បណ្ដាំ​អ្នក​អាយុ​៦០ ផ្ញើ​ទៅ​អ្នក​អាយុ​៣០៖ កុំ​វក់​នឹង​លុយ​ខ្លាំង​ពេក ព្រោះ​ចូល​សង្គ្រោះបន្ទាន់​ហើយ​គ្មាន​សល់​អ្វី​ឡើយ

  • 2020-11-23 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដល់​ទី​បញ្ចប់​​កើត​ចាស់​ឈឺ​ស្លាប់ ជា​ធម្មជាតិ​របស់​មនុស្ស​ទៅ​ហើយ។ អ្វី​ៗ​ក៏​នៅ​តែ​ជា​របស់​ក្រៅ​ខ្លួន។ ចំណុច​ខាង​ក្រោម​នេះ គឺ​ជា​អ្នក​អាយុ​៦០​ដែល​ធ្លាប់​ឆ្លង​កាត់ ចង់​ផ្ដាំ​ទៅ​អ្នក​អាយុ​៣០​ដែល​កំពុង​វីវក់​នឹង​ការ​រក​លុយ​របស់​ដល់​បាត់​បង់​ភាព​ជា​ខ្លួន​ឯង។

១. អ្នក​ចំណាយ​ពេល​មួយ​ជីវិត​ដើម្បី​ប្រឹង​សង្វាត​ ដល់​ទី​បញ្ចប់ ថ្ងៃ​ដែល​ជោគជ័យ​ស្រាប់​តែ​ធ្លាក់​ខ្លួន​​​ឈឺ​ងើប​លែង​រួច​ទៅ​វិញ។ សួរ​ថា អ្វី​ៗ​ដែល​លះបង់​នោះ ស័ក្ដិសម​ឬ​អត់។ អ្វី​ៗ​ក៏​មិន​អាច​ប្ដូរ​ជាមួយ​សុខភាព​បាន​ដែរ សូម​ចង​ចាំ​ថា គ្មាន​អ្វី​មាន​តម្លៃ​ជាង​សុខភាព​ឡើយ ព្រោះ​នៅ​មាន​សុខភាព អ្វី​ៗ​សុទ្ធ​តែ​មាន​សង្ឃឹម។

២. គម្រោង​ទាំង​ប៉ុន្មាន​ដែល​ធ្វើ​ឲ្យ​អ្នក​ដាច់​បាយ ដាច់​ទឹក អត់​ដេក អត់​ពួន សូម​ធ្វើ​ការ​ពិចារណា​ឡើង​វិញ។ តើ​គម្រោង​ទាំង​នេះ កំពុង​ធ្វើ​ឲ្យ​អ្នក​គ្មាន​ពេល​វេលា ឬ​ក៏​អ្នក​ខ្លួន​​ឯង​ផ្ទាល់​មិន​ចេះ​បែងចែក​ពេល​វេលា​ឲ្យ​ច្បាស់​លាស់។ ព្រោះ​ធ្វើ​ការ ហើយ​ទទួល​បាន​ការ​សម្រាក​មិន​គ្រប់ នឹង​ឆាប់​បាក់​កម្លាំង​ខ្លាំង​ណាស់។

៣. ​ច្បាប់​ធម្មជាតិ​មួយ​ដែល​មិន​អាច​កែប្រែ​បាន​នោះ​គឺ មាន​អ្វី​គ្រប់​យ៉ាង​ហើយ តែ​គ្មាន​សុខភាព​នោះ អ្វី​ៗ​នឹង​វិល​មក​តួ​លេខ ០ ទាំង​អស់។ សូម​កុំ​ប្រថុចញ៉ុច​ពេក ដល់​ថ្នាក់​លះបង់​អ្វី​គ្រប់​យ៉ាង​ដើម្បី​រក​ប្រាក់ ឬ​និយាយ​ឲ្យ​ខ្លី​គឺ​ប្រញាប់​មាន។ ព្រោះ​យើង​អាច​រក​តាម​សម្រួល ដោយ​គេ​តែង​ថា យូរ​ប៉ុណ្ណា​មិន​សំខាន់ ឲ្យ​តែ​ដល់​គោលដៅ​ដូច​គ្នា។ ​

៤. កើត​ចាស់​ឈឺ​ស្លាប់ គឺ​ជា​រឿង​មួយ​ដែល​គ្មាន​អ្នក​ណា​អាច​ជៀស​បាន​ទាំង​អស់។ កុំ​ពឺត​ដល់​ថ្នាក់ ដល់​ថ្ងៃ​ចូល​សង្គ្រោះ​បន្ទាន់ ត្រូវ​ដាក់​អុកស៊ីសែន​ហើយ​ទើប​ស្ដាយ​នោះ។ នៅ​ពេល​នោះ ទោះ​បី​ជា​អ្នក​កំពុង​ឈរ​នៅ​លើ​ភ្នំ​លុយ ក៏​អ្នក​មិន​អាច​បង្វិល​ពេល​វេលា​ឲ្យ​ថយ​ក្រោយ​បាន​ដែរ។ រក​លុយ​ធ្វើ​អ្វី ប្រសិន​បើ​មិន​មាន​ពេល​ដើម្បី​ប្រើប្រាស់​វា​ផង៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម