ប្រយ័ត្នស៊យធំ! កុំលាបពណ៌សក់ឱ្យសោះបើអ្នកកំពុងមានបញ្ហាទាំង៤នេះ

  • 2020-10-16 02:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការផ្លាស់ប្តូរពណ៌សក់ គឺជាអ្វីដែលមិត្តៗនារីចង់បាន ដោយសារតែមិនចង់ឲ្យខ្លួនឯងមើលទៅដដែលៗ។ យ៉ាងណាមិញប្រសិនបើសក់អ្នកកំពុងតែជួបប្រទះ បញ្ហាដូចអ្វីដែលបានរៀបរាប់ខាងក្រោមនេះ អ្នកគួរទប់អារម្មណ៍សិន ព្រោះបើចង់ប្តូរពណ៌ភ្លាមៗពេក នោះស្ថានភាពសក់អ្នកនឹងកាន់តែយ៉ាប់យ៉ឺនជាងមុន។

១. សក់ក្រាសហើយស្ងួត

ថ្នាំប្ដូរពណ៌សក់មានផ្ទុកនូវសារធាតុគីមីជាច្រើន បើអ្នកមានសក់ខ្មៅក្រាស់ហើយស្ងួត ទម្រាំបានចេញពណ៌ដូចបំណង គឺត្រូវធ្វើការលាងសក់ដោយប្រើថ្នាំជាមុនសិន ព្រមទាំងចំណាយពេលយូរទៀតផង។ សារធាតុគីមីដែលមាននៅក្នុងថ្នាំលាងសក់ទាងនោះ នឹងស្រូបយកជាតិប្រូតេអ៊ីនពីសក់ ដែលបណ្ដាលឲ្យសក់ខូច ទន់ខ្សោយ និងកាន់តែស្ងួត។

២. ប្តូរពណ៌ញឹកញាប់

ជាពិសេសសម្រាប់អ្នកដែលចូលចិត្តលេងពណ៌ខ្លាំង ដូចជាពណ៌ទឹកប្រាក់ ឬពណ៌ទឹកមាសខ្ចី សក់របស់អ្នកនឹងទទួលរងនូវផលប៉ះពាល់ និងមានសភាពទន់ខ្សោយបំផុត ដោយសារត្រូវឆ្លងកាត់ដំណាក់កាល និងកាប្រើប្រាស់ថ្នាំគីមីជាច្រើន ដើម្បីបានពណ៌ទាំងនេះ ដូច្នេះហើយអ្នកគួរទុកឲ្យសក់ដុះឡើងវិញឲ្យបានស្រួលបួលសិន ចាំប្តូរពណ៌តាមក្រោយ។

៣. សក់ខ្សោយ និងខូច

បើមិនចង់ឲ្យសរសៃសក់ប្រែទៅជារឹងដូចអំបោស អ្នកដែលមានសក់ខ្សោយនិងខូច គួរយកចិត្តទុកដាក់ថែរក្សាសក់ជាជាងការលាបពណ៌។ បន្ទាប់ពីមានសក់ស្អាត និងមានសុខភាពល្អហើយអ្នកអាចលាបសក់ពណ៌ដែលអ្នកស្រលាញ់បាន។

៤. ស្បែកក្បាលឆាប់ប្រតិកម្ម

ប្រសិនបើអ្នកមានស្បែកក្បាលងាយនឹងប្រតិកម្ម រោលរមាស់ អ្នកគួរប្រើផលិតផលណាដែលមានសារធាតុចិញ្ចឹមស្បែកក្បាល និងសរសៃសក់ឲ្យបានត្រឹមត្រូវ ហើយបើចង់ប្តូរពណ៌ គួររើសពណ៌ណាដែលស្រាលបំផុត ដើម្បីការពារសក់កុំឲ្យខូចខ្ទេចខ្ទី៕

ចុចអានបន្ត៖ សាមញ្ញៗ ស្រស់ស្អាត​ជាមួយ​ខ្សែ​ចង​សក់​ទាំងនេះ

ប្រភព៖ bestie ប្រែសម្រួល៖ ដេត ឈុនអ៊ី

អត្ថបទពេញនិយម