មិន​មែន​រឿង​មាន​ឬ​សង្ហា​ តែ​បើ​បាន​ប្ដី​ហ៊ាន​ធ្វើ​រឿង​ទាំង​៥​​ អ្នក​ជា​ស្រី​សំណាង​បំផុត​ហើយ!

  • 2020-09-03 02:17:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ថា​រៀបការ​បាន​ប្ដី​អ្នក​មាន ឬ​ប្ដី​រូប​សង្ហា​គឺ​ជា​សំណាង​របស់​មនុស្ស​ស្រី? វា​អាច​ជា​រឿង​ត្រឹម​ត្រូវ​មួយ​ផ្នែក តែ​អាច​ត្រូវ​ត្រឹម​តែ​ក្ដី​សុខ​ផ្លូវ​កាយ​ខាង​ក្រៅ​ប៉ុណ្ណោះ! ប៉ុន្តែ​បើ​អ្នក​អាច​រក​បាន​មនុស្ស​ប្រុស​ដែល​អាច​ធ្វើ​រឿង​ទាំង​៥​យ៉ាង​នេះ​ចំពោះ​ភរិយា និង​គ្រួសារ​ទៀត ទើប​អាច​ចាត់​ទុក​ជា​នារី​ដែល​មាន​សំណាង​ក្នុង​លោក ទាំង​ផ្លូវ​កាយ និង​ផ្លូវ​ចិត្ត។

មាន​រឿង​អី​ក៏​មិន​មាត់​ធំ ឬ​ស្រែក​ដាក់​អ្នក

មនុស្ស​ប្រុស​ជា​មនុស្ស​ចិត្ត​អំណត់ មិន​ងាយ​បង្ហាញ​អារម្មណ៍​ចេញ​ងាយ​ៗ​ឡើយ។ ប៉ុន្តែ​ពេល​មាន​បញ្ហា​មិន​ត្រូវ​គ្នា​ជាមួយ​ប្រពន្ធ អាច​មាន​មនុស្ស​ប្រុស​តិច​នាក់​ណាស់​ដែល​អាច​ស៊ូ​អត់​ធ្មត់ មិន​ស្រែក​តប​​ ឬ​សម្លុត​ប្រពន្ធ​​នោះ។ មនុស្ស​ប្រុស​ខ្លះ​មិន​ស្រែក​តប​នឹង​ប្រពន្ធ តែ​បែរ​ជា​បោះបោក​របស់​ក្នុង​ផ្ទះ វាយ​កូន​​បញ្ជោះ​ជា​ដើម។ ​

ហ៊ាន​ដាក់​ចិត្ត​ជួយ​រំលែក​ការងារ​ក្នុង​ផ្ទះ​ដោយ​មិន​ខ្មាស​អៀន

នេះ​រឹត​តែ​ជា​ករណី​កម្រ ព្រោះ​បុរស​ត្រូវ​ចេញ​ទៅ​ធ្វើ​ការ​ខាង​ក្រៅ ហើយ​រអ៊ូ​ថា​អស់​កម្លាំង​មិន​អាច​ជួយ​ការងារ​ក្នុង​ផ្ទះ​បាន​ទេ។ អ្នក​ខ្លះ​ទៀត​ក៏​និយាយ​ថា ការងារ​ទាំង​នេះ​មាន​តែ​មនុស្ស​ស្រី​ទេ​ទើប​ធ្វើ​បាន​ល្អ និង​ជា​តួនាទី។ ដូច្នេះ​គេ​ជា​មនុស្ស​ប្រុស​មិន​សម​ធ្វើ​ឡើយ។ ដូច្នេះ​បើ​អ្នក​អាច​រក​បាន​បុរស​ដែល​សុខ​ចិត្ត​ហត់​នៅ​ខាង​ក្រៅ​ហើយ ចូល​ដល់​ផ្ទះ​នៅ​ជួយ​រំលែក​ការងារ​កំប៉ិកកំប៉ុក​ក្នុង​ផ្ទះ​ដូច​ជា មើល​កូន បោក​ខោ​អាវ ធ្វើ​ម្ហូប លាង​ចាន ឬ​សូម្បី​តែ​បោក​​ផ្ទះ​នោះ អ្នក​កំពុង​មាន​គ្រាប់​ពេជ្រ​មួយ​គ្រាប់​នៅ​ក្នុង​ដៃ​ហើយ។

យក​ភ្នែក​មើល តែ​មិន​យក​ស្រី​ដទៃ​ដាក់​ក្នុង​ចិត្ត

មនុស្ស​ប្រុស​និង​ស្រី​ស្អាត វា​មិន​ខុស​ពី​ស្រមោច​និង​ស្ករ​ទេ។ ប៉ុន្តែ​បើ​ស្វាមី​អ្នក​អាច​មើល​ស្រី​ស្អាត តែ​មិន​រវល់​ ដៀម​ដាម ឌឺដង លែបខាយ ឬ​ដៃ​ដល់​ លេង​សើច​ជាមួយ​ស្រី​ក្រៅ​ទេ អ្នក​ប្រហែល​ជា​ដុំ​ពេជ្រ​ក្នុង​ភ្នែក​គាត់​វិញ​ម្ដង​ហើយ។ អ្នក​ប្រហែល​មិន​អាច​ឃាត់​ភ្នែក​គាត់​មិន​ឱ្យ​មើល​ស្រី​ដទៃ​បាន តែ​អ្នក​អាច​ឃាត់​បេះដូង​រ​បស់​គាត់​ឱ្យ​នៅ​ចាក់​សោ​ក្នុង​បេះដូង​អ្នក​បាន បើ​គាត់​ពិត​ជា​ប្ដី​ល្អ​មែន​នោះ។

សុខ​ចិត្ត​ហត់​យ៉ាង​ណា ក៏​ដើម្បី​ឱ្យ​តែ​បាន​ប្រពន្ធ​កូន​សុខ​ស្រួល

ប្រហែល​មាន​បុរស​មួយ​ចំនួន​ពោល​ថា "ស៊ូ​លំបាក​យ៉ាង​ណា​ឱ្យ​តែ​បាន​នៅ​ក្បែរ​ប្រពន្ធ​កូន" ប៉ុន្តែ​ក៏​នឹង​អាច​មាន​បុរស​មួយ​ចំនួន​ផ្សេង​ទៀត​ដែល​នឹង​ពោល​ថា "ស៊ូ​ឃ្លាត​ប្រពន្ធ​កូន​មួយ​រយៈ​ ឱ្យ​តែ​អាច​រក​ប្រាក់​ចិញ្ចឹម​ប្រពន្ធ​កូន​ឱ្យ​រស់​ស្រួល"។

បើ​គាត់​ជា​ស្វាមី​ដែល​ចេះ​គិត​គូរ​រឿង​អនាគត​គ្រួសារ គាត់​នឹង​កំណត់​គោលដៅ​មួយ​ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​​តែ​ក្រុម​គ្រួសារ​មាន​ក្ដី​សុខ ទោះ​ត្រូវ​លំបាក​ម្នាក់​ឯង ឬ​ត្រូវ​ទៅ​ឆ្ងាយ​មួយ​រយៈ​ក៏​ដោយ។ គាត់​នឹង​ដឹង​ថា​ពេលវេលា​កម្រិត​ណា​ដែល​គួរ​ត្រលប់​មក​វិញ មិន​មែន​យក​លេស​ទៅ​ឆ្ងាយ​ ហើយ​បាន​ស្វាយ​ណាយ​ក្រូច​ដូច​ពាក្យ​ចាស់​លោក​ថា​នោះ​ទេ។

ចេះ​បែង​ចែក ដឹង​ទុក្ខ​ធុរៈ​គ្រួសារ​សង្ខាង

មនុស្ស​ប្រុស​ភាគ​ច្រើន​មិន​សូវ​បាន​គិត​គូរ​ពី​រឿង​នេះ​ប៉ុន្មាន​ទេ ព្រោះ​គិត​ថា​គួរ​តែ​ប្រពន្ធ​ជា​អ្នក​ចាត់​ចែង។ ប៉ុន្តែ​​អ្នក​នឹង​អាច​មាន​សំណាង​ បើ​រក​បាន​ប្ដី​ដែល​ចេះ​ដឹង​ទុក្ខ​ធុរៈ ថ្លឹង​ថ្លែង​បន្ទុក​គ្រួសារ​ទាំង​សង្ខាង​បាន​ស្មើ​គ្នា អាច​ធ្វើ​ជា​ខ្នង​បង្អែក​សម្រាប់​គ្រួសារ​ទាំង​ពីរ មិន​ថា​មាន​បញ្ហា​តូច​ឬ​ធំ​​នោះ អ្នក​គួរ​តែ​រក្សា​គាត់​​ឱ្យ​បាន​ល្អ ហើយ​គ្រួសារ​របស់​អ្នក​ក៏​កម្រ​នឹង​មាន​ជម្លោះ​ដែរ៕

អត្ថបទ៖ សរ សុគន្ធី

អត្ថបទពេញនិយម