ណែនំាភេសជ្ជៈ ៥ ប្រភេទជួយដោះស្រាយបញ្ហាថប់អារម្មណ៍ទទួលទានបានទំាងយប់និងថ្ងៃ

  • 2020-07-27 06:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជារៀងរាល់ថ្ងៃ មនុស្សម្នាក់តែងតែមានភាពនឿយហត់ និងការអស់កម្លំាងដោយសារខំប្រឹងប្រែងធ្វើការ សិក្សា និង​រក​ស៊ីជាដើម មានពេលខ្លះអ្នកអាចមានបញ្ហាថប់អារម្មណ៍ ឬភាសាអង់គ្លេសថា anxiety ធ្វើឲ្យអ្នកគេងពុំ​សូវ​លក់​និងមានអារម្មណ៍មិនស្រួលខ្លួនឡើយ។ ហេតុដូចនេះ ថ្ងៃនេះ អ្នកនឹងបានដឹងពីភេសជ្ជៈចំនួន ៥ ប្រ​ភេទ​ជួយកាត់បន្ថយបញ្ហាថប់អារម្មណ៍បានដោយអ្នកអាចទទួលទានបានទំាងយប់និងទំាងថ្ងៃ។ ភេសជ្ជៈទំាង ៥ នោះ​រួមមាន៖

១. ទឹកក្រូចស្រស់

នៅក្នុងទឹកក្រូចច្របាច់ស្រស់មានផ្ទុកទៅដោយរសជាតិផ្អែមឈ្ងុយឆ្ងាញ់និងជូរអែម ក្រៅពីគួរឲ្យទាក់​ទាញមាន​ការ​ស្រាវជ្រាវ​បានរកឃើញថាទឹកក្រូចមានជាតិវីតាមីន C ជួយកាត់​បន្ថយការ​តានតឹង​ដែល​ប្រមូលផ្តុំ​នៅក្នុង​ខ្លួន​។ ដើម្បីទទួលបានប្រសិទ្ធភាពល្អ អ្នកគប្បីទទួលទានទឹកក្រូចច្របាច់ស្រស់ៗ ចៀសវាង​ទឹក​ក្រូច​ណា​ដែល​មាន​ផ្ទុកជាតិស្ករឬស៊ីរ៉ូឡើយ។ ប្រសិនបើទឹកក្រូចនោះមានជាតិស្ករច្រើន អ្នកអាចនឹង​ប្រឈ​មមុខ​នឹង​ជំងឺ​រុំារ៉ៃ​ដូច​ជា ទឹកនោមផ្អែមជាដើម។

២. តែបៃតង

នៅក្នុងតែបៃតងមានផ្ទុកអាមីណូអាស៊ីតហៅថា Theanine។ មានការស្រាវជ្រាវបានឲ្យដឹងថា ជាតិមួយនេះ​ជួយ​សម្រួល​ដល់មុខងារខួរក្បាលធ្វើការល្អ ជួយសម្រួលដល់អារម្មណ៍ និងជួយកាត់បន្ថយភាព​តានតឹង​នៅ​ក្នុង​រាង​កាយជួយឲ្យអ្នកបានសម្រាកស្រួល។ សម្រាប់អ្នកដែល​មានការ​បាក់​ទឹកចិ​ត្ត​អាចទទួល​ទាន​តែ​បៃ​តង​ដើម្បី​ជួយ​កាត់បន្ថយការថប់អារម្មណ៍និងភាពតានតឹងបាន។ ទោះជាយ៉ាងណាក៏ដោយ រាល់​ការទ​ទួល​ទាន​តែបៃតង​អ្នក​ចំាបាច់ត្រូវទទួលទានក្នុងបរិមាណល្មមព្រោះវាមានផ្ទុកជាតិកាហ្វេអ៊ីន។ ចៀស​វាងកា​រទទួល​ទាន​មុ​នពេល​ចូល​គេង ពុំនោះទេ អ្នកនឹងមានការគេងមិនលក់តែម្តង។

៣. ទឹកខ្ញី

ការទទួលទានទឹកខ្ញីជួយសម្រួលដល់ការរំលាយអាហារបានល្អ លើសពីនេះវាមានផ្ទុកជាតិប្រឆំាងអុកស៊ីដកម្ម ជួយ​បង្កើនប្រសិទ្ធភាពនៃប្រព័ន្ធប្រសាទទៀតផង។ ក្រៅពីនេះទឹកខ្ញីជួយការពារពីការបំផ្លាញដោយOxidative stress​ ដែលជះឥទ្ធិពលនៃសារធាតុសេរ៉ូតូនីននៃអារម្មណ៍របស់អ្នក។ ដូច្នោះ ភេសជ្ជៈ​ប្រភេទនេះ​មិនត្រឹម​តែ​ជួយ​អ្នក​បំបាត់ការថប់អារម្មណ៍នោះទេ តែថែមទំាងបំបាត់ភាពតានតឹងបានទៀតផង។

៤. ទឹកដោះគោក្តៅៗ

អ្នកប្រហែលជាបានដឹងរួចមកហើយថា ការទទួលទានទឹកដោះគោក្តៅៗអាចជួយ​ដល់ការគេងមុនពេល​ចូល​គេង​នៅពេលយប់បាន។ ត្រឹមត្រូវណាស់ ការទទួលទានវាជួយសម្រាកទំាងផ្លូវកាយនិងផ្លូវចិត្តរបស់អ្នក។ ជាពិ​សេស ប្រសិនបើអ្នកទទួលទាននៅមុនពេលចូលគេង វាប្រៀបបីដូចជាសញ្ញាមួយដាស់តឿន​អ្នកអញ្ចឹងថា​ដល់​ពេល​ចូលគេងនិងធ្វើឲ្យរាងកាយអ្នកបានស្រួលខ្លួន។

៥. តែ Chamomile tea

តែប្រភេទនេះត្រូវបានគេដឹងថាជាប្រភេទតែដែលជួយឲ្យអ្នកមានអារម្មណ៍ស្ងប់និងសម្រាកស្រួលខ្លួន។ វា​ជួយ​ធ្វើឲ្យអ្នកគេងលក់ស្រួលនិងមានការស្រាវជ្រាវរកឃើញថាជួយកាត់បន្ថយជំងឺថប់អារម្មណ៍ធ្ងន់ធ្ងរដូចជា GAD ។ ក្រៅពីរសជាតិឆ្ងាញ់ ក្លិនរបស់តែ​ប្រភេទនេះជួយ​ឲ្យអ្នកមានអារម្មណ៍បា​នប្រសើរនិង​ស្រស់​ស្រាយ​បាន​ទៀត​ផង។

ជាចុងក្រោយ អ្នកអាចទទួលទានភេសជ្ជៈ៥ប្រភេទខាងលើប្រសិនបើអ្នកចង់មានអារម្មណ៍ធូរស្បើយ។ តែក្នុង​ករណី​អ្នក​មានបញ្ហាថប់អារម្មណ៍ខ្លំាងឬមិនធូរស្បើយ អ្នកគប្បី​ទៅ​ជួបជា​មួយ​នឹង​វេជ្ជ​បណ្ឌិត​ជាបន្ទាន់​ដើម្បី​ទទួល​ការ​ពិគ្រោះយោបល់ភ្លាមៗ៕

រូបភាព៖ Pinterest

ចុចអានបន្ត៖

បរិយាកាសកំពុងអាប់អួរ ផឹកភេសជ្ជៈ៤ប្រភេទនេះជួយបន្សុទ្ធភាពកខ្វក់ពីរាងកាយយ៉ាងមានប្រសិទ្ធភាព

ប្រភព៖ Sanook ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម