នារីម្នាក់ចែករំលែកវិធីតទល់ជំងឺ ក្រោយកើតមហារីកសុដន់ដំណាក់កាលទី២ទាំងវ័យក្មេង
- 2020-10-16 04:19:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នារីម្នាក់ចែករំលែកវិធីតទល់ជំងឺ ក្រោយកើតមហារីកសុដន់ដំណាក់កាលទី២ទាំងវ័យក្មេង
អ្នកស្រី Annie Lee អាយុ៣៦ឆ្នាំ រស់នៅហុងកុង បានប្រយុទ្ធនឹងជំងឺមហារីកសុដន់អស់រយៈពេលជាង៥ឆ្នាំមកហើយ។ នៅពាក់កណ្តាលឆ្នាំ២០១៥ នាងចាប់អារម្មណ៍ថាមានដុំពកនៅលើសុដន់ ខណៈពេលដែលនាងកំពុងងូតទឹក។ ភ្លាមៗនោះ Lee ក៏សម្រេចចិត្តទៅមន្ទីរពេទ្យ ហើយរកឃើញឃើញថា នាងមានជំងឺមហារីកសុដន់ដំណាក់កាលទី២។
នៅពេលនោះ Lee ទើបតែមានអាយុ ៣១ ឆ្នាំប៉ុណ្ណោះ ហើយប្រវត្តិគ្រួសាររបស់នាងក៏គ្មាននរណាកើតជំងឺនេះដែរ។ នាងមានអារម្មណ៍ថាត្រជាក់ចុងដៃជើង នៅពេលស្តាប់លឺលទ្ធផលបែបនេះ ព្រោះនាងគិតថាខ្លួននៅក្មេងនៅឡើយ ហេតុអ្វីឆាប់មានជំងឺនេះម្ល៉េះ។ យ៉ាងណាក៏ដោយ បើក្រឡេកមើលពីទម្លាប់ប្រចាំថ្ងៃរបស់ Lee វិញ នាងជាមនុស្សវក់វីនឹងការងារ ដោយផ្តើមពីម៉ោង ៨ព្រឹក រហូតដល់១១យប់។ នាងមិនដែលហាត់ប្រាណទេ ហើយចូលចិត្តញ៉ាំសូកូឡា Fast food ដូចជាជាប៊ឺហ្គឺ ឬដំឡូងចៀនជាដើម។
លោកវេជ្ជបណ្ឌិត Yvonne Tsang Yess Yan អ្នកជំនាញផ្នែកវះកាត់ទូទៅនៅហុងកុងនិយាយថា ករណីដំណពូជវាអាចកើតឡើងប្រមាណតែ ១០ -១៥ % ប៉ុណ្ណោះ តែការស្រ្តេស ជក់បារី និងមិនសូវធ្វើលំហាត់ប្រាណ គឺងាយនឹងក្លាយជាកត្តារួមផ្សំបំផុត។
អស់រយៈពេល៩ខែ អ្នកស្រី Lee បានទទួលយកការព្យាបាលដោយប្រើគីមី វះកាត់និងបែបទ្រឹស្តីវិទ្យុសកម្ម។ ដើម្បីប្រយុទ្ធនឹងជំងឺកាចសាហាវនេះ Lee ចំណាយពេលដើរហាត់ប្រាណ ហាត់កីឡា Pilates និងរៀនរាំថែមទៀត ។ នាងលែងវក់វីនឹងការងារហួសហេតុ ដោយពេលនេះនាងយល់ពីតម្លៃនៃការចេះបែងចែកអ្វីដែលជាចំណុចស្នូរនៃសុខភាព និងតុល្យភាពការងារក្នុងជីវិតហើយ។ ទីបំផុតសំណាងល្អ នាងបានធូរស្បើយ និងរស់នៅបានដល់ដល់សព្វថ្ងៃនេះ ។
លោកវេជ្ជបណ្ឌិត Tsang ពន្យល់ថា នារីគ្រប់វ័យទាំងអស់ គួរត្រួតពិនិត្យសុដន់ដោយខ្លួនឯងជាប្រចាំខែ ពិសេសក្រោយមករដូវរួច។ បើឃើញរោគសញ្ញាដូចខាងក្រោម មិនត្រូវស្ទាក់ស្ទើរនឹងពិគ្រោះជាមួយគ្រូពេទ្យនោះទេ៖
-ដុំពក ឬសាច់រឹងក្រាស់នៅក្នុងសុដន់
-ស្បែកចាប់ផ្តើមប្រែប្រួល ដូចជា ជ្រួញ កន្ទួល
-មានអាការៈមិនស្រួល ឬឈឺចាប់នៅលើសុដន់ ឬក្រោមក្លៀក
-សុដន់មានការប្រែប្រួលទំហំ ឬរូបរាង
-លេចស្នាមកន្ទួលលើក្បាលដោះ ឬក្បាលដោះមានការប្រែប្រួលរូបរាង ឬមានទឹកចម្លែកខុសធម្មតាហូរចេញពីក្បាលដោះ៕