គ្រប់យីហោម៉ាសផលិតខុសៗគ្នា ចៀសវាងអនុវត្តខុស គួរដឹងចំណុចសំខាន់ទាំងនេះសិន

  • 2020-08-24 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុខ​ជា​សម្រស់​មុន​គេ ដែល​នារី​ណា​​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដែរ។ ​ម្ល៉ោះ​ហើយ​នៅ​ពេល​ចង់​បាន​ស្បែក​មុខ​មាន​សំណើម​និង​ស្រស់​ថ្លា ​នារី​ជា​ច្រើន​តែ​ង​បិទ​ម៉ាស​ជា​ប្រចាំ។ ​យ៉ាង​​ណា​ក៏​ដោយ ​កំហុស​ពី​ការ​បិទ​ម៉ាស​អាច​បំ​ផ្លាញ​ស្បែក​របស់​អ្នក​បាន។ ​ដូច្នេះ ​គួរ​ដឹង​ពី​គន្លឹះ​មួយ​ចំនួន ​ដើម្បី​ចៀស​វាង​ហានិភ័យ។

រូបតំណាង

**១. លាង​ដៃ​សិន​ មុន​ពេល​លាង​មុខ**

​មុន​ពេល​ទៅ​ហែក​កញ្ចប់​ម៉ាស​យក​មក​បិទ​មុខ ​អ្នក​គូរ​ទៅ​លាង​ដៃ​សិន​ហើយ​ចាំ​លាង​មុខ​របស់​អ្នក​។ ​ដោយសារ​ធូលី​ពី​ដៃ​និង​មុខ ​​អាច​បង្ក​មេរោគ​ដែល​ធ្វើ​ឲ្យ​ពេល​បិទ​ម៉ាស​ទៅ​ ស្បែក​មិន​បាន​ស្រូប​សារជាតិ​ចិញ្ចឹម​ឡើយ។ ​ផ្ទុយ​ទៅ​វិញ ​វា​បែរ​ជា​ស្រូប​កាក​សំណល់​ធូ​លី​ដី​​ ​បង្ក​​​ជា​កើត​មុន​ទៅ​វិញ​។ ​

២. ម៉ាស​បិទ​រួច​ កុំ​ទុក​ប្រើ​ម្ដង​ទៀត

​មាន​​នារី​ជា​ច្រើន​តែង​យល់​ច្រឡំ​ថា​ ម៉ាស​សន្លឹក​អាច​ទុក​ប្រើ​បាន​ច្រើន​ដង​ តែ​តាម​ពិត​គឺ​ប្រើ​បាន​តែ​ម្ដង​ប៉ុណ្ណោះ។ ហេតុ​ផល ​ពេល​អ្នក​យក​ប្រើ​លើក​ដំបូង ​គឺ​យើង​ហែក​កញ្ចប់​​វា​ចេញ​ដែល​ធ្វើ​ឲ្យ​​ធូ​លី​និង​ខ្យល់​ងាយ​ចូល​ណាស់។ ដូច្នេះ ​​កុំ​ប្រើ​ម៉ាស​មួយ​សន្លឹក​ច្រើន​ដង​អី ​ព្រោះ​អាច​បំផ្លាញ​ស្បែក​មុខ​បាន​។

រូបតំណាង

៣. ​កុំ​បិទ​ម៉ាស​​ចោល​ពេញ​មួយ​យប់ ​ឬ​យូរ​ពេក

​ម៉ាស​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​​ផលិត​ផល​ថែ​បំប៉ន​ស្បែក​មុខ​ល្អ​ពិសេស​មួយ ​ប៉ុន្តែ​មិន​មាន​ន័យ​ថា​វា​គ្មាន​គុណ​វិបត្តិ​ទេ។ ​បើ​អ្នក​បិទ​វា​ចោល​ពេញ​មួយ​យប់ ​ឬ​យូរ​​ជាង​កាល​កំណត់ ​មុខ​របស់​អ្នក​អាច​យ៉ាប់​លើស​សភាព​ដើម​ក៏​ថា​បាន។ ​បន្ថែម​ពី​នេះ ​ការ​បិទ​ម៉ាស​យូរ​ពេក ​​​វា​មាន​តែ​ធ្វើ​ឲ្យ​មុខ​ស្ងួត​និង​គ្រោះ​ថ្នាក់​ដោយសារ​​ម៉ាស​បាន​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ពី​ស្បែក​មុខ​របស់​អ្នក​ចេញ​អស់។

រូបតំណាង

៤. ត្រូវ​ច្បាស់​ថា បិទ​ម៉ាស​រួច​ត្រូវ​លាង​មុខ​ចេញ​ឬ​អត់

​គ្រប់​យីហោ​ម៉ាស​ទាំង​អស់​ សុទ្ធ​តែ​​ផលិត​សម្រាប់​ប្រើ​ខុស​ៗ​គ្នា។ ​ម្ល៉ោះ​ហើយ ​មិន​មែន​គ្រប់​ម៉ាស​សុទ្ធ​តែ​ត្រូវ​លាង​មុខ​ចេញ ​ក្រោយ​បិទ​រួច​នោះ​ទេ។ ម៉ាស​ខ្លះ ​តម្រូវ​ឲ្យ​អ្នក​​បន្ត​លាប​គ្រីម​​បន្ថែម​ដោយ​មិន​បាច់​លុប​មុខ​ ​ម៉ាស​ខ្លះ​​តម្រូវ​ឲ្យ​លាង​ទឹក​ចេញ​ ក្រោយ​បិទ​រួច។ ​ដូច្នេះ​​អ្នក​ត្រូវ​ធ្វើ​តាម​ការ​ណែ​នាំ​​ដែល​បាន​ដាក់​លើ​សម្បក​កញ្ចប់​ឲ្យ​បាន​លម្អិត ​ចៀស​វាង​ស្បែក​ងាយ​អាឡែហ្សី និង​មុន​កើត​ឡើង។

រូបតំណាង

៥. ទុក​ម៉ាស​ក្នុង​ទូ​ទឹក​កក

​នារី​ជា​ច្រើន​ជឿ​ថា ​ទុក​ម៉ាស​ក្នុង​ទូ​ទឹក​ក​ក ​ប្រហែល​​អាច​ជួយ​ពន្យារ​​​រក្សា​ម៉ាស​បាន​យូរ​ជាង​ធម្មតា។ ​តាម​ការ​ពិត​ គឺ​ផ្ទុយ​ស្រឡះ ព្រោះ​សីតុណ្ហភាព​ត្រជាក់​​អាច​បំផ្លាញ​សមាសធាតុ​មួយ​ចំនួន​ក្នុង​ម៉ាស​​មិន​សូវ​មាន​ប្រសិទ្ធភាព។ ​ដូច្នេះ ​ពេល​ទិញ​គួរ​ពិនិត្យ​មើល​ថ្ងៃ​ផុត​កំណត់ ហើយ​ប្រើ​វា​ឲ្យ​បាន​មុន​ការ​បរិច្ឆេទ។ ​មួយ​វិញ​ទៀត ​គួរ​ទុក​ម៉ាស​ក្នុង​បន្ទប់​​ដែល​មាន​កម្រិត​សីតុណ្ហភាព​ល្មម​និង​មិន​ត្រូវ​ចំ​ពន្លឺ​ថ្ងៃ​ដោយ​ផ្ទាល់៕​

អានបន្ត៖ ​ តិចនិកងាយៗដោះស្រាយបញ្ហាស្បែកក្រិន អុជខ្មៅ គ្រើមដូចស្បែកមាន់

ប្រភព៖ Tonkit360 ប្រែ​សម្រួល៖ លឹម សុនា