ខ្លោច​ចិត្ត​សមាជិក​រួម​ក្រុម​ចម្រៀង​របស់ Ju Jing Yi មាន​ប្រាក់​ខែ​ទាប​ ស្ទើរស្មានមិនដល់

  • 2020-10-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តថភាព​ពិត​ក្នុង​ពិភព​សិល្បៈ​ចិន បាន​ធ្វើ​ឲ្យ​គេ​ដឹង​ថា មិន​មែន​សិល្បករ​រូប​ណា​ក៏​សុទ្ធ​តែ​មាន​ចំណូល​ខ្ពស់​កប់​ពពក​នោះ​ឡើយ ដោយ​ខ្លះ​សូម្បី​តែ​ប្រាក់​ខែ​កម្មករ​ធម្មតា​ក៏​មិន​ស្មើ​ផង។

បើ​និយាយ​ពី​ក្រុម​ចម្រៀង​ស្រី SNH48 ​ប្រហែល​អ្នក​ដែល​ចូល​ចិត្ត​ចម្រៀង​ទាំង​អស់​មិន​មែន​អ្វី​ប្លែក​ឡើយ ដ្បិត​ក្រុម​នេះ​គឺ​ជា​ក្រុម​បង​ប្អូន​ស្រី​ជាមួយ​កំពូល​ក្រុម​ចម្រៀងជប៉ុន AKB48។ ក្រុម​ចម្រៀង​ដែល​មាន​ទីស្នាក់​ការ​នៅ​ទីក្រុង​សៀងហៃ​ ប្រទេស​ចិន​នេះ​មាន​សមាជិក​ល្បី​ឈ្មោះ​ជា​ច្រើន​ដូច​ជា រាជិនី​សម្រស់​ថ្មី Ju Jing Yi និង​ស្រី​ស្អាត​ជំនាន់​ថ្មី Xu Jia Qi ​ជា​ដើម។

យ៉ាងណាក្ដី មុន​នេះ​បន្តិច សារ​ឆ្លើយ​ឆ្លង​របស់​សមាជិក​ដែល​មិន​សូវ​ល្បី​ឈ្មោះ​របស់​ក្រុម​ខាង​លើ​ត្រូវ​បាន​ទម្លាយ​ចេញ​ក្រៅ ធ្វើ​ឲ្យ​គេ​សោក​សៅ​ជា​ខ្លាំង​​ព្រោះ​ចំណូល​ដ៏​ទាប​នឹក​ស្មាន​មិន​ដល់​របស់​ពួក​គេ។

ជាក់​ស្ដែង សមាជិក Yang Yuan Yuan បាន​ចែក​រំលែក​នឹង​សមាជិក​ផ្សេង​ថា ប្រាក់​ខែ​របស់​នាង​គឺ​បាន​ត្រឹម ៧០​ដុល្លារ​ប៉ុណ្ណោះ ហើយ​សមាជិក​ផ្សេង​ក៏​យល់​ស្រប​ដែរ​ថា​ លុយ​ចំនួន​ខាង​លើ​មិន​ស្មើ​លុយ​ចាយ​ពេល​ទៅ​រៀន​ផង។

រីឯ​សមាជិក Xi Xue Ling បង្ហើប​ថា ក្រោយ​ពេល​បង្ហាញ​មុខ​បាន ២​ឆ្នាំ ប្រាក់​ខែ​របស់​នាង​គឺ ៦៥ដុល្លារ ហើយ​លុយ​នេះ​តិច​ជាង​ប្រាក់​ខែ​អ្នក​លាង​ចាន​រស់​នៅ​ជិត​នាង​ទៀត​ផង​។ ស្រី​ស្អាត​ខាង​លើ​ប្រាប់​ថា ពេល​នេះ​នាង​គ្មាន​លុយ​ដើម្បី​បង់​ថ្លៃ​រៀន​រាំ​ឡើយ ដោយ​នាង​បម្រុង​រក​របរ​ក្រៅ​ធ្វើ​បន្ថែម។

ក្រោយ​ពេល​ដឹង​ពី​ប្រាក់​ចំណូល​របស់​តារា​ចម្រៀង​ទាំង​នេះ ទស្សនិកជន​បាន​លាន់​មាត់​ថា តាម​ការ​ពិត​តារា​ក៏​មិន​ខុស​ពី​ជន​សាមញ្ញ​ប៉ុន្មាន​ឡើយ ដោយ​ចំណូល​របស់​ពួក​គេ​អាច​ទាប​ជា​អ្នក​ធម្មតា​ទៀត​ផង​។ ដោយ​ចំណូល​រាប់​លាន​​ដុល្លារ​របស់​តារា​នានា​ គឺ​មួយ​ក្នុង​ចំណោមមួយ​លាន​ទើប​មាន​ម្ដង។ ដោយ​មិន​មែន​គ្រប់​តារា​ សុទ្ធ​តែ​មាន​តម្លៃ​ខ្លួន​ខ្ពស់​កប់​ពពក​ដូច Yang Mi, Zhao Wei និង Sun Li នោះ​ទេ៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម