ដំណោះស្រាយទាន់ចិត្ត! មុខនៅតែស្រស់ មិនចាស់ ទោះចូលគេងយូរក្រោកយឺតក៏ដោយ
- 2020-10-12 04:44:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណោះស្រាយទាន់ចិត្ត! មុខនៅតែស្រស់ មិនចាស់ ទោះចូលគេងយូរក្រោកយឺតក៏ដោយ
ផលប៉ះពាល់ពីការគេងមិនលក់ ធ្វើឲ្យសម្រស់ធ្លាក់ចុះយ៉ាងខ្លាំង។ អ្នកខ្លះ ចូលគេងនៅពាក់កណ្តាលអធ្រាត្រ ហើយក្រោកឡើងយឺត ព្រោះរវល់បង្ហើយការងារ ឬគេងមិនលក់ជាដើម។ យ៉ាងនេះក្តី កញ្ញា សូមណែនាំគន្លឹះខ្លះៗជួយកែខៃសម្រស់ឲ្យប្រសើរបាន ទោះជាអ្នកគេងមិនគ្រប់ក៏ដោយ។ តែគន្លឹះនេះ អ្នកមិនអាចអនុវត្តទៀងទាត់បាននោះទេ គឺប្រើបានតែក្នុងករណីធ្ងន់ធ្ងរប៉ុណ្ណោះ។ ដូច្នេះ អ្នកគួរងាកមកគេងឲ្យបានគ្រប់ៗម៉ោងវិញល្អជាង ទើបសម្រស់អ្នកស្អាត និងមុខពេញល្អ។
១. ផឹកទឹកឲ្យបានច្រើន
កង្វះការសម្រាក បណ្តាលឲ្យរាងកាយបាត់បង់ជាតិទឹកយ៉ាងច្រើន ព្រោះសរីរាង្គក្នុងរាងកាយមិនបានសម្រាកគ្រប់គ្រាន់។ ដូច្នេះហើយ ស្បែកមិនមានលទ្ធភាពរក្សាជាតិសំណើម ជាហេតុធ្វើឲ្យមុខស្ងូត ខ្មៅស្រអាប់ និងងាយលេចស្នាមជ្រួញទៀតផង។ ទាំងនេះនឹងធ្វើឲ្យអ្នកឆាប់ចាស់ ដូច្នេះអ្នកត្រូវទូទាត់សងដោយការបំពេញជាតិទឹកដល់ស្បែក ដោយផឹកឲ្យបានច្រើនជាងពីមុន ដើម្បីទឹកអាចជ្រាបចូលដល់ស្បែកនិងកោសិកាផ្សេងៗទៀតតាមមុខងាររបស់វា។
២. កុំលុបមុខជាមួយទឹកក្តៅឧណ្ឌៗ
ក្រោយក្រោកពីគេង អ្នកគួរលាងសម្អាតផ្ទៃមុខជាមួយទឹកត្រជាក់ ប្រសើរជាងទឹកក្តៅ។ វាមិនត្រឹមតែជួយរំញោចរាងកាយអ្នកនោះទេ ថែមទាំងមានផលល្អដល់ស្បែកថែមទៀត ព្រោះទឹកត្រជាក់នឹងជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ កាត់បន្ថយមុខហើម និងជួយរឹតបន្តិងរន្ធញើសបានផងដែរ។ លុបមុខជាមួយទឹកត្រជាក់ ជួយស្បែកឲ្យមើលទៅភ្លឺថ្លា តឹងណែន មិនហើមដូចប្រើទឹកក្តៅឧណ្ឌៗឡើយ។ នេះដោយសារសីតុណ្ហភាពទឹកក្តៅបានផាត់ចោលនូវជាតិសំណើមលើស្បែក ដែលជាហេតុធ្វើឲ្យមុខមើលទៅស្ងួត និងអស់កម្លាំង។
៣. ផ្លាស់ប្តូរវិធីតុបតែងមុខ
មុនពេលផាត់មុខ អ្នកគួរបិទម៉ាសប្រហែល ១០ -១៥ នាទីសិន ដើម្បីឲ្យស្បែកមានសំណើម ឬក៏លាបគ្រីមផ្តល់សំណើមក៏បានដើម្បីជួយបិទបាំងផ្ទៃមុខធម្មជាតិដែលមិនស្រស់ថ្លា ដោយសារការគេងមិនគ្រប់។
៤. បាញ់ Spray លើមុខ
លទ្ធផលនៃការគេងមិនគ្រប់នឹងធ្វើឲ្យស្បែកមើលទៅស្ងួត និងឆាប់ចាស់ ម្ល៉ោះហើយអ្នកគួរស្វែករកវិធីដោយប្រើស្រ្ពាយដបតូចមួយដាក់តាមខ្លួន ក្នុងករណីបន្ទាន់នៅពេលដែលអ្នកចង់ផាត់មុខបន្ថែមតិចតួចជាដើម។ ព្រោះស្បែកដែលស្ងួតពេក នៅពេលថែមម្សៅ ឬគ្រឿងសម្អាងច្រើនលើមុខ នឹងធ្វើឲ្យមុខអ្នកកាន់តែមើលទៅមិនស្អាត។ ក្រៅពីនេះមុនចូលគេង ត្រូវជូតគ្រឿងសម្អាងចេញ ជាមួយក្រដាសទន់ៗ ដែលជួយឲ្យស្បែកអាចដកដង្ហើមបានស្រួល នៅពេលគេងផងដែរ៕