ដំបូន្មាន​សម្រាប់​អ្នក​ជិត​ដល់​វ័យ៣០៖ បើ​មិន​ទាន់​មាន​អ្វី​នៅ​ក្នុង​ដៃ ក៏​គ្មាន​អ្វី​ខុស​ដែរ

  • 2020-11-03 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ញុំ​បាន​សង្កេត​ឃើញ​ថា នៅ​ពេល​មិន​ទាន់​ដល់​អាយុ ៣០​ឆ្នាំ ខ្ញុំ​មាន​សំនួរ​ជា​ច្រើន​ដែល​ស្រាយ​មិន​ចេញ តែ​នៅ​ពេល​អាយុ​នេះ​ហើយ ទើប​ដឹង​ថា សំនួរ​ខ្លះ​មិន​ចាំ​បាច់​មាន​ចម្លើយ​នោះ​ទេ។

នៅ​ក្នុង​សង្គម​បច្ចុប្បន្ន នៅ​ពេល​និយាយ​ដល់​អាយុ ៣០ អ្នក​គិត​ដល់​រឿង​អ្វី​មុន​គេ? ចម្លើយ​មាន​ដូច​ជា៖

-ក្រោយ​អាយុ ៣០​ឆ្នាំ តើ​ខ្ញុំ​ត្រូវ​ក្មេង​ៗ​ជំនួស​ ឬ​អត់?

-អាយុ ៣០​ឆ្នាំ​ហើយ មិន​ទាន់​មាន​គ្រួសារ តើ​ខ្ញុំ​ត្រូវ​នៅ​ព្រៅ​មួយ​ជីវិត​ឬ?

-អាយុ ៣០​ឆ្នាំ​ហើយ តែ​មិន​ទាន់​មាន​ផ្ទះ​នៅ​ក្នុង​ក្រុង តើ​នេះ​គឺ​ជា​ភាព​បរាជ័យ​ដែរ​ ឬ​ទេ?

ខ្ញុំ​សង្កេត​ឃើញ​ថា អ្នក​ជិត​ឈាន​ដល់​វ័យ ៣០​ឆ្នាំ មាន​មន្ទិល​សង្ស័យ​ពី​ខ្លួន​ឯង​ច្រើន​ណាស់ តែ​សម្រាប់​អ្នក​ដែល​ហួស​អាយុ​នេះ​ហើយ បែរ​ជា​គ្មាន​ចម្ងល់ ឬ​សម្ពាធ​អ្វី​ទៅ​វិញ។

មិន​ដឹង​ថា​​មក​ពី​សង្គម ឬ​មក​ពី​អ្វី​ឡើយ តែ​អាយុ ៣០​ឆ្នាំមិន​ដឹង​តាំង​ពី​ពេល​ណា បាន​ប្រែ​ក្លាយ​ទៅ​ជា​បន្ទាត់​សម្រាប់​វាស់​ភាព​ជោគជ័យ​របស់​មនុស្ស​គ្រប់​រូប។ អ្នក​ណា​ក៏​ភ័យ​ខ្លាច​ ដល់​អាយុ​នេះ​ហើយ មិន​ទាន់​មាន​អ្វី​ក្នុង​ដៃ នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​បុគ្គល​បរាជ័យ។

តែ​អ្នក​ត្រូវ​ចាំ​ថា វិថី​ដែល​យើង​គ្រប់​ៗ​គ្នា ជ្រើស​យក​មក​ដើរ​សុទ្ធ​តែ​ខុស​គ្នា បើ​គ្រប់​គ្នា​សុទ្ធ​តែ​ជោគជ័យ​ទាំង​អស់ នេះ​ម៉េច​ហៅ​ថា​ជីវិត​នោះ​? កុំ​បង្កើត​គម្រោង​លំអិត​ខ្លាំង​ពេក​សម្រាប់​ជីវិត​យើង ត្បិត​ទោះ​ជា​យ៉ាងណាក៏ដោយ ជីវិត​មួយ​នេះ​មិន​អាច​ដើរ​ដូច​អ្វី​ដែល​យើង​ព្រាង​ទុក​នោះ​ឡើយ។ ព្រោះ​ជោគជ័យ ឬ​អត់ ក៏​គ្មាន​អ្នក​ណា​មាន​ជីវិត​ដែល​ឥតខ្ចោះ​នោះ​ទេ។

តាម​ពិត​ទៅ អាយុ​៣០​ឆ្នាំ ក៏​គ្រាន់​តែ​បន្ទាត់​មួយ​ ដែល​អ្នក​ណា​ក៏​ត្រូវ​ឆ្លង​កាត់ គ្រាន់​តែ​អារម្មណ៍​ឆ្លង​កាត់​បន្ទាត់​នោះ​ខុស​ៗ​គ្នា​ប៉ុណ្ណោះ។ អ្នក​ខ្លះ​ឆ្លង​ដោយ​ភាពភ័យ​ខ្លាច ខ្លះ​ឆ្លង​ដោយ​ការ​ទទួល​យក​ការ​ពិត​ជា​ដើម។ តែ​ទោះ​ឆ្លង​ដោយ​វិធី​ណា​ក៏​ដោយ អ្វី​ដែល​ចង់​ផ្ដែផ្ដាំ​នោះ​គឺ កុំ​ភ្លេច​សន្សំ​លុយ​ណា ត្បិត​លុយ​សន្សំ​គ្មាន​ថ្ងៃ​ណា​ធ្វើ​ឲ្យ​អ្នក​ស្ដាយ​ក្រោយ​ឡើយ។

សរុប​មក​វិញ ៣០​ឆ្នាំ ក៏​គ្រាន់​តែ​ជា​តួលេខ​មួយ តែ​មាន​អត្ថន័យ​ផ្សេង​គ្នា សម្រាប់​មនុស្ស​ផ្សេង​គ្នា។ បើ​អ្នក​គិត​ថា​វា​ជា​ចំណុច​វិជ្ជមាន វា​នឹង​វិជ្ជមាន ហើយ​បើ​អ្នក​គិត​យ៉ាង​ម៉េ​ច​ផ្សេង​វិញ​ទៀត វា​នឹង​ទោ​ទៅ​តាម​នោះ​ដូច​គ្នា ដូច​នេះ​ជម្រើស​គឹ​ស្ថិត​លើ​អ្នក​ទាំង​ស្រុង៕

ប្រភព៖ newscalif.com ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម