កុំ​ឲ្យ​ខក​ចិត្ត​ទិញ​ប៉ះ​របស់​អន់ ទាំង​នេះ​ជា​គន្លឹះ​ដែល​អ្នក​ត្រូវ​ដឹង​ពេល​ដើរ​ផ្សារ​ទំនើប

  • 2020-07-28 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​ពេល​ដែល​និយាយ​ដល់​រឿង​ទិញ​គ្រឿង​ទេស​សម្រាប់​ធ្វើ​ម្ហូប​ ស្រីៗ​ដូច​ជា​រៀង​ពិបាក​បន្តិច​បើ​ប្រៀប​ធៀប​ទៅ​នឹង​ការ​ទិញ​អីវ៉ាន់។ ជា​ពិសេស​គ្រឿង​ទេស​នៅ​ក្នុង​ផ្សារ​ទំនើប​ បើ​អ្នក​មិន​ប្រយ័ត្ន​ទេ​នោះ​អាច​នឹង​ទិញ​ប៉ះ​ចំ​ផលិតផល​មិន​ល្អ។​ កញ្ញា​នឹង​បង្ហាញ​អ្នក​ពី​វិធី​ខ្លះៗ​ដែល​អាច​ជួយ​អ្នក​ឱ្យ​ទទួល​បាន​ផលិតផល​ល្អ​នៅ​ពេល​ដើរ​ផ្សារ​ទំនើប​៖

១.​ ជៀស​វាង​របស់​ដែល​វេច​ខ្ចប់​ឬ​កាត់​រួច​

យក​ល្អ​អ្នក​គួរ​ជៀស​វាង​របស់​ដែល​កាត់​ឬ​វេច​ខ្ចប់​រួច​ដូច​ជា​ឈីស​ បន្លែ​ ផ្លែ​ឈើ​ និង​សាច់។ល។​ ផលិតផល​ទាំង​នោះ​អាច​នឹង​ផុត​កំណត់​ ឬ​ជិត​ផុត​កំណត់​ហើយ។​ ថ្ងៃ​ផុត​កំណត់​នៅ​លើ​កញ្ចប់​ដែល​វេច​ខ្ចប់​ម្តង​ទៀត​មិន​អាច​ប្រាប់​អ្នក​ពី​ថ្ងៃ​ផលិត​ដើម​នោះ​ទេ​ ព្រោះ​គេ​អាច​ប្តូរ​តាម​ចិត្ត​បាន។ ហេតុ​នេះ​ហើយ​អ្នក​គួរ​ជ្រើស​រើស​ផលិត​ផល​ពី​រោង​ចក្រ​ ឬ​ទិញ​របស់​ទាំង​មូល​ហើយ​ឱ្យ​បុគ្គលិក​ផ្សារ​ទំនើប​កាត់​ឱ្យ​ក៏​បាន។

២.​ ត្រូវ​ប្រយ័ត្ន​ចំពោះ​របស់​ដែល​ចម្អិន​រួច​

នៅ​ពេល​ដែល​អ្នក​ទិញ​សាលាដ​លាយ​រួច​ ឬ​អាហារ​ដែល​ចម្អិន​រួច​ត្រូវ​ប្រយ័ត្ន​ចំពោះ​គុណភាព​នៃ​គ្រឿង​ផ្សំ​ ជា​ពិសេស​ខ្ទឹម​ឬ​ម្ទេស។​ គេ​អាច​នឹង​ដាក់​ខ្ទឹម​ឬ​ម្ទេស​ដើម្បី​លុប​បំបាត់​ក្លិន​និង​រសជាតិ​អាហារ​ផុត​កំណត់​។ បើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​សាលាដ​លាយ​រួច​នៅ​ផ្សារ​ទំនើប​អ្នក​ត្រូវ​ចាំ​ថា​ សាលាដ​លាយ​ជាមួយ​សាច់​ឆាប់​ផុត​កំណត់​ជាង​សាលាដ​ទទេ​ ហើយ​សាលាដ​លាយ​ជាមួយ​ម៉ាយូណេស (Mayonnaise) ឆាប់​ខូច​ជាង​សាលាដ​លាយ​ជាមួយ​ប្រេង​បន្លែ​។

៣.​ កុំ​ភ្លេច​មើល​សភាព​នៃ​ការ​វេច​ខ្ចប់

ការ​វេច​ខ្ចប់​ក៏​ជា​ផ្នែក​សំខាន់​មួយ​នៃ​ផលិតផល​ដែរ​ ជា​ពិសេស​ការ​វេច​ខ្ចប់​ទឹក​។ បើ​សិន​ជា​សំបក​ដប​ ឬ​កំប៉ុង​មាន​ការ​ប៉ះ​ទង្គិច​ អ្នក​មិន​គួរ​ទិញ​នោះ​ទេ។​ ការ​ប៉ះ​ទង្គិច​ទាំង​នោះ​អាច​ជា​សញ្ញាណ​នៃ​ការ​ស្តុក​ទុក​ខុស​បច្ចេកទេស​ ឬ​ការ​ដឹក​ជញ្ជូន​មិន​បាន​ត្រឹម​ត្រូវ។

៤.​ ទិញ​ផលិតផល​ណា​ដែល​អ្នក​អាច​ដឹង​ពី​គុណភាព​បាន

អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ទំនិញ​ដែល​អ្នក​មិន​អាច​ប៉ះ​ ឬ​ស្ទាប​ដឹង​ពី​គុណភាព​បាន។ នៅ​ពេល​ដែល​ផលិត​ផល​ដូច​ជា​សាច់​និង​បន្លែ​មាន​គុណភាព​អន់​គេ​និង​យក​ទៅ​វេច​ខ្ចប់​ឱ្យ​ជិត​ ដាក់​ក្នុង​ទូរ​បិទ​ជិត​ឬ​ដាក់​ឱ្យ​កក​។ ហេតុ​នេះ​ហើយ​នៅ​ពេល​ដែល​អ្នក​ទិញ​របស់​ទាំង​នេះ​អ្នក​គួរ​តែ​យក​របស់​ស្រស់ៗ​ ឬ​ឱ្យ​បុគ្គលិក​ផ្សារ​យក​វា​ចេញ​មក​មើល​ឱ្យ​បាន​ច្បាស់។​ ប៉ុន្តែ​បើ​សាច់​ឬ​បន្លែ​ស្រស់​នោះ​មើល​ទៅ​ទទឹក​ពេក​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ព្រោះ​គេ​អាច​នឹង​បន្ថែម​ភាព​ស្រស់​។

៥.​ ប្រយ័ត្ន​ចំពោះ​ផលិតផល​មាន​ពណ៌​ល្អ

អ្នក​គ្រប់​គ្នា​តែង​តែ​គិត​ថា​របស់​ដែល​មាន​ពណ៌​ល្អ​គឺ​សុទ្ធ​តែ​មាន​គុណភាព​ខ្ពស់​។ អ្នក​គិត​បែប​នេះ​ខុស​ហើយ​ព្រោះ​ថា​បន្លែ​និង​ផ្លែឈើ​ដែល​មើល​ទៅ​ស្រស់​ល្អ​ពេក​ច្បាស់​ជា​សំបូរ​ទៅ​ដោយ​សារធាតុ​គីមី​ជាង​បន្លែ​និង​ផ្លែ​ឈើ​ដែល​មើល​ទៅ​មិន​សូវ​ស្អាត​មាន​ដង្កូវ។​ ម្យ៉ាង​វិញ​ទៀត​ផលិត​ផល​ដូច​ជា​ទឹក​ជ្រលក់​ អ្នក​គួរ​តែ​ជ្រើស​រើស​ផលិតផល​ណា​ដែល​មិន​សូវ​មាន​ពណ៌​ស្រស់​ពេក​ព្រោះ​ផលិតផល​ដែល​មាន​ពណ៌​ស្រស់​គេ​ច្រើន​តែ​ដាក់​ពណ៌​បន្ថែម​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព។

៦.​ កុំ​ខ្ជិល​ក្នុង​ការ​ដើរ​រក​ផលិតផល​ល្អ​

ដើម្បី​ឱ្យ​លក់​បាន​ថ្លៃ​ឬ​លក់​ផលិតផល​គុណភាព​អន់​ចេញ​អស់​ គេ​តែង​តែ​ដាក់​វា​នៅ​កន្លែង​ដែល​ងាយ​ចាប់​អារម្មណ៍​និង​ទាក់​ភ្នែក​អ្នក​ទិញ​។ របស់​ផ្សេង​នៅ​កន្លែង​អាច​នឹង​ថោក​ជាង​របស់​ដែល​អ្នក​ងាយ​ឃើញ។​ ហេតុ​នេះ​ហើយ​ កុំ​ខ្ជិល​ដើរ​ព្រោះ​ផលិត​ផល​ហើយ​ថោក​មិន​ងាយ​រក​ឃើញ​ទេ។

៧.​ មើល​ពី​ស្លាក​យីហោ​ឱ្យ​បាន​ត្រឹម​ត្រូវ​

កុំ​គិត​ថា​ផលិតផល​ខ្លះ​ដែល​ដាក់​ថា​ មិន​មែន​ជាតិ​ស្ករ​ មិន​មាន​សារធាតុ​Cholesterol​ សំបូរ​ទៅ​ដោយ​វីតាមីន​ ព្រោះ​វា​អាច​ជា​ការ​បំភាន់​ភ្នែក​តែ​ប៉ុណ្ណោះ​។ តាម​ពិត​ទៅ​ ផលិតផល​ដែល​គ្មាន​ស្ករ​គេ​អាច​នឹង​ប្រើ​ជាតិ​ផ្អែម​គីមី​ ហើយ​ផលិតផល​ដែល​សម្បូរ​វីតាមីន​អាច​ជា​វីតាមីន​មិន​ល្អ​ព្រោះ​វីតាមីន​មិន​មែន​សុទ្ធ​តែ​ល្អ​នោះ​ទេ។

៨.​ ជ្រើស​រើស​ផលិតផល​ក្នុង​ស្រុក​

ពេល​ខ្លះ​អ្នក​អាច​គិត​ខុស​លើ​ផលិត​ផល​ក្នុង​ស្រុក​ដោយ​ចាញ់​បោក​ការ​ផ្សាយ​ពាណិជ្ជកម្ម​។ តែ​អ្នក​ត្រូវ​ចាំ​ថា​ផលិត​ផល​ក្នុង​ស្រុក​ខ្លះ​អាច​នឹង​ល្អ​ជាង​ផលិតផល​នាំ​ចូល​ព្រោះ​ការ​ដឹក​ជញ្ជូន​ឆ្ងាយ​ធ្វើ​ឱ្យ​បាត់​បង់​គុណភាព។

៩.​ សួរ​បុគ្គលិក​ផ្សារ​ពី​ផលិតផល​និង​ដំបូន្មាន​ខ្លះៗ

បុគ្គលិក​ដែល​រៀប​ចំ​ផលិតផល​ទាំង​នោះ​ប្រាកដ​ជា​ដឹង​ច្រើន​ជា​អ្នក​។​ បើ​សិន​ជា​អ្នក​សួរ​រក​ដំបូន្មាន​គេ​អាច​នឹង​ប្រាប់​អ្នក​តាម​ត្រង់​ថា​ផលិតផល​ណា​ល្អ​ជាង​ផលិត​ផល​ណា​។ ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ទុក​ចិត្ត​លើ​បុគ្គលិក​ផ្សារ​ពេក​ដែរ​ ព្រោះ​គេ​ក៏​អាច​កុហក​អ្នក​។ ​អ្នក​អាច​មើល​ដោយ​ខ្លួន​ឯង​ហើយ​គួប​ផ្សំ​នឹង​ដំបូន្មាន​ពី​បុគ្គលិក​នោះ​៕

ចុចអាន៖

ប្រភព៖ Brightside ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទពេញនិយម