ជីវិតអាពាហ៍ពិពាហ៍ មានប្ដីដូចជាអត់ ប្រសិនជាស្វាមីមានសញ្ញាទាំងនេះ
- 2020-09-02 04:33:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតអាពាហ៍ពិពាហ៍ មានប្ដីដូចជាអត់ ប្រសិនជាស្វាមីមានសញ្ញាទាំងនេះ
មនុស្សស្រីក្នុងលោក អ្នកណាមិនប៉ងបានស្វាមីម្នាក់ដែលអាចទុកចិត្ត ធ្វើជាខ្នងបង្អែកបាននោះ។ តែបើមនុស្សប្រុសមានអត្តចរិតបែបនេះវិញ គឺសុខចិត្តមិនមានប្រសើរជាង ត្បិតមានដូចជាអត់ដដែល។
១. គេមិនត្រលប់មកផ្ទះ
ប្រសិនបើស្វាមីអ្នកឧស្សាហ៍មិនចូលផ្ទះពេលយប់ ដោយលើកហេតុផលមកដដែលៗ ច្រំដែល ឬមិនគួរទុកចិត្ត នេះច្បាស់ណាស់ ថាគេកំពុងមានចំណងអ្វីផ្សេងក្រៅអ្នក និងកូនរបស់អ្នក។ ប្រសិនបើមិនមែនស្រីផ្សេងទេ កត្តាដែលគេចូលខារ៉ាអូខេ ផឹកដាច់យប់ក៏អាចលើកឡើងបានដែរថា គេមិនឲ្យតម្លៃគ្រួសារមួយនេះឡើយ ដោយការសប្បាយនៅខាងក្រៅ គឺសំខាន់ជាងអ្នកទៅទៀត។
២. គ្រួសារមិនមែនជាអាទិភាពទី១របស់គេ
ពេលនៅកំលោះ មិនទាន់មានគ្រួសារ មិត្តភ័ក្ដិ ឬការសប្បាយអាចជាអាទិភាពរបស់មនុស្សប្រុសភាគច្រើន ប៉ុន្តែខណៈដែលឈានជើងចូលជីវិតគូហើយ គ្រួសារត្រូវតែនៅលើគេ ដោយការសប្បាយ ឬការជួបជុំមិត្តភ័ក្ដិ អាចទុកក្រោយបាន។ ផ្ទុយមកវិញ ប្រសិនជាគេនៅតែទុករបស់ទាំងនោះ សំខាន់ជាងគ្រួសារនោះ មានន័យថា មនុស្សគេមិនទាន់ចាស់ទុំ ឬនិយាយឲ្យត្រង់គឺមិនទាន់ត្រៀមខ្លួនគ្រប់គ្រាន់ដើម្បីបង្កើតគ្រួសារខ្លួនឯងឡើយ។
៣. គេមិនស្មោះត្រង់
បុរសម្នាក់ដែលមិនស្មោះត្រង់នឹងប្រពន្ធកូន ក៏មិនស័ក្ដិសមធ្វើជាប្ដី ឬឪពុកគេបានដែរ។ តើអ្នកឲ្យកូននិយាយថាម៉េច បើគេឃើញពុកគេទៅមានស្រី និងកូនផ្សេងទៀតនៅខាងក្រៅ? បើអ្នកមិនទុកមុខឲ្យប្រពន្ធកូនទេ គួរណាស់ក៏គួរខ្មាសខ្លួនឯងដែរ ដែលសុំឪពុកម្ដាយគេធ្វើជាប្រពន្ធរួចហើយ បែរជាទៅរកថែមអ្នកថ្មីទៅវិញ?
៤. គេមិនស្រលាញ់អ្នក
នេះក៏ជាចំណុចដែលគួរឲ្យខ្លាចបំផុតផងដែរ នៅក្នុងជីវិតប្ដីប្រពន្ធ។ ប្រពន្ធរូបណាក៏ភ័យខ្លាច ថ្ងៃណាមួយ ប្ដីនឹងឈប់ស្រលាញ់យើង។ តែអ្នកត្រូវដឹងថា អ្វីៗលើលោកក៏នឹងកែប្រែតាមពេលវេលា។ បើថ្ងៃណាមួយ គេលែងស្រលាញ់ហើយ អ្នកត្រូវចិត្តឲ្យពីចំណងតុកសិកមួយនេះ៕