កុំបណ្តោយ ! អ្នកនឹងខ្វាក់បាន បើភ្នែកប្រឈមនឹងស្ថានភាពបែបនេះ

  • 2020-08-07 10:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភ្នែក​ជា​សិរីរាង្គ​ដ៏​សំខាន់​របស់​មនុស្ស។ ​ប៉ុន្តែ​ដោយសារ​តែ​ការ​រីក​សុះ​សាយ​ផ្សេង​ៗ​នៅ​ក្នុង​សង្គម ​រួម​ទាំង​តម្រូវ​ការងារ ​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​សម្លឹង​មើល​ទូរសព្ទ ​ឬ​កុំ​ព្យូទ័រ​រយៈ​ពេល​យូរ។ ​បើ​​ភ្នែក​របស់​អ្នក​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​ដូច​ខាង​ក្រោម ច្បាស់​ណាស់​វា​ងាយ​នឹង​ប្រឈម​ទៅ​ជា​ខ្វាក់ ឬ​ជំ​ងឺ​ភ្នែក​យ៉ាង​ពិត​ប្រាកដ​នៅ​ថ្ងៃ​​ណាមួយ។

១. ​ភ្នែក​ស្ងួត

នៅ​ពេល​ដែល​អ្នក​ប្រើ​ភ្នែក​សម្លឹង​អ្វី​មួយ​យូរ​ម៉ោង ដោយ​មិន​សូម្បី​តែ​ព្រិច​ឲ្យ​បាន​ញឹក​ញាប់ ​វា​ងាយ​នឹង​ធ្វើ​ឲ្យ​ភ្នែក​ស្ងួត​ជា​ទី​បំផុត។ ​ជា​ទូ​ទៅ ​មនុស្ស​ពេ​ញវ័យ​ព្រិច​ភ្នែក​១៥​ដង ​ក្នុង​មួយ​នាទី ​ហើយ​គុណ​​ប្រយោជន៍​នេះ​ ជួយ​ឲ្យ​ផ្ទៃ​កែវ​ភ្នែក​មាន​សំណើម​ឡើង។ ​តែ​ដោយសារ​អ្នក​រវល់​ផ្តោត​លើ​អ្វី​មួយ​ខ្លាំង​ពេក ​រហូត​មិន​បាន​ចាប់​អារម្មណ៍​ថា​ភ្នែក​របស់​អ្នក​ព្រិច​បាន​ញឹក​ញាប់​ឬអត់​ទេ ហើយ​ករណី​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ផង​ដែរ។

២. ទីតាំង​គ្រាប់​ភ្នែក​ចាប់​ផ្តើម​ខុស​ប្រក្រតី

​ជា​ទូ​ទៅ ​​វា​ច្រើន​កើត​ឡើង​លើ​កុមារ និង​មនុស្ស​វ័យ​ជំទង់។ យោង​តាម​អ្នក​ជំនាញ​ស្រាវ​ជ្រាវ ​​ជំងឺ​នេះ​ហៅ​ថា Strabismus ។ មូលហេតុ​ដែល​ធ្វើ​ឲ្យ​​​កុមារ​​មាន​ទំនោរ​ងាយ​ទៅ​រក​ជំ​ងឺ​នេះ ​គឺ​ដោយសារ​ការ​ សម្លឹង​ទូរសព្ទ​ត្រឹម​ចម្ងាយ ២០ -៣០ cm ​ពី​អេក្រង់ ហើយ​ការ​ភ្ជាប់​ប្រព័ន្ធ​ប្រសាទ​រវាង​កែវ​ភ្នែក​និង​ខួរ​ក្បាល​កុមារ​នៅ​មិន​ទាន់​ពេញ​លេញ​នៅ​ឡើយ។ ​ដូច្នេះ​ការ​ប្រើ​កែវ​ភ្នែក​​មិន​ត្រឹម​ត្រូវ​ជាមួយ​រយៈ​ចម្ងាយ និង​យូរ​ពេក បណ្តាល​ឲ្យ​កើត​ជំ​ងឺ​នេះ​យ៉ាង​ខ្លាំង។ ក្រៅ​ពី​នេះ​វា​ក៏​មាន​ឥទ្ចីពល​លើ​ចក្ខុ​វិស័យ បណ្តាល​ឲ្យ​ប្រែ​ជា​ស្រអាប់​បន្តិច​ម្តង​ៗ និង​បាត់​បង់​ចក្ខុវិស័យ​​ដែល​បង្កើត​បាន​ដោយ​មិន​ដឹង​ខ្លួន​ទៀត​ផង។

ចំណែក​មនុស្ស​វ័យ​ជំទង់​វិញ ​កើត​ឡើង​ភាគ​ច្រើន​ដោយសារ​ការ​គេង​មើល​ទូរសព្ទ​ក្នុង​ទ្រង់​ទ្រាយ​មិន​ត្រឹម​ត្រូវ។ ​ដូច​ជា​ផ្តេក​ខ្លួន​សម្លឹង​មើល​ទូរសព្ទ ដែល​ងាយ​ឲ្យ​ភ្នែក​រង​សម្ពាធ​ជា​ទម្ងន់។ ​បើ​សម្លឹង​យូរ​ម៉ោង​ពេក គ្រាប់​ភ្នែក​ខាង​ឆ្វេង​និង​ស្តាំ​នឹង​ប្រែ​ជា​​អន់​បន្តិច​ម្តង​ៗ ​ហើយ​សូម្បី​ចក្ខុវិស័យ​​ក៏​ប្រែ​ជា​លំអៀង​ខុស​ទីតាំង​ប្រក្រតី​ដែរ។

៣. ភ្នែក​មាន​ស្ថាន​ភាព​តឹង​តែង

ដោយសារ​តែ​​​មើល​អេក្រង់​កៀក​និង​យូរ​ពេក ​ភ្នែក​របស់​អ្នក​​ងាយ​ឈឺ​ផ្សារ​ និង​ស្ងួត​បំផុត។ លើស​ពី​នេះ ​ពន្លឺ​ពណ៌​ខៀវ​របស់​អេ​ក្រង់​ទូរសព្ទ​បាន​ដាក់​សម្ពាធ​លើ​ភ្នែក​ឲ្យ​ក្តៅ ពិសេស​នៅ​ពេល​អ្នក​មើល​ក្នុង​ទី​ងងឹត ។ ពន្លឺ​ជះ​ពី​អេ​ក្រង់​នោះ​ត្រឹម​តែ​កន្លះ​ម៉ោង ​នឹង​ងាយ​ឲ្យ​​កើត​ជំងឺ​ភ្នែក​យ៉ាង​ខ្លាំង។ ​បន្ទាប់​ពី​មាន​អារម្មណ៍​ថា​ផ្សារ​ភ្នែក ​ថ្ងៃ​ណាមួយ​វា​នឹង​ប្រឈម​ការ​ខ្វាក់ ឬ​មើល​មិន​ឃើញ​ច្បាស់។ ​ជា​ទូទៅ ​ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ចាស់ ​តែ​បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​កើត​លើ​មនុស្ស​វ័យ​ក្មេង​ផង​ដែរ។

៤. ពេល​ខ្លះ​ឈឺក្បាល ​ចង់​ក្អួត វិល​មុខ​ក៏​មាន

​នេះ​បណ្តាល​មក​ពី​ការ​​​រក្សា​ឥរិយាបថ​សម្លឹង​មើល​អេក្រង់​រយៈ​ពេល​យូរ ដោយ​មិន​ប្តូរ​ចលនា។ ​សម្ពាធ​ឈាម​ក្នុង​ខួរ​ក្បាល​មិន​ធ្វើ​ចលនា​បាន​ល្អ ​ដែល​ងាយ​ឲ្យ​ប្រព័ន្ធ​ត្រចៀក​ខាង​ក្នុង​និង​រាង​កាយ​បាត់​បង់​តុល្យភាព។ ​​នៅ​ពេល​ខួរ​ក្បាល​​គិត​ថា​ធ្វើ​ចលនា តែ​តាម​ពិត​រាង​កាយ​បែរ​ជា​នៅ​ស្ងៀម ​ដូច្នេះ​ប្រព័ន្ធ​វិញ្ញាណ​ក៏​ចាប់​ផ្តើម​ចម្រូង​ចម្រាស​ក្នុង​​ពេល​ជាមួយ​គ្នា ​ដែល​បណ្តាល​ឲ្យ​ទៅ​ជា​មាន​អាការៈ​មិន​ស្រួល​កើត​ឡើង។

៥. មើល​ឃើញ​វត្ថុ​ព្រាលៗ

ការ​សម្លឹង​មើល​អេ​ក្រង់​យូរ​ម៉ោង​ពេក ហើយ​ភ្លាមៗ​​ពេល​សម្លឹង​មើល​មក​វត្ថុ​អ្វី​មួយ ​ស្រាប់​តែ​ឃើញ​ព្រាលៗ ឬ​វត្ថុ​នោះ​​បែង​ភាគ នោះ​ជា​សញ្ញា​អាក្រក់​ហើយ។ ​នេះ​គួប​ផ្សំ​នឹង​ការ​​ចូល​គេង​យប់​ជ្រៅ​ពេក ​ព្រម​ទាំង​អស់​កម្លាំង​ខ្លាំង ​វា​ងាយ​នឹង​មាន​លក្ខខណ្ឌ​ទាំង​នេះ​ណាស់។

ដោយសារ​តែ​តម្រូវ​ការ​ការងារ ​មនុស្ស​ជា​ច្រើន​បាន​ចំណាយ​ពេល​​មើល​អេ​ក្រង់​ទូរសព្ទ ឬ​កុំ​ព្យូទ័រ​អស់​ជា​ច្រើន​ម៉ោង ទើប​ធ្វើ​ឲ្យ​ភ្នែក​ប្រែ​ជា​យ៉ាប់​យឺន​ៗ​ឡើង។ ​យ៉ាង​ណា​​ក៏​ដោយ អ្នក​ក៏​អាច​លៃ​លក​ដោយ​មធ្យោបាយ​ដូច​ជា ​៖

  • កុំ​ដាក់​ពន្លឺ​អេ​ក្រង់​ក្នុង​កម្រិត​ចាំង​ខ្លាំង​ពេក ​

  • បើក​អំពូល​តូច​មួយ​នៅ​ពេល​អ្នក​ចង់​មើល​ទូរសព្ទ​នៅ​ពេល​យប់ ​

  • ចម្ងាយ​សម្លឹង​ពី​កុំ​ព្យូទ័រ​គួរ​​ពី ​៥០ -​៧០ cm ​ហើយ​ចម្ងាយ​ពី​ទូរសព្ទ​គួរ​ ​៣០ -​៥០ cm ​

  • នៅ​ពេល​ភ្នែក​របស់​អ្នក​មាន​អារម្មណ៍​ថា​អស់​កម្លាំង ​អ្នក​ត្រូវ​សម្រាក​ភ្នែក​មួយ​ស្របក់​សិន

  • កុំ​ភ្លេច​ប្រើ​ផលិត​ផល​ផ្តល់​សំណើម​ដល់​ភ្នែក​ដូច​ជា ​​ថ្នាំ​បន្តក់​ភ្នែក​​ជា​ដើម

  • ​អនុវត្ត គន្លឹះ ២០ -​២០ -២០ ​គឺ​បើ​អ្នក​សម្លឹង​អស់​២០​នាទី ​ត្រូវ​ចាំ​ថា​សម្រាក​២០​វិនាទី ឬ​ក៏​ងាក​ចេញ​ពី​អេ​ក្រង់​មួយ​ភ្លែត​សិន ដោយ​ព្យាយាម​សម្លឹង​ទៅ​ឲ្យ​ឆ្ងាយ​ចម្ងាយ ២០ Feet ​ ឬ​សម្លឹង​ទៅ​​មើល​រុក្ខជាតិ​ពណ៌​បៃ​តង​ កាន់​តែ​ល្អ​ប្រសើរ៕​

ប្រភព៖ goody25 ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម