាន់​តែ​ចង់​ឲ្យ​អ្នក​ដទៃ​សប្បាយ​ចិត្ត​ឲ្យ​សោះ។

​រៀបការ​​ជាមួយ​បុរស​មិន​ល្អ

​កុំ​ដោយសារ​តែ​អាយុ​ច្រើន ​កុំ​ដោយ​សារ​តែ​ខ្លាច​ឯកា ហើយ​អ្នក​បែរ​ជា​ជ្រើស​យក​បុរស​ម្នាក់​មក​រៀប​ការ ​នោះ​​ហៅ​ថា ​ស្នេហា​ដ៏​អាក្រក់​បំ​ផុត។ ​ទំនាក់​ទំនង​ដែល​​មិន​ចេញ​ពី​ចិត្ត​ស្មោះ ​គឺ​ជា​ការ​ចំណាយ​ពេល​ដ៏​ខ្ជះ​ខ្ជាយ​និង​ឱកាស​​ចំពោះ​ខ្លួន​ឯង។

ខ្វះ​ភាព​ជឿ​ជាក់

​​អំ​ឡុង​ពេល​ធ្វើ​ការ​បាន​២ -​៣​ ​ឆ្នាំ ​គឺ​ជា​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​អ្នក​ស្រង់​បទ​ពិសោធន៍​បា​ន​ច្រើន​ហើយ។ ​ដូច្នេះ ​​កុំ​នៅ​ស្ទាក់​ស្ទើរ​នឹង​ខ្វះ​ការ​ជឿ​ជាក់​លើ​សមត្ថភាព​របស់​ខ្លួន​ឯង​បន្ត​ទៀត។ ​ក្នុង​ករណី​ដែល​​លទ្ធផល​ការងារ​ចេញ​មក​​ធ្វើ​ឲ្យ​អ្នក​ខុស​ចិត្ត ​នៅ​ចំណុច​នេះ ​គឺ​ជា​ពេល​វេលា​ល្អ​​បំ​ផុត​ដើម្បី​កំណត់​គោល​ការណ៍​ថ្មី​សម្រាប់​អ្នក​ឲ្យ​ច្បាស់​ក្នុង​ថ្ងៃ​ខាង​មុខ។

គ្មាន​ការគ្រប់​គ្រង​ច្បាស់​លាស់​លើ​ផ្នែក​ហិរញ្ញវត្ថុ

​វា​​គ្មាន​អ្វី​ខុស​ទេ ​ដែល​កាល​នៅ​ក្មេង​អ្នក​​បាន​ចំណាយ​លុយ​ខ្លះ​ទៅ​ដើរ​លេង ​ឬ​លើ​សម្ភារៈ​មួយ​ចំនួន ​ដើម្បី​ជា​ការដូ​ខ្លួន​ឯង។ ​តែ​នៅ​ពេល​អ្នក​ចូល​វ័យ​លើស​ពី​២៤​ឆ្នាំ​ហើយ ​អ្នក​ត្រូវ​បង្កើត​នូវ​សមិទ្ធិផល​ខ្លះ​ៗ​សម្រាប់​ខ្លួន​ឯង។ ​ការ​ដឹង​ក្តី​មែន​ទែន ​នៅ​ពេល​អ្នក​ចេះ​គណនា​ច្បាស់​លាស់​ពី​ការ​ចំណូល​ចំណាយ​នៅ​ពេល​បច្ចុប្បន្ន ​និង​អនាគត សម្រាប់​ស្ថេរភាព​​ជីវិត ដើម្បី​កុំ​ឲ្យ​ថ្ងៃ​ក្រោយ​ត្រូវ​បារម្ភ​ច្រើ​លើ​បញ្ហា​ហិរញ្ញវត្ថុ នៅ​ពេល​ជួប​ហានិភ័យ​ណាមួយ​ដែល​កើត​ឡើង​ដោយ​មិន​បាន​ព្រាង​ទុក។

ចាយ​លុយ​ខ្ជះ​ខ្ជាយ​លើ​សម្លៀក​បំពាក់

​​នៅ​អាយុ​ស្របាល​ៗ​២០​ឆ្នាំ ​អ្នក​ប្រហែល​ចង់​តុប​តែង​ខ្លួន​ឲ្យ​ស្រស់​ស្អាត ​តាម​វ័យ​របស់​អ្នក​ដូច​ផ្កា​កំពុង​រីក​មិន​ខាន ។ ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​អ្នក​ចូល​ដល់​វ័យ​មាន​ការងារ​ធ្វើ ​ប្រាក់​កាស​ស្ថិត​ស្ថេរ​ហើយ ​អ្នក​គួរ​​ចាស់​ទុំ​លើ​របៀប​នៃ​ការ​ចំណាយ​លុយ​​លើ​ការ​តុប​តែង​ខ្លួន​នេះ​ឲ្យ​បាន​ខ្លាំង​ជា​ងមុន។ ​កុំ​ចំណាយ​ប្រាក់​ច្រើន ​ទៅ​លើ​សម្លៀក​បំពាក់ ​រហូត​ទាល់​តែ​អស់​ប្រាក់​ពី​ខ្លួន៕​​

ប្រភព៖ bestie ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម