បើសិនជាមានទម្លាប់ញ៉ាំកាហ្វេហើយនោះ​ សាកតិចនិចនេះបានទាំងរាងស្អាតទៀត

  • 2020-10-09 04:30:00
  • ចំនួនមតិ 7 | ចំនួនចែករំលែក 144

កាហ្វេត្រូវបានគេដឹងថាអាចជួយឱ្យមានថាមពលឡើងវិញបង្កើនភាពប្រុងប្រយ័ត្ននិងសមត្ថភាពក្នុងការផ្តោតអារម្មណ៍នៅពេលធ្វើការ។ ទាំងនេះហើយជាមូលហេតុដែលវាបានក្លាយជាភេសជ្ជៈដែលមនុស្សទំលាប់ទទួលទានជាប្រចាំខ្វះមិនបាន។ លើសពីនេះកាហ្វេក៏នាំមកនូវអត្ថប្រយោជន៍ជាច្រើនដូចជាកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺធ្លាក់ទឹកចិត្ត សូម្បីតែចំពោះអ្នកចង់សម្រកទម្ងន់ក៏កាហ្វេអាចជួយបានដែរ បើទទួលទានតាមរបៀបនេះនោះ។

១.​ កាហ្វេខ្មៅ

មិនមែនកាហ្វេប្រេនៗទាំងអស់សុទ្ធតែអាចជួយឱ្យអ្នកស្រកទំងន់បានទេ បើជ្រើសរើសមិនត្រឹមត្រូវអាចនឹងធ្វើអោយឡើងគីឡូលើសដើមបាន។ ម៉្សៅកាហ្វេកញ្ចប់តែឯងក៏​មានកាឡូរីមិនក្រោម ១០០ ទៅហើយ អញ្ចឹងហើយបើចង់ថែរាងនោះ កាហ្វេខ្មៅជាជម្រើសល្អបំផុតហើយ ចៀសជាងកាហ្វេដែលមានបន្ថែមស្ករ ទឹកដោះគោ សូកូឡា ឬ ក្រែមដែលមានកាឡូរីខ្លស់ហើយ មិនជួយអោយស្រកគីឡួទៀត។

២​. ផឹកកាហ្វេខ្មៅមុនពេលហាត់ប្រាណ

ផឹកកាហ្វេខ្មៅប្រហែល ១ម៉ោងមុនចូលហាត់ប្រាណមិនត្រឹមតែមានប្រសិទ្ធភាពខ្ពស់ក្នុងពេលហាត់ប្រាណប៉ុណ្ណោះទេ តែថែមទាំងជម្រុញប្រសិទ្ធភាពនៃការបាត់បង់ជាតិខ្លាញ់ក្នុងរយៈពេល ៣-៥ ម៉ោងក្រោយពេលហាត់ប្រាណទៀតផង។ ទោះជាល្អពិតមែនតែក៏មិនគួរទទួលទានលើសពី​២កែវក្នុងមួយថ្ងៃនោះទេ ដើម្បីកុំអោយប៉ះពាល់ដល់សុខភាព។

៣. ផឹកកាហ្វេក្រោយបាយ

បើសិនជាអ្នកមិនមានទម្លាប់ហាត់ប្រាណទេនោះ អ្នកក៏អាចជ្រើសរើសផឹកកាហ្វេខ្មៅ ១ ពែងក្នុងរយៈពេល ៣០ នាទី - ១ ម៉ោងបន្ទាប់ពីទទួលទានអាហារដើម្បីសម្រូលដល់ការរំលាយអាហារផងដែរ។ ការអនុវត្តបែបនេះមានប្រសិទ្ធភាពក្នុងការជួយរក្សាកម្រិតជាតិស្ករនៅក្នុងឈាម និង​ ជួយមិនអោយអាហារដែលទទួលទានត្រូវបានបម្លែងទៅជាខ្លាញ់​ ហើយបន្តស្តុកទុកក្នុងរាងកាយ។ ប៉ុន្តែត្រូវចាំថាត្រូវជ្រើសរើសកាហ្វេបន្ទាប់ពីអាហារថ្ងៃត្រង់កុំផឹកវានៅពេលយប់ដើម្បីចៀសវាងបង្កឱ្យមានការគេងមិនលក់នៅពេលយប់។

៤.​ ផឹកកាហ្វេក្ដៅ

កាហ្វេខ្មៅអាចមានប្រសិទ្ធក្នុងការជួយសម្រួលអោយរាងកាយដុតបំផ្លាញកាឡូរីកាន់តែឆាប់រហ័សជាងកាហ្វេត្រជាក់ អញ្ចឹងហើយកុំភ្លេចកាហ្វេក្ដៅៗ ពេលចង់សម្រកទម្ងន់។

៥. ចង់បានប្រសិទ្ធភាពកាន់តែខ្ពស់ កុំទទួលទានរាល់ថ្ងៃពេក

ទោះបីជាកាហ្វេអាចជួយពន្លឿនការរំលាយអាហាររបស់រាងកាយនិងផ្តល់នូវប្រសិទ្ធភាពនៃការដុតខ្លាញ់។ ប៉ុន្តែបន្ទាប់ពីផឹកមួយរយៈរាងកាយរបស់អ្នកនឹងសម្របខ្លួនទៅនឹងទម្លាប់នេះបន្តិចម្តង អញ្ចឹងហើយការទទួលទានកាហ្វេនឹងមិនសូវមានប្រយោជន៍ដូចពីដំបូងនោះទេ។​ ដូច្នេះអ្នកគួរតែអនុវត្តវិធីមួយដោយឈប់ផឹកកាហ្វេរៀងរាល់ខែរយៈពេល ១-២ សប្តាហ៍ហើយបន្ទាប់មកផឹកដូចដើមវិញ ដូច្នេះប្រសិទ្ធភាពនៅតែមិនបាត់បង់។

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Iv Madalen