មេរៀនជីវិតទាំង ៥ យ៉ាងដែលអ្នកអាចរៀនបានពីរឿងភាគកូរ៉េ "Start Up"

  • 2020-12-08 03:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនត្រឹមតែមានសាច់រឿងប្លែកគួរអោយតាមដាននោះទេ រឿងនេះក៏បានរួមបញ្ចូលនូវការអប់រំជាច្រើនជាពិសេសចំពោះអ្នកដែលកំពុងតែមានការចាប់អារម្មណ៏ចំពោះការងារទាក់ទង នឹង បច្ចេកវិទ្យា។ ទាំងនេះជាមេរៀនជីវិតទាំង ៥ យ៉ាងដែលអ្នកអាចរៀនបានពីរឿងភាគមួយនេះ៖

១. កុំខ្លាចភាពបរាជ័យ

សាច់រឿងមួយនេះស្ដែងពីជីវិតសហគ្រិនវ័យក្មេងដែលស្ថិតនៅក្រោមការជ្រោមជ្រែងរបស់ក្រុមហ៊ុន Sandbox។ ឈ្មោះ Sandbox នេះជាតំណាងដែលថាអ្នកអាចហោះហើរឈោងចាប់ក្ដីស្រម៉ៃដោយមិនចាំបាច់ភ័យខ្លាច ព្រោះថាមានដីខ្សាច់ជួយមិនទ្រមិនអោយអ្នកមានរបួសនោះទេ ពេលដែលអ្នកធ្លាក់ចុះមក។ តែចំពោះក្នុងជីវិតពិតនេះ អ្នកនឹងមិនមាននរណាដែលនឹងដើរតួជា Sandbox សម្រាប់អ្នកនោះទេ របួសដែលកើតមានពីការដួលជាច្រើនលើកច្រើនសារនោះ មានតែបញ្ជាក់យ៉ាងច្បាស់ថាអ្នកក្រោកឈរឡើងវិញច្រើនប៉ុណ្ណានោះទេ។ ឪពុករបស់ Dalmi ជាឧទារហណ៏យ៉ាងច្បាស់ចំពោះចំនុចមួយនេះ។ គាត់ជាសហគ្រិនដែលមានការតស៊ូ និង តាំងចិត្តយ៉ាងខ្លាំងក្លា ព្រោះចង់ឃើញគំនិតរបស់ខ្លួនលេចចេញជារូបរាងឡើងមក។

២. ការរិះគន់បែបស្ថាបនា ចាំបាច់ណាស់ដើម្បីអភិវឌ្ឍខ្លួនឯង

Ji Pyeong ជាប្រភេទមនុស្សដែលចូលចិត្តនិយាយអ្វីត្រង់ទៅត្រង់មក មិនចូលចិត្តបត់បែន ជាពិសេសចំពោះក្រុមហ៊ុន Samsan Tech ហើយក៏ជាអ្នកណែនាំ (Mentor) ដែលតឹងតែងជាងនរណាៗទាំងអស់ដែរ។ នៅក្នុងភាគទី ១០ Ji Pyeong បានសុំទោស Dal mi ព្រោះតែទង្វើកន្លងមករបស់ខ្លួន ហើយសួរថានាងចង់ដឹងពីអ្វី។ Dal mi ក៏ឆ្លើយតបទៅវិញថា អ្វីដែលនាងចង់បានបំផុតនោះគឺពាក្យពិត និង យោបល់ដ៏ស្មោះត្រង់បំផុត មិនមែនសន្យាខ្យល់នោះទេ ព្រោះមានតែបែបនេះនោះទេ ទើបអាចមានការប្រែកើតឡើងបាននោះ។

៣. ការពិតមិនពិរោះស្ដាប់ពិតមែន តែល្អឆ្ងាយជាងពាក្យមិនពិត

អ្នកដែលតាមដានច្បាស់ជាដឹងមិនខានថា តួឯកប្រុស Dosan និង តួប្រុស Jipyeong រួមដៃគ្នាកុហក Dalmi ព្រោះមិនចង់អោយនាងខូចចិត្ត តែចុងក្រោយការពិតក៏បែកធ្លាយចេញមក គេចមិនផុតពី Dalmi ត្រូវខូចចិត្ត ខកបំណងនោះទេ។ មិនត្រឹមតែចំពោះរឿងមួយនេះនោះទេ នាងក៏ចាប់ផ្ដើមគិតឡើងវិញស្ទើរតែគ្រប់រឿងថា រឿងមួយណាពិត មួយណាមិនពិត។

៤. ឈោងចាប់ក្ដីស្រម៉ៃខ្លួនឯងអាចជាការផ្សងព្រេងដ៏ធំមួយ តែបើប្រាកដចិត្តហើយច្បាស់ជាមិនស្ដាយក្រោយ

វាអាចនឹងមិនធំដុំពិតមែន តែកូនបាល់ Baseball ដែល Dosan អោយទៅ Dalmi នោះអាចជាកម្លាំងចិត្តមួយអោយនាងរត់តាមក្ដីស្រម៉ៃរបស់ខ្លួនដើម្បីក្លាយជា CEO។ វាជារឿងធម្មតានោះទេ ដែលការរត់តាមអ្វីដែលខ្លួនចង់បានអាចធ្វើអ្នកមានអារម្មណ៏មិនស្ងប់សុខក្នុងចិត្ត ហើយគិតអវិជ្ជមាន ព្រោះមិនអាចដឹងយ៉ាងប្រាកដថាអាចនឹងទៅរួចឬអត់។ តែទន្ទឹមនឹងនេះ វាក៏ជាដំណើរផ្សងព្រេងមួយនៅក្នុងជីវិតយើងនេះ ដែលអាចធ្វើអោយអ្នកមានអារម្មណ៏ថាមិនស្ដាយក្រោយ ពេលក្រឡេកត្រលប់មកវិញនោះ។

៥. វាស្រេចលើអ្នកនោះទេ ដែលការសម្រេចចិត្តណាមួយអាចអោយអ្នកស្ដាយក្រោយមួយជីវិតឬអត់

ជីវិតរបស់ Dalmi ច្បាស់ជាខុសឆ្ងាយពីសព្វថ្ងៃនេះខ្លាំងណាស់ បើសិនជានាងជ្រើសរើសទៅនៅជាមួយម្ដាយនាងកាលពីក្មេងនោះ។ បងស្រីរបស់នាង Injae តែងតែព្យាយាមធ្វើអោយ នាងមានអារម្មណ៏ថាខ្លួនឯងជ្រើសរើសមិនត្រឹមត្រូវដែលទៅទ្រាំលំបាកជាមួយឪពុកនោះ សូម្បីតែជីដូននាងពេលខ្លះក៏ពោលពាក្យបែបនេះដែរ។ តែទោះជាយ៉ាងណា ព្រោះតែការលំបាកនេះហើយ ដែលអាចធ្វើនាងរឹងមាំ តតាំង មិនខ្លាចក្នុងការប្រឈមមុខ នឹង បញ្ហាតូចធំ ដែលធ្វើអោយការជ្រើសរើសមួយនេះ ជាការសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតហើយ។

ប្រភព៖ Preview ប្រែ​សម្រួល៖ Iv Madalen

អត្ថបទពេញនិយម