មុនរៀបការ ត្រូវធ្វើជាមនុស្សស្រីឆ្លាតពិតប្រាកដម្នាក់ ដោយជម្នះធ្វើរឿង៦យ៉ាងនេះឲ្យបាន

  • 2020-10-19 08:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី ​ត្រូវ​ចាំ​ថា​បើ​ចង់​មាន​ជីវិត​រីក​រាយ ​​ត្រូវ​ធ្វើ​រឿង​ទាំង​នេះ​ឲ្យ​បាន​​មុន​ចូល​អាយុ​៣០​ឆ្នាំ​ ឬ​មុន​រៀប​ការ។

១. រក្សា​សុខ​ភាព​ឲ្យ​ល្អ

​​​នៅ​ពេល​ដែល​អ្នក​ឈាន​ចូល​ដល់​វ័យ​កាន់​តែ​ច្រើន ​សូម​កុំ​គិត​ថា​សុខភាព​របស់​អ្នក​នៅ​តែ​ស្ថិត​ស្ថេរ​ឲ្យ​សោះ។ ​សុខភាព​គឺ​ជា​​របស់​ដ៏​មាន​តម្លៃ​បំ​ផុត។ ​​រាង​កាយ​កាន់​តែ​វិវឌ្ឍ​ទៅ​តាម​ពេល​វេលា ដូច្នេះ​អ្នក​មិន​ត្រូវ​ភ្លេច​អើ​ពើ​ មិន​ខ្វល់​ពី​វា​រាល់​ថ្ងៃ​នោះ​ឡើយ។ ​កុំ​បណ្តោត​ទាល់​តែ​សុខភាព​អ្នក​ទ្រុឌ​ទ្រោម​ឲ្យ​សោះ ប្រសិន​បើ​សុខភាព​ធ្លាក់​ចុះ​ហើយ គ្រប់​យ៉ាង​ច្បាស់​ជា​ហួស​ពេល​​ដែរ។

២. មានភាពពេញលេញដើម្បីក្លាយជាអនាគតម្តាយនិងភរិយាម្នាក់

សម្រាប់​មនុស្ស​ស្រី​ជា​ច្រើន​យល់​ថា ​អាយុ​៣០​ គឺ​ជា​ពេល​វេលា​ល្អ​បំផុត​ដែល​​គួរ​​​ចាប់​ដៃ​បុរស​​ច្បាស់​លាស់​ម្នាក់​រៀប​ការ ​ដើម្បី​​ផ្តើម​បង្កើត​គ្រួសារ និង​ធ្វើ​ជា​ម្តាយ​យ៉ាង​ពេញ​លេញ​ម្នាក់។ ហេតុផល​គឺ ​អ្នក​ចាស់​ទុំ​គ្រប់​គ្រាន់​​ក្នុង​ការ​កសាង​ជីវិត​គ្រួសារ​ជាមួយ​​ទំនួល​ខុស​ត្រូវ​ដ៏​ពិត​ប្រាកដ​មួយ។ ​លើស​ពី​នេះ ​អាយុ​នេះ​គឺ​​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រី​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ឡើង​ៗ ​និង​បទ​ពិសោធន៍​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បាន​​ល្អ​ជាង​មុន។

៣. ធ្វើ​រឿង​មួយ​ចំនួន​ចំពោះ​ម្តាយ​ឪពុក​បង្កើត ​មុន​ពេល​អ្នក​ទទួល​ផ្កា​ស្លា

​នេះ​ជា​ពេល​វេលា​​សម​គួរ​ហើយ ​ដែល​អ្នក​គួរ​ធ្វើ​រឿង​សំខាន់​ៗ​ចំពោះ​អ្នក​មាន​គុណ។ ​ឧ៖ ​អ្នក​ចង់​ទិញ​ធានា​រ៉ាប់​រង​ការ​ព្យាបាល​ជំងឺ​សម្រាប់​ឪពុក​ម្តាយ ​ជួស​ជុល​ចង្ក្រាន​បាយ ឬ​ក៏​នាំ​លោក​ទាំង​ពីរ​ចេញ​ដើរ​លេង​ខាង​ក្រៅ ….។ អ្នក​ប្រហែល​ជា​ឆ្ងល់​ថា ​ហេតុ​អ្វី​ត្រូវ​ធ្វើ​រឿង​​ទាំង​នេះ ​មុន​អាយុ​៣០​? ​ចម្លើយ​​គឺ ​អំឡុង​​វ័យ​នេះ ​អ្នក​ប្រហែល​ជា​​កំពុង​មា​ន​សេរីភាព វ័យ​កំពុង​រក​លុយ និង​ឯក​រាជ្យ​លើ​រឿង​ប្រាក់​កាក់ ​ដោយ​មិន​បាច់​ពិភាក្សាជាមួយ​សា្វមី ​ឬ​​សាច់​ញាតិ​ជុំ​វិញ ​មុន​ពេល​ចង់​ធ្វើ​រឿង​​អ្វី​មួយ​​នោះ​ទេ។ ​ម្យ៉ាង​ទៀត ​​វ័យ​នេះ​អ្នក​ក៏​ប្រហែល​ជិត​រៀប​ការ​ដែរ ម្ល៉ោះ​ហើយ​អ្នក​គួរ​តប​ស្នង​សង​គុណ​ឪពុក​ម្តាយ​ឲ្យ​បាន​ច្រើន ព្រោះ​ក្រោយ​រៀប​ការ ឬ​មាន​កូន​រួច ​អ្នក​ប្រាកដ​ជា​មាន​ពេល​តិច​តួច ​ឬ​ប្រឈម​នឹង​លក្ខ​ខណ្ឌ​​ផ្សេង​ៗ​ដើម្បី​ផ្គត់​ផ្គង់ ​និង​ត្រូវ​បារម្ភ​ពី​ជីវិត​ថ្មី​​កាន់​តែ​ច្រើន​ថែម​ទៀត។

៤.រៀន​ធ្វើ​តាម​បេះ​ដូង​របស់​ខ្លួន​ឯង

​វា​មិន​ចម្លែក​អ្វី​ទេ តែ​វា​ពិត​ជា​ផ្តល់​នូវ​សារៈ​សំខាន់​សម្រាប់​មនុស្ស​ស្រី​នៅ​អាយុ​ប៉ុណ្ណឹង។ ​ផ្លូវ​ចិត្ត​ស្ងប់​ស្ងាត់ ​គឺ​ជា​អ្វី​ដែល​មនុស្ស​ស្រី​ត្រូវ​ការ។ ​បើ​អ្នក​ចង់​ធ្វើ​អ្វី ​មិន​បាច់​ខ្វល់​ពី​អ្នក​ដទៃ​ពេក​ទេ បើ​អ្នក​ស្រលាញ់​អ្វី ​​ត្រូវ​យក​ភាព​រីក​រាយ​ពី​វា​ឲ្យ​បាន ​កុំ​គិត​ច្រើន​ពី​ការ​​សម្លឹង​របស់​មនុស្ស​ខាង​ក្រៅ។ ​នេះ​មិន​ហៅ​ថា ​ភាព​អាត្មា​និយម​ឡើយ តែ​វា​គឺ​ជា​ការ​​រក្សា​ជីវិត​ខ្លួន​ឯង​ឲ្យ​មាន​សុខ​សន្តិភាព។

៥. ​ហ្វឹក​ហាត់​ខ្លួន​ឯង​ឲ្យ​ឈាន​ទៅ​ដល់​ចំណុច​ដែល​ខ្ពស់​ជាង​មុន

មនុស្ស​ស្រី​​លើស​ពី​អាយុ​៣០​ឆ្នាំ ​ត្រូវ​តែ​រៀន​នូវ​ជំនាញ​​ជា​ច្រើន​ដើម្បី​បញ្ចូន​ខ្លួន​ឯង​ឲ្យ​ខ្ពស់​ប្រសើរ​ជាង​មុន។ ​នេះ​នឹង​​ធ្វើ​ឲ្យ​អនាគត​របស់​អ្នក​ភ្លឺ​ស្វាង ​ហើយ​ក៏​ផ្តល់​សារៈ​សំខាន់​សម្រាប់​អ្នក​ឲ្យ​ក្លាយ​​ជា​អនាគត​ប្រពន្ធ​ល្អ ម្តាយ​ល្អ ​ផង​ដែរ។ ​ដូច្នេះ ​អ្នក​ត្រូវ​ដឹង​ពី​អ្វី​ដែល​អ្នក​ចង់ ​អ្វី​ដែល​អ្នក​គ្រោង​ធ្វើ និង​ត្រូវ​ពង្រឹង​ផ្នែក​ទំនាក់​ទំនង។ ​ដោយ​សារ​ទាំង​នេះ ​មិន​ត្រឹម​ផ្តល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​នោះ​ទេ ​វា​ក៏​​ជួយ​ឲ្យ​គ្រួសារ​អ្នក​កាន់​តែ​រីក​រាយ​ជាង​មុន។ ​ពិសេស​គឺ​ទំនាក់​ទំនង​របស់​អ្នក ​ជាមួយ​​គ្រួសារ​​ខាង​ប្តី​នឹង​កាន់​តែ​រលូន​ទៅ​មុខ ​មិន​សូវ​រង​សម្ពាធ ​និង​នឿយ​ហត់​ច្រើន។

៦. មាន​ប្រាក់​សន្សំ​ច្រើន​ក្នុង​ដៃ

​​​នៅ​ពេល​អ្នក​ទើប​អាយុ​២០ -២៥ ​ឆ្នាំ ​ប្រហែល​រឿង​នៅ​ថ្ងៃ​ស្អែក ​ធ្វើ​ឲ្យ​អ្នក​ពិបាក​ស្រមៃ​ថា​ត្រូវ​ដោះ​ស្រាយ​បែប​ណា។ ​តែ​ពេល​​ចូល​អាយុ​៣០​ឆ្នាំ​ហើយ អ្នក​ត្រូវ​ដឹង​​ឲ្យ​បាន​ប្រុង​ប្រយ័ត្ន ​រស់​នៅ​ឲ្យ​បាន​​យូរ និង​ដឹង​កាន់​តែ​លម្អិត​ពី​ប្រាក់​ចំណាយ។ ​ជា​ពិសេស ​នៅ​ពេល​ការងារ​មាន​សេដ្ឋកិច្ច​ស្ថេរភាព​ហើយ អ្នក​ត្រូវ​​ចេះ​ពី​របៀប​សន្សំ​ដើម្បី​អនាគត​ខ្លួន​ឯង។ ​លុយ​ទាំង​នេះ ​គឺ​មិន​ត្រឹម​សម្រាប់​ផ្ទាល់​ខ្លួន​ទេ ​តែ​ក៏​ជា​លុយ​​ដែល​ចាំបាច់​​នៅ​ពេល​ម្តាយ​ឪពុក​​របស់​អ្នក​ឈឺ ឬ​លុយ​បម្រុង​នៅ​ពេល​អ្នក​រៀប​ការ​ជា​ដើម។ បន្ថែម​ពី​នេះ ​​បើ​អ្នក​អាច​សន្សំ​បាន​កាន់​តែ​ច្រើន​ គឺ​ជា​ការ​បង្ហាញ​ពី​​ភាព​ឆ្លាត​វៃ និង​ធ្វើ​ជា​​អនាគត​ម្តាយ​ដែល​ចេះ​​គ្រប់​គ្រង​​ស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​បាន។ ​ពេល​​នោះ ​ជីវិត​​របស់​អ្នក​នឹង​កាន់​តែ​មាន​សុវត្ថិភាព ​ព្រម​ទាំង​សេចក្តី​​សុខ​ផង​ដែរ៕​​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម