មនុស្ស​ស្រី​រឹងមាំ​មិនមែន​សំដៅ​លើ​កម្លាំង​ឡើយ តែ​សំដៅ​លើ ៦ ចំណុច​នេះ

  • 2020-09-27 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ខ្លាំង​ពិតប្រាកដ​របស់​មនុស្ស​ស្រី​មិនមែន​សំដៅ​លើ​កម្លាំង​កាយ​ឡើយ​មួយ​មុខ​ទេ តែ​មាន ៦ ចំណុច​នេះ​ទៀត។ ចំណុច​ទាំង​នេះ​បាន​ធ្វើឲ្យ​មនុស្ស​ជុំវិញ​ខ្លួន កោតសរសើរ​ចំពោះ និង​ចង់​ក្លាយ​ជា​មនុស្ស​រឹងមាំ​ដែរ។

១.នាង​ចំណាយ​ពេល​ខ្លះ ដើម្បី​ថែរក្សា​ខ្លួនឯង

អ្នក​រឹងមាំ​គេ​មិន​ចាំបាច់​ឲ្យ​អ្នក​ដទៃ​មក​ថែទាំ​ខ្លួន​ទេ គឺ​គេ​អាច​មើល​ថែ​ខ្លួនឯង​បាន។ សម្រាប់​អ្នក​ដែល​មិន​សូវ​ខ្វាយខ្វល់​ពី​ខ្លួនឯង ច្រើនតែ​បណ្ដោយ​ឲ្យ​ខ្លួន​មិន​ស្រស់​ថ្លា ឬ​ឈឺ​ច្រើន​ជាដើម។ មនុស្ស​ស្រី​រឹងមាំ​គេ​តែងតែ​ស្រលាញ់​ខ្លួនឯង​ជាមុន​សិន។ អ្នក​ខ្លាំង​​គេ​មិន​អាច​សម្រេច​គោលដៅ​របស់​ពួកគេ​បាន​ទេ ប្រសិនបើ​ពួកគេ​មិន​ថែរក្សា​ខ្លួន​ជាមុន។

រូបតំណាង

**២.នាង​មិន​មាន​អារម្មណ៍​ភ័យ​ខ្លាច​ចំពោះ​ការ​គិត​ខ្លួនឯង**

ស្ត្រី​រឹង​មាំ​មិន​ត្រូវ​ការ​នរណា​ម្នាក់​ឈរ​នៅ​ពី​មុខ​ពី​ក្រោយ ឬ​នៅ​ក្បែរ ដើម្បី​ធ្វើ​កិច្ចការ​អ្វី​មួយ​ឡើយ។ ពួកគេ​បាន​កំណត់​គោល​ដៅ រក​វិធី ដើម្បី​សម្រេច​បាន​នូវ​ជោគជ័យ​ខ្លួនឯង ដោយ​មិន​ចាំបាច់​មាន​អ្នក​ឲ្យ​យោបល់ ព្រោះ​តែ​ភាព​ជឿជាក់​គំនិត​ខ្លួន។

៣.មិន​ចេះ​រារែក​ចំពោះ​តវ៉ា

នាង​មិន​ខ្លាច​ក្នុង​ការ​ប្ដឹង​តវ៉ា ចំពោះ​រឿង​អយុត្តិធម៌។ នាង​មិន​ត្អូញត្អែរ និង​ទុក​ឲ្យ​ខ្លួន​អ្នក​ក្លាយ​ជា​ជនរងគ្រោះ ឬ​ត្រូវ​គេ​គាបសង្កត់​ឡើយ។ នាង​នឹង​ខិតខំ​រើបម្រះ​ ដើម្បី​ឲ្យ​ខ្លួន​ទទួល​បាន​ភាព​ត្រឹមត្រូវ​មក​វិញ មិនមែន​ដេក​យំយែក​នោះ​ទេ។

រូបតំណាង

៤.នាង​មិន​ដែល​ឲ្យ​ជីវិត​ខ្លួន​ជួប​បញ្ហា​ហិរញ្ញវត្ថុ

អ្នក​ខ្លាំង​ពិត​ប្រាកដ​គេ​ចេះ​បែងចែក​រឿង​លុយ​កាក់​បាន​ល្អ ដែល​ធ្វើឲ្យ​ជីវិត​គេ​មិន​ជួប​បញ្ហា​ហិរញ្ញវត្ថុ​ឡើយ។ អ្នក​ដែល​មាន​ចំណុច​នេះ ពិតជា​អស្ចារ្យ​ខ្លាំង​ណាស់ ព្រោះ​ជា​មនុស្ស​មាន​ភាព​ម៉ត់ចត់ ដឹង​ថា​អ្វី​គួរ​ចំណាយ អ្វី​មិន​គួរ។

៥.បើក​ចិត្ត​ទូលាយ

ស្ត្រី​ខ្លាំង​មាន​គំនិត និង​ជំនឿ​រឹងមាំ ហើយ​ក៏​មាន​គំនិត​បើក​ចំហ និង​រៀន​សូត្រ​ពី​អ្នក​ដទៃ​ដែរ។ អ្នក​រឹងមាំ​ចាត់​ទុក​ជីវិត​ជា​សាលា​រៀន​មួយ ហើយ​ដឹង​ថា​គ្មាន​នរណា​ម្នាក់​បាន​បញ្ចប់​ការ​សិក្សា​ពិតប្រាកដ​ទេ។

៦.នាង​ជួយ​ដល់​មនុស្ស​គ្រប់គ្នា​នៅ​ក្បែរ

មធ្យោបាយ​មួយ​ទៀត​ដើម្បី​ទទួល​បាន​ភាព​ជោគជ័យ ដែល​មនុស្ស​ភាគច្រើន​មិន​គិត គឺ​ការ​លើក​អ្នក​ដទៃ​នៅ​ជុំវិញ​ឲ្យ​បាន​ឡើង​ខ្ពស់​ដូច​ខ្លួន​ដែរ។ ស្ត្រី​ខ្លាំង​ដឹង​ថា​មាន​រឿង​ជាច្រើន​ត្រូវ​ជួយ ជាង​ការ​ផ្ដោត​អារម្មណ៍​លើ​ខ្លួនឯង ដូច្នេះ​ពេល​​បាន​ខ្ពស់​មុខ​មាត់ នាង ផ្ដល់​ត្រឡប់​ទៅ​រក​អ្នក​ដទៃ ហើយ​សង្ឃឹម​ថា​អ្នក​ទាំងនោះ​ក៏​អាច​ឈាន​ដល់​ភាព​ជោគជ័យ​នៅ​ក្នុង​ជីវិត៕

រូបតំណាង

ប្រភព៖ powerofpositivity ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម