វិធីសាស្រ្ដលើកទឹកចិត្តខ្លួនឯងពេលអ្នកធ្លាក់ខ្លួនដុនដាបខ្លាំង ហើយគ្មានអ្នកណាក្បែរ
- 2020-08-28 14:46:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្ដលើកទឹកចិត្តខ្លួនឯងពេលអ្នកធ្លាក់ខ្លួនដុនដាបខ្លាំង ហើយគ្មានអ្នកណាក្បែរ
ការឡើងចុះនៃភាពរីករាយ និងទុក្ខសោកគឺមនុស្សយើងមិនអាចគេចផុតបានទេ តែក៏មិនអាចចេះតែបណ្ដោយឲ្យសេចក្ដីទុក្ខមករួមរឹតរហូតមិនអាចចាកចេញពីវាបានដែរ។ បើពេលណាមួយដែលអ្នកមានអារម្មណ៍ថាខ្លួនឯងដុនដាបខ្លាំង ហើយគ្មានអ្នកណានៅក្បែរជួយលួងលោមអ្នកនោះ អ្នកអាចប្រើវិធីសាស្ត្រនេះលើកទឹកចិត្តខ្លួនឯងបាន៖
១. ចេញទៅក្រៅរកអីញ៉ាំ
ការចេញទៅរកអីញ៉ាំគឺជាវិធីមួយដែលអាចឲ្យអ្នកបន្ធូរភាពតានតឹងបានមួយចំណែក ព្រោះនៅពេលដែលអ្នកបានញ៉ាំរបស់ឆ្ងាញ់ៗ និងរសជាតិដែលអ្នកចូលចិត្តនោះ អ្នកនឹងមានអារម្មណ៍ធូរស្រាលបីរឿងដែលធ្វើឲ្យអ្នកពិបាកចិត្ត។ គ្រាន់តែទៅញ៉ាំអីម្នាក់ឯងគ្មានអីត្រូវឯកានោះទេ សំខាន់បំផុតអ្នកកុំបង្ខាំងខ្លួនឯងទុកនៅកន្លែងដែលស្ងប់ស្ងាត់ និងងងឹតទៀត។
២. មើលនិងស្ដាប់អ្វីដែលវិជ្ជមាន និងមានការជំរុញទឹកចិត្ត
ស្ដាប់អត្ថបទដែលមានទស្សនៈល្អៗ និងជួយធ្វើឲ្យចិត្តដែលកំពុងឈឺចាប់នេះបានស្ងប់។ កាលដែលចំណាយពេលមើល និងស្ដាប់ប្រភេទអត្ថបទ ឬវីដេអូបែបនេះអាចជួយសម្រួលអារម្មណ៍ និងការគិតអ្នកបានមួយចំណែកធំ ដោយធ្វើឲ្យអ្នកបើកចិត្តបានទូលាយជាងមុន និងគិតបានវែងឆ្ងាយ មិនសុញគំនិត។
៣. មើលរឿងបែបសប្បាយ
ការមើលរឿងក៏ជួយឲ្យអ្នកគ្រាន់បើជាងមុនដែរ ព្រោះនៅពេលដែលអ្នកផ្ដោតអារម្មណ៍ទៅលើរឿងដែលអ្នកមើលអ្នកនឹងលែងសូវគិតពីរឿងដែលធ្វើឲ្យអ្នកឈឺចាប់ទៀត។ ការមើលរឿងបែបសប្បាយៗអាចជួយឲ្យខួរក្បាលអ្នកស្រឡះជាងមុន ហើយក៏ជួយឲ្យអ្នកមានអារម្មណ៍ល្អក្នុងការក្រោកឈរឡើងវិញដែរ។
៤. ប្រាប់ខ្លួនឯងថាខ្លួនឯងមានតម្លៃ
ត្រូវព្យាយាមប្រាប់ខ្លួនឯងថាខ្លួនឯងជាមនុស្សមានតម្លៃណាស់ ដូច្នេះទោះមានរឿងអីក៏មិនអាចបោះបង់ខ្លួនឯងចោលដែរ។ ការឈឺចាប់នៅថ្ងៃនេះគ្មានអីធំដុំទេ ឲ្យតែយើងព្យាយាមឆ្លងវាឲ្យផុតបានមួយថ្ងៃៗ មិនយូរទេយើងនឹងជាសះស្បើយ។
៥. អានសៀវភៅ
មានមនុស្សជាច្រើនមិនសូវជាចូលចិត្តការអានសៀវភៅទេ ប៉ុន្តែការអានសៀវភៅពិតជាល្អមែនទែនសម្រាប់សុខភាពផ្លូវចិត្ត ដូច្នេះអ្នកគួរតែជ្រើសរើសប្រភេទសៀវភៅណាល្អៗមកអានដើម្បីសម្រួលផ្លូវចិត្តអ្នក។ អ្នកត្រូវដាក់ចិត្តដាក់កាយអានសៀវភៅ នោះបន្តិចក្រោយមកអ្នកនឹងដឹងថាវាមានប្រសិទ្ធភាពខ្លាំងសម្រាប់ជួយអ្នកឲ្យមានកម្លាំងចិត្តឡើងវិញ។
ពេលខ្លះជីវិតគឺបែបនេះ ដូច្នេះពេលដួលអ្នកត្រូវរៀនក្រោកឈរដោយខ្លួនឯង ព្រោះគ្មានអ្នកណាអាចជួយអ្នកល្អជាងអ្នកជួយខ្លួនឯងទេ៕
ចុចអាន៖បារម្ភ និងស្រឡាញ់ខ្លួនឯងឲ្យច្រើនៗទៅព្រោះភាគច្រើនគេមិនបានបារម្ភអ្នកទេ