ស្តង់ដាម៉ោងមាសទទួលបានស្បែកម៉ត់ទន់រលោងសម្រាប់មនុស្សស្រី ដោយមិនបាច់ Makeup
- 2020-09-10 07:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្តង់ដាម៉ោងមាសទទួលបានស្បែកម៉ត់ទន់រលោងសម្រាប់មនុស្សស្រី ដោយមិនបាច់ Makeup
ក្រៅពីទិញផលិតផលសក្ដិសមនឹងស្បែកមុខហើយ អ្នកមិនត្រូវភ្លេចជំហានដែលជាម៉ោងមាសសម្រាប់ថែស្បែកឲ្យទទួលបានប្រសិទ្ធភាពនោះទេ។ មិនថាការញ៉ាំ ការគេង ផឹក និងសកម្មភាពផ្សេងៗសុទ្ធតែអាចជះឥទ្ធិពលទាំងអស់។ ដូច្នេះដើម្បីកុំឲ្យស្បែកជួបបញ្ហាស្មុគស្មាញ អ្នកគប្បីលៃលកពេលវេលាជួសជុលស្បែករបស់អ្នកតាមកាលវិភាគទាំងនេះ។
**ពេលព្រឹកម៉ោង ៦ -៧**
អ្នកគួរក្រោកពីព្រលឹមចន្លោះម៉ោងនេះ ព្រោះជាម៉ោងមាសសម្រាប់ស្បែកក្នុងការស្រូបយកភាពស្រស់ថ្លាពីធម្មជាតិ ព្រោះគ្មានពន្លឺថ្ងៃចាំងពេក និងធូលីដីនោះទេ។ អ្នកគួរចេញក្រៅប្រហែល១០ -១៥ នាទីដើម្បីបានស្រូបយកភាពបរិសុទ្ធនិងខ្យល់អាកាសពេលព្រលឹម។ វាជួយបន្តឹងកោសិកាមើលទៅក្មេងជាងវ័យនិងទន់រលោង។
ម៉ោង ១១-១២
បន្ទាប់ពីញ៉ាំអាហារថ្ងៃត្រង់រួច វាដល់ពេលសម្រាប់ស្បែកសម្រាកនិងបន្សុទ្ធហើយ។ ដូច្នេះកុំភ្លេចផឹកតែបៃតងក្ដៅខណ្ឌៗដើម្បីជួយប្រព័ន្ធរំលាយអាហារ ។ ជីវជាតិរបស់តែបៃតងជួយពន្យារភាពចាស់ ព្រមទាំងផ្ដល់វីតាមីនC , E ដែលនេះជាអាថ៌កំបាំងថែរក្សាស្បែករបស់នារីជប៉ុនប្រើយូរណាស់មកហើយ។
ម៉ោង ១២-១៤
ពេលនេះ ព្រះអាទិត្យជះពន្លឺចាំងចែងខ្លាំងណាស់ ដូច្នេះមិនគួរចេញក្រៅញឹកញាប់ពេកទេ។ ទោះអ្នកលាបឡេការពារកម្ដៅថ្ងៃក៏ដោយ វាមិនប្រាកដថាអាចការពារស្បែកបាន១០០% ដែរ។ សម្រាប់នារីធ្វើការក្នុងការិយាល័យវិញ គួរសម្រាកដោយបិទកុំព្យូទ័រ ដើម្បីស្បែកបានចេញឆ្ងាយពីពន្លឺកុំព្យូទ័រ ដែលជះស្ទើរតែពេញមួយព្រឹកទៅហើយ។
ពេលរសៀលម៉ោង ៣-៥
ទោះជាស្បែកមុខអ្នកប្រភេទស្ងួត ឬធម្មតាក៏ដោយ ក៏ជាតិប្រេងវាអាចកើតឡើងនៅពេលនេះដែរ។ ម្ល៉ោះហើយ អ្នកគួរមានក្រដាសសើមស្អាតទុកសម្រាប់ជូតមុខ កុំឲ្យជាតិប្រេងកកកុញលើរន្ធញើសបង្កឲ្យស្បែកមិនមានផាសុកភាព។
លើសពីនេះទៀត បើអ្នកស្ថិតក្រោមម៉ាស៊ីនត្រជាក់ស្ទើរពេញមួយថ្ងៃ នៅចន្លោះម៉ោង ៣-៤ ស្បែកនឹងចាប់ផ្ដើមស្ងួត។ ដូច្នេះអ្នកគួរមាន ស្រ្ពាយបាញ់មុខដើម្បីជួយផ្ដល់សំណើមដល់ស្បែកមុខ។ អ្នកកុំបារម្ភពីបញ្ហាថាពេលបាញ់ស្រ្ពាយទៅធ្វើឲ្យខូចការMakeup ព្រោះតាមពិតវាមានតែជួយរក្សាឲ្យគ្រឿងសម្អាងជាប់បានយូរប៉ុណ្ណោះ។
ម៉ោង៥ -៦ ល្ងាច
ទោះបីជាព្រះអាទិត្យចាប់ផ្ដើមលិចសន្សឹមៗក៏ដោយ តែអំឡុងពេលនេះគឺពេញដោយការស្ទះចរាចរណ៍។ ម្ល៉ោះហើយផ្សែងឡានម៉ូតូ បង្ហុយចោលរាប់ម៉ោងនៅលើផ្លូវអាចបំផ្លាញដល់ស្បែកមុខរបស់អ្នក។ កុំភ្លេចពាក់ម៉ាសនៅពេលចេញក្រៅ។
ម៉ោង ៧ -៩ យប់
ក្រោយហូបអាហារល្ងាចរួច កុំភ្លេចផឹកទឹកដើម្បីបំពេញជាតិសំណើមដល់ស្បែកបានល្អ ក៏ដូចជាជួយប្រព័ន្ធរំលាយអាហារឲ្យដំណើរការល្អផងដែរ។ កាន់តែលើសលប់ទៀតនោះ ចន្លោះនេះជាម៉ោងមាសសម្រាប់អ្នក បើចង់ថែស្បែកឲ្យទន់ភ្លឺថ្លា ព្រោះកោសិកាអាចស្រូបយកជីវជាតិបានលឿនជាងម៉ោងណាៗទាំងអស់។ សម្រាប់គ្រីមដើម្បីឲ្យកាន់តែមានប្រសិទ្ធភាព គួរជ្រើសរើសប្រភេទគ្រីមសម្រាប់លាបពេលយប់ និងឡេណាដែលផ្ទុកខូឡាជែនជួយស្បែកឲ្យក្មេងជាងវ័យ។
ចូលគេងមុនម៉ោង១០យប់
នេះជាពេលដែលស្បែកទាមទារការសម្រាកយ៉ាងពិតប្រាកដ។ លើសពីនេះ ក៏ជាពេលកោសិកាចាស់ផ្លាស់ប្ដូរផងដែរ។ ជារឿងល្អ អ្នកគួរចូលគេងឲ្យបានមុនម៉ោង១០យប់៕
អានបន្ត៖ ស្បែកមុខស្អាតយ៉ាងណា នឹងប្រែទៅជាឆាប់ជ្រួញមុនវ័យ បើមានកំហុសលាងមុខ ៥ យ៉ាងនេះ