មិនធ្លាប់សេពគប់គ្នាពិតមែន តែកាត់ចិត្តពីគេអាចនឹងមិនងាយស្រួលនោះទេ

  • 2020-11-19 04:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កាត់ចិត្តពីមនុស្សដែលមិនធ្លាប់ស្រលាញ់គ្នា អាចនឹងពិបាកជាងមនុស្សដែលអ្នកធ្លាប់សេពគប់ទៅទៀត ធ្លាប់អត់ដែលត្រូវមកអង្គុយពិបាកចិត្តក៏ព្រោះតែមនុស្សដែលមិនត្រូវជាអ្វីនឹងគ្នាសោះនោះ​? ទោះជាមិនបានទាក់ទងគ្នាជាផ្លូវការក៏ពិតមែន តែអ្នកក៏មានអារម្មណ៏ពិសេសជាមួយគេ របៀបដែលសូម្បីតែខ្លួនឯងផ្ទាល់ក៏មិនដឹងបកស្រាយបែបណាអោយសម។ បើសិនជាអ្នកមានបញ្ហានេះមែន ហើយកំពុងតែព្យាយាមកាត់ចិត្តពីគេ អាចយកតិចនិចទាំងនេះមកពិចារណាបាន៖

១. កំណត់ពេលអោយខ្លួនឯងពិបាកចិត្ត

ត្រឹមត្រូវហើយដែលអ្នកទុកពេលអោយខ្លួនឯងខកចិត្តក៏ព្រោះតែធ្លាប់គិតថាប្រហែលជាគេនោះក៏មានចិត្តដូចអ្នកដែរ ហើយក៏អាចមានអនាគតជាមួយគ្នា។ហេតុនេះហើយគួរតែកុំដាក់សម្ពាធអោយខ្លួនឯងពេកអី បើចង់យំក៏យំចេញមក ស្តាប់ចម្រៀង Sad Sad ត្រូវរឿងក៏អាចអោយអ្នកធូរចិត្ត ហើយបញ្ចេញវាមកមួយពេលនេះអោយអស់តែម្ដង។

២. ជួបមនុស្សថ្មី

គ្មានអ្វីដែលអាចជួយអោយភ្លេចអ្នកចាស់បាន ជាងបានមកជួបមនុស្សថ្មីៗនោះទេ។ ពេលខ្លះ មនុស្សដែលមើលទៅសាកសមនឹងអ្នកអាចនឹងមិនមាននិស្ស័យគ្រប់គ្រាន់ដែលអាចអោយមកស្គាល់បែបជាគូស្នេហ៏ទេ ទោះជាមកអង្គុយពិបាកចិត្ត តូចចិត្តក៏មិនមានអ្វីកែប្រែបានដែរ សាកក្រឡេកមើលជុំវិញខ្លួនអ្នកមើល អាចនឹងមានមនុស្សដែលពេញចិត្តនឹងអ្នក ហើយល្អនឹងអ្នកខ្លាំងដែលអ្នកមិនដែលចាប់អារម្មណ៏ក៏ថាបាន។

៣. ព្យាយាមស្វែងរកហេតុផលដែលធ្វើអោយអ្នកពេញចិត្តគេខ្លាំងបែបនេះ

ច្បាស់ក្នុងចិត្តអត់ថា អារម្មណ៏ដែលអ្នកមានចំពោះគេនោះជាអារម្មណ៏ដែលស្រលាញ់បែបស្នេហ៏។ ពេលខ្លះមនុស្សយើងនេះអាចនឹងចាប់អារម្មណ៏លើ អ្វីដែលខ្លួនឈោងចាប់មិនបាន បើចំពោះមនុស្សវិញ អ្នកដែលកាន់តែព្រងើយកន្តើយនឹងអ្នក ធ្វើអោយកាន់តែមិនអាចភ្លេចពីគេ អញ្ចឹងហើយគួរតែស្វែងមូលេហតុអោយបានច្បាស់ពីអារម្មណ៏មួយនោះ។

ប្រភព៖ Insider ប្រែ​សម្រួល៖ Iv Madalen