ក្បាច់ហាត់ប្រាណងាយៗ ជួយកម្ចាត់ខ្លាញ់ខ្នង អស់បារម្ភពេលចង់ពាក់អាវរឹបរាង
- 2020-08-31 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្បាច់ហាត់ប្រាណងាយៗ ជួយកម្ចាត់ខ្លាញ់ខ្នង អស់បារម្ភពេលចង់ពាក់អាវរឹបរាង
មិនមនុស្សគ្រប់គ្នាសុទ្ធតែអាចមានខ្នងស្រឡូនស្អាតនោះឡើយ។ យ៉ាងណាក៏ដោយ មានតែលំហាត់ប្រាណប៉ុណ្ណោះទើបអាចកែប្រែបញ្ហាបាន។ មិនចាំបាច់ប្រឹងហាត់ចេញញើសលើសកម្រិតពេកក៏បាន ត្រឹមក្បាច់ងាយៗនៅផ្ទះ ក៏អាចជួយដុតរំលាយសាច់ហៀរ ជួយឲ្យខ្នងស្លីមស្អាត មានទំនុកចិត្តកាន់តែខ្លាំងរាល់ពេលពាក់អាវរឹបរាង ឬអាវបញ្ចេញខ្នងជាដើម។
ក្បាច់មេអំបៅ
ក្បាច់នេះផ្តោតសំខាន់នៅផ្នែកខ្នង និងអាចរំលេចចេញនូវរាងគួរឲ្យទាក់ទាញ។
ដំបូងត្រូវដេកផ្កាប់នៅលើកម្រាលហាត់ប្រាណ បន្ទាប់មកត្រូវត្រដាងដៃទាំងពីរ លើកឡើង ដូចគ្នានឹងកាយវិការមេអំបៅកំពុងតែហោះហើរ។
នៅពេលងើបឡើង ត្រូវសម្លឹងទៅមុខ ដាក់ក្បាលឲ្យត្រង់ បង្ហើបជើងទាំងសងខាងឡើងបន្តិច ហើយបក់ដៃចុះឡើងឲ្យបាន៣ដង សឹមទម្លាក់ទៅវិញ។ ត្រូវបន្តធ្វើបែបនេះឲ្យបាន ១២ជុំ។
ក្បាច់ហែកទឹក
ក្បាច់នេះដែរអាចជួយពង្រឹងសាច់ដុំធ្វើឲ្យស្មាស្លីមស្អាតដូចចិត្ត។ លើសពីនេះទៅទៀត វាថែមទាំងអាចជួយដល់ផ្នែកចង្កេះផងដែរ។
ដំបូងត្រូវដេកផ្កាប់នៅលើកម្រាលហាត់ប្រាណ ដាក់ជើងទាំងពីរឲ្យត្រង់ស្របគ្នាបង្ហើបឲ្យផុតពីកម្រាលបន្តិច។
លើកដៃទាំងពីរដាក់ត្រង់ទៅមុខ បន្ទាប់មកត្រូវបក់មកក្រោយហើយងើបមុខឡើង ដក់ដង្ហើមឲ្យបានវែងៗ។ ធ្វើចុះឡើងឲ្យបាន១២ជុំ។
ក្បាច់ពស់
ក្បាច់នេះវិញអាចជួយឲ្យខ្នងសិចស៊ី ទាក់ទាញនៅពេលស្លៀករ៉ូបវាលឬអាវរឹបរាង។ ជាពិសេសអាចធ្វើឲ្យចង្កេះតូចថែមទៀតផង។
ដំបូងអ្នកត្រូវដកផ្កាប់នៅលើកម្រាលហាត់ប្រាណដដែល ដាក់ជើងទាំងពីរឲ្យត្រង់ស្របគ្នា។
លើកដៃទាំងពីរឲ្យមានរាងកែង ងើបមុខនិងបង្ហើបជើងឡើង ហើយងាកទៅឆ្វេងទៅស្តាំ ឲ្យបានប្រមាណ ១៥-២០ ដង។
ក្បាច់ទាំង៣ដែលបានបង្ហាញដូចខាងលើ សុទ្ធតែផ្តោតសំខាន់ទៅលើផ្នែកខ្នង ដើម្បីធ្វើឲ្យខ្នងស្រឡូន គ្មានខ្លាញ់ហៀរ មិនភ័យខ្លាចក្នុងការស្លៀកបំពាក់ផ្សេងៗដែលអ្នកពេញចិត្ត៕
ចុចអានបន្ត៖ អាហារ ៤ ក្រុម កាន់តែញ៉ាំរូបរាងនឹងកាន់តែស្អាត ស្រកគីឡូដូចចិត្ត