ខួប​កំណើត​ដ៏​ឯកា​បំផុត​របស់ Huang Xiaoming មាន​តែ​ Zhao Wei ម្នាក់​គត់​ដែល​ជូន​ពរ ប្រពន្ធ​បាត់​ឈឹង

  • 2020-11-16 03:43:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ក្នុង​ថ្ងៃ​ខួប​របស់​ខ្លួន កំពូល​តារា​សម្ដែង​ប្រុស​ចិន Huang Xiaoming បង្ហាញ​អារម្មណ៍​ឯកា ខណៈ​ប្រពន្ធ​របស់​លោក តារា​សម្ដែង​ស្រី Angelababy រក្សា​ភាព​ស្ងៀមស្ងាត់​មិន​បង្ហាញ​អ្វី​ទាំង​អស់។

មុន​នេះ​បន្តិច​ បណ្ដាញស​ង្គម​ចិន Weibo បាន​ជ្រួល​ច្របល់​ដោយ​សារ​សកម្មភាព​ដ៏​ចម្លែក​របស់ប្ដី​ប្រពន្ធ​តារា​សម្ដែង​មាន​ឥទ្ធិពលចិន Huang Xiaoming និង Angelababy។ ជាក់​ស្ដែង កាល​ពិ​ថ្ងៃ​ទី ១៣ ខែវិច្ឆិកា កន្លង​ទៅ​​នេះ​ គឺ​​ជា​ថ្ងៃ​ខួប​ទី ៤៣​ឆ្នាំ​របស់​តារា​សម្ដែង​ប្រុ​ស​ជួរ​មុខ​ចិន Huang Xiaoming។ តែ​នៅ​លើ​បណ្ដាញសង្គម តួ​រឿង​ទេពឥន្ទ្រី​បក្សី​ស្នេហ៍ បែរ​ជា​បង្ហាញ​អារម្មណ៍​ពិបាក​ចិត្ត​ទៅ​វិញ ដោយ​លោក​បាន​បង្ហោះ​រូប​ហើយ​និយាយ​នៅ​ម៉ោង​៤ភ្លឺ​​ថា៖ ខួបកំណើត​ពិសេស ត្រូវ​មើល​ខ្លួន​ឯង​នៅ​ក្នុង​ភក់ និង​ទឹក​ត្រជាក់ តែ​ពន្លឺ​ព្រះអាទិត្យ​នៅ​តែ​ត្រចះត្រចង់”។

បណ្ដាញ​ព័ត៌មាន Sina បាន​ឲ្យ​ដឹង​ថា ដោយ​សារ​តែ​នៅ​ក្នុង​ឱកាស​ខួប​នេះ លោក​ត្រូវ​ទៅ​ធ្វើ​ការនៅ​ក្រៅ​មិន​បាន​នៅ​ផ្ទះ ទើប​មាន​អារម្មណ៍​ថា​ឯកា​ខ្លាំង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ នៅ​លើ​រូប​ភាព​​នេះ គឺ​មិន​ឃើញ​ស្រមោល​របស់ Angelababy ឡើយ ដោយ​អ្នក​ដែល​ចូល​ជូន​ពរលោក​ដំបូង​គឺ​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei ដែល​ជា​មិត្ត​រួម​សាលា​របស់​លោក។

ដោយ​ស្រី​ស្អាត ៤៤​ឆ្នាំ​បាន​សរសេរ​ថា៖ ជូន​ពរ​ខួប​កំណើត​មិត្ត​សម្លាញ់ សូម​ឲ្យ​សុខភាព និង​មាន​សុភមង្គល​រហូត​ណា។ ការ​រក្សាភាព​ស្ងៀមស្ងាត់រ​បស់ Angelababy បាន​ធ្វើ​ឲ្យ​ការ​សង្ស័យ​បែក​គ្នា​របស់​អ្នក​ទាំង ២​ត្រូវ​រើ​ឡើង​ជា​ថ្មី ដោយ​ប៉ុន្មាន​ឆ្នាំ​ជាប់​គ្នា​មក​ហើយ ដែល​ប្ដី​ប្រពន្ធ​នេះ​មិន​ដែល​នៅ​ជាមួយ​គ្នា​នៅ​ក្នុងឱកាស​ពិសេស​ៗ​ឡើយ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម