ចង់គេងលក់ស្រួល គួរមានរបស់២យ៉ាង និងចៀសវាង៣យ៉ាង

  • 2020-09-11 09:44:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​មនុស្ស​ជា​ច្រើន​ ជា​ញឹក​ញាប់​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​លើ​វត្ថុ​មួយ​ចំនួន​នៅ​ក្បែរ​គ្រែ​របស់​គេ​ឡើយ ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ពេល​ខ្លះ​គេង​មិន​លក់ ។ ​ដូច្នេះ ​អ្នក​គួរ​ដឹង​ពី​វត្ថុ​២​យ៉ាង​ដែល​គួរ​ដាក់​នៅ​ក្បែរ​គ្រែ ​និង​ចៀស​វាង​៣​យ៉ាង ដែល​គួរ​តែ​ដាក់​ឲ្យ​ឆ្ងាយ​តាម​ដែល​អាច​ធ្វើ​បាន ប្រសិន​បើ​អ្នក​មិន​ចង់​មាន​អារម្មណ៍​​មិន​ល្អ ​ឬ​ផល​​អវិជ្ជមាន​មក​លើ​សុខភាព​រយៈ​ពេល​យូរ។

២​ យ៉ាង​ដែល​គួរ​ដាក់​ក្បែរ​គ្រែ​របស់​អ្នក​

១៖ ទឹក​មួយ​កែវ​ដែល​មាន​គំរប​បិទ​ជិត

ទោះ​ជា​អ្នក​គេង ​ក៏​រាង​កាយ​នៅ​តែ​ធ្វើ​ការ​រំលាយ​ឆ្លង​កាត់​តាម​រយៈ​ផ្លូវ​ដង្ហើម​ផង​ដែរ។ ម្ល៉ោះ​ហើយ ​បន្ទាប់​ពី​ក្រោក​ពី​គេង ជា​ញឹក​ញាប់​អ្នក​ប្រាកដ​ជា​មាន​អារម្មណ៍ ថា​ស្រេក​ទឹក​និង​ស្បែក​ស្ងួត​បន្តិច។ ​នៅ​ត្រង់​នេះ ​បើ​អ្នក​គ្រាន់​តែ​ដាក់​ទឹក​មួយ​កែវ​ក្បែរ​គ្រែ​គេង ​វា​នឹង​ជួយ​បំពេញ​បន្ថែម​ពេល​អ្នក​ស្រេក​ទឹក​ភ្លាម​ៗ។ ​មិន​ថា​ពេល​​យប់ ឬ​ព្រឹក​ព្រលឹម ទឹក​មួយ​កែវ​ពិត​ជា​ជួយ​អ្នក​ឲ្យ​ក្រោក​ឡើង​យ៉ាង​ស្វាហាប់ និង​ដើរ​ចេញ​ពី​គ្រែ​យ៉ាង​ស្រស់​ស្រាយ​ទៀត​ផង។

យ៉ាង​ណា​ក៏​ដោយ ​អ្នក​ត្រូវ​ចង​ចាំ​ថា​ កុំ​ផឹក​ទឹក​ច្រើន​ពេក​នៅ​ពេល​យប់​ដើម្បី​ចៀស​វាង ដល់​ដំណេក​របស់​អ្នក។

២៖ ​ដប​ភាយ​ឧស្ម័ន ( Humidifier)

​កាន់​តែ​យប់​ជ្រៅ ​បរិយាកាស​ក្នុង​បន្ទប់​គេង​កាន់​តែ​ហប់ ដែល​ងាយ​ធ្វើ​ឲ្យ​មាត់​ស្ងួត ស្ងួត​ក ​និង​ឆួល​ច្រមុះ។ ​ដើម្បី​បង្កើន​សំណើម​ក្នុង​រាង​កាយ វិធី​ដ៏​ល្អ​បំ​ផុត​គឺ​ត្រូវ​ទិញ Humidifier ​មួយ​ដាក់​ក្បែរ​គ្រែ​គេង។ ​តែ​ត្រូវ​ចាំ​ថា ​កុំ​ភ្លេច​ជ្រើស​រើស humidifier ​ណា​ដែល​មិន​បង្ក​សំលេង​រំខាន​ពេក ដែល​ធ្វើ​ឲ្យ​អ្នក​គេង​មិន​លក់។

៣ រឿង​ដែល​អ្នក​គួរ​ដាក់​ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង ​កាន់​តែ​ឆ្ងាយ​កាន់​តែ​ល្អ

១៖ ទូរសព្ទ​ដៃ ឬ​ឧបករណ៍​អេឡិច​ត្រូនិច

តើ​អ្នក​ដឹង​អត់​ថា វិទ្យសកម្ម​ចេញ​ពី​ទូរសព្ទ អាច​បំផ្លាញ​ប្រព័ន្ធ​ប្រសាទ​របស់​អ្នក​បាន ដូច្នេះ​វា​​ងាយ​នឹង​ធ្វើ​ឲ្យ​ខួរ​ក្បាល​ក្លាយ​ជា​ស្ពឹក​ស្រពន់ គិត​អ្វី​មិន​ចេញ​ណាស់។ ​ម្ល៉ោះ​ហើយ ​នៅ​ពេល​អ្នក​ដាក់​ទូរសព្ទ​ក្បែរ​គ្រែ​នៅ​ពេល​យប់ នៅ​ពេល​ព្រឹក​អ្នក​ច្បាស់​ជា​ក្រោក​ឡើង​មក​ដោយ​ស្មារតី​ធីង​ធូង អស់​កម្លាំង ​និង​មិន​សូវ​មាន​ទំនោរ​ខ្ពស់​ចាប់​អារម្មណ៍​​ចង់​ធ្វើ​អ្វី​មួយ​ឡើយ។ ​ហេតុ​នេះ ​ពេល​គេង ​អ្នក​គួរ​ដាក់​ទូរសព្ទ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ឲ្យ​ប្រសិទ្ធភាព​នៃ​ការ​គេង​របស់​អ្នក​​ល្អ​ប្រសើរ។

២៖ នាឡិការរោទិ៍

​វា​ពិត​ជា​កត្តា​មួយ​ដែល​ជះ​ឥទ្ធិពល​ផ្ទាល់​មក​​លើ​ខួរ​ក្បាល​នៅ​ពេល​ព្រឹក​ជា​ទី​បំ​ផុត។ ​នៅ​ពេល​ដែល​អ្នក​កំពុង​គេង​លក់​ស្កប់​ស្កល់ ហើយ​ភ្លាម​ៗ​​បែរ​ជា​ភ្ញាក់​ឡើង​ដោយ​សារ​សំលេង​ម៉ោង​រោទិ៍ វា​ពិត​ជា​ស្រ្តេស​លើស​ពី​ការ​រំពឹង​ទុក​ពេក​ហើយ។ ​ពិសេស​ជាង​នេះ​ទៀត ​មនុស្ស​ដែល​ធ្លាប់​មាន​បទ​ពិសោធន៍​ដូច​ជា ​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​ធ្លាក់​ទឹក​ចិត្ត គួរ​តែ​រក្សា​វត្ថុ​ទាំង​នេះ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​គេង​តាម​ដែល​អាច​ធ្វើ​បាន។

ក្នុង​ករណី អ្នក​ត្រូវ​ការ​វា​ចាំ​បាច់ ​គប្បី​ជ្រើស​យក​​នាឡិការ​ដែល​មាន​សំលេង​រោទិ៍​ខ្សោយ ឬ​ដាក់​លំញ័រ ដើម្បី​ចៀស​វាង​ធ្វើ​ឲ្យ​ភ្ញាក់​ដោយ​តក់​ក្រហល់​ពេក។

៣៖ តុក្កតា ឬ​ គ្រឿង​លេង

​គ្រឿង​លេង ​ឬ​តុក្កតា​ ជា​ទូ​ទៅ​តែង​ឃើញ​មាន​ជា​ញឹក​ញាប់​នៅ​លើ​គ្រែ​គេង​របស់​មនុស្ស​ជា​ច្រើន តែ​តាម​ពិត​ទៅ ​វា​មិន​សូវ​ល្អ​ប៉ុន្មាន​នោះ​ឡើយ។ ​អ្នក​ដែល​មាន​បញ្ហា​ស្បែក ឬ​​ជំ​ងឺ​ផ្លូវ​ដង្ហើម ​គួរ​តែ​ទុក​របស់​ទាំ​ង​នេះ​ឲ្យ​ឆ្ងាយ​ពី​គ្រែ​ទើប​ជា​ការ​ល្អ​។ ព្រោះ​តុក្កតា​ដែល​ធ្វើ​ឡើង​ពី​សំឡី​ កប្បាស អាច​ផ្ទុក​នូវ​​មេរោគ រួម​ទាំង​សារធាតុ​គីមី​ដែលបង្ក​គ្រោះ​ថ្នាក់​បាន។ ​នៅ​ពេល​អ្នក​ឱប​វា​មក​ប៉ះ​នឹង​រាង​កាយ ​វា​ពិត​ជា​ងាយ​ធ្វើ​ឲ្យ​អ្នក​ហៀរ​ទឹក​ភ្នែក ឬ​ស្បែក​មាន​កន្ទួល​ក្រហម៕

ប្រភព៖ Guu ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម