មនុស្សស្រីរឹងមាំ ស្រឡាញ់ភាពស្អាតពីខាងក្នុង ជាជាងសម្រស់ក្រោមមុខកាំបិត
- 2020-07-22 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីរឹងមាំ ស្រឡាញ់ភាពស្អាតពីខាងក្នុង ជាជាងសម្រស់ក្រោមមុខកាំបិត
កើតមកជាមនុស្សស្រី ភាគច្រើនតែងស្រឡាញ់ និងប្រាថ្នាចង់បានភាពស្រស់ស្អាតដូចៗគ្នា។ មានសម្រស់ពិតប្រាកដ១ ដែលមនុស្សស្រីភាគច្រើនមាន តែគ្រប់គ្នាច្រើនមើលរំលង។
មតិខ្លះលើកឡើងថា មនុស្សស្រី ដែលមានរូបរាងខាងក្រៅស្អាត គឺកាន់តែមានភាពទាក់ទាញភ្នែកអ្នកផងទាំងពួង ពិសេសក្រសែភ្នែករបស់មនុស្សប្រុស។
ចំណែកមតិខ្លះទៀត បានបញ្ជាក់ថា ភាពស្រស់ស្អាតពិតប្រាកដរបស់មនុស្សស្រី គឺចេញមកពីខាងក្នុង មិនសំដៅដល់រូបរាងខាងក្រៅនោះទេ។ ដោយសារតែនិយមន័យនៃស្តង់ដារសម្រស់ខុសៗគ្នា ដូច្នេះទើបអ្នកមានជីវភាពរស់នៅមធ្យម និងធូរធារនិយម Lifestyle ថ្មីៗ ជ្រើសរើសការវះកាត់កែសម្ផស្ស ដើម្បីបំពេញតម្រូវការ។
ការកែប្រែសម្រស់ក្រោមមុខកាំបិត ដែលកំពុងទទួលការពេញនិយមបំផុត មានដូចជា៖ វះកាត់កែទម្រង់មុខអក្សរ V បបូរមាត់ព្រែក កាត់ត្របកភ្នែកតាមទម្រង់ភ្នែកព្រាប ចាក់ចង្កា បូមខ្លាញ់ក្បាលពោះ ឬដងខ្លួន និងវះកាត់ពង្រីកសុដន់ ដើម្បីបង្កើនភាពទាក់ទាញ ត្រូវស្តង់ដាបែបនារីសម្រស់សម័យថ្មី។
តួលេខពីគេហទំព័រ Plastic Surgery បានបង្ហាញថា ការវះកាត់កែសម្ផស្សប្រចាំឆ្នាំ មានចំនួន 17.5 លានករណី ដែលបានកើតមាននៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០១៧។
ទន្ទឹមនឹងការកែប្រែភាពស្រស់ស្អាត គ្រប់ៗគ្នាសុទ្ធតែដឹងហើយថា វះកាត់កែសម្ផស្សតាមផ្នែកផ្សេងៗ ចាំបាច់គឺត្រូវចំណាយលុយច្រើន ហើយភាពស្អាតក៏មានអាយុកាលកំណត់នៃថ្នាំផងដែរ។
ចំណុចនេះបើតាមលោក វេជ្ជបណ្ឌិត អ៊ូ សុវណ្ណរ៉ា ឯកទេសវះកាត់កែសម្ផស្ស សញ្ញាប័ត្រមកពីប្រទេសកូរ៉េ បានពន្យល់ប្រាប់ Sabay ថា ការវះកាត់កែសម្ផស្សមាន២ប្រភេទ គឺ៖ វះកាត់ដោយប្រើថ្នាំស្ពឹក ឬសណ្ដំ និងការវះកាត់ដោយមិនប្រើថ្នាំស្ពឹក ឬសណ្ដំ តែប្រើបច្ចេកទេសកែសម្ផស្សទំនើបកំពុងពេញនិយមក្នុងពិភពលោក។
លោកបន្តថា មុនពេលវះកាត់ ឬកែសម្ផស្សតែងមានការយល់ព្រមពីភាគីសងខាង និងការពិនិត្យសុខភាពល្អិតល្អន់ដើម្បីទទួលបានជោគជ័យក្រោយវះកាត់ និងត្រូវស្តង់ដារបច្ចេកទេស។
ដោយសារតែស្រឡាញ់ភាពស្រស់ស្អាតយូរអង្វែង និងខ្ជិលស្មុគស្មាញច្រើន មនុស្សស្រីរឹងមាំតែងផ្ដោតគឺ ភាពជឿជាក់ខ្ពស់។ នារីប្រភេទនេះ យល់ថាវាជាភាពស្រស់ស្អាតពិតប្រាកដចេញពីខាងក្នុងខ្លួន ដោយមិនចាំបាច់ប៉ះពាល់ដោយមុខកាំបិត។ នាងចូលចិត្តខិតខំដុះខាត់ចំណេះវិជ្ជា និងសម្រិតសម្រាំងអត្តចរិត ដែលមានប្រយោជន៍វែងឆ្ងាយ គ្មានដែនកំណត់ ឬថ្ងៃសាបសូន្យឡើយ។
នាងចូលចិត្ត និងផ្ដល់តម្លៃខ្ពស់ នៃភាពជាខ្លួនឯង ជាជាងការកែច្នៃថែមថយដោយវះកាត់ប្លាស្ទិក ឬដាក់សារធាតុគីមីចូលខ្លួន។ ហេតុផល ៤ចំណុច ដែលនារីដែលមានទំនុកចិត្តស្រាប់តែងយល់ឃើញ ទាក់ទងនឹងការវះកាត់កែសម្ផស្ស៖
១. តម្លៃថ្លៃណាស់
អ្នកអាចចំណាយលើការវះកាត់កែសម្ផស្សទៅតាមផ្នែកខុសៗគ្នា។ ជាក់ស្ដែង តម្លៃនៃការវះកាត់លើកមុខឲ្យខ្ពស់គឺ៦០០០ដុល្លារ ចំណែកការធ្វើច្រមុះឲ្យស្រួច ២០០០ដុល្លារ និងធ្វើថ្ពាល់ឲ្យពេញប្រហែល១៤០០ដុល្លារ ឬលើសនេះទៅតាមប្រភេទផ្សេងៗទៀត។ នេះបើតាមប្រភពព័ត៌មានពីគេហទំព័រ Jetsettimes។ ចុចត្រង់នេះដើម្បីដឹងពីតម្លៃការវះកាត់កែសម្ផស្ស
២. វាអាចញៀន
សម្រស់ក្រោមមុខកាំបិតវះកាត់ តែងមានរយៈពេលកំណត់។ ដូច្នេះបើអ្នកធ្លាប់ស្អាត ដោយសារតែវះកាត់លើកទី១នោះ ប្រាកដណាស់វាអាចជំរុញអ្នកចង់ធ្វើម្ដងទៀតនៅលើកទី២ដែរ។
៣. ភាពប្រថុយប្រថាន និងបញ្ហាសុខភាព
រាល់ការវះកែសម្ផស្សអាចប្រឈមបញ្ហាសុខភាព ប្រសិនបើវះកាត់ខុសស្តង់ដាបច្ចេកទេស និងមិនបានជួបពិភាក្សាជាមួយវេជ្ជបណ្ឌិតជំនាញ។
៤. មិនសប្បាយចិត្តនឹងលទ្ធផល
ការវះកាត់ភាគច្រើនជួយឲ្យយើងស្អាតខុសពីរូបរាងដើម ប្រសិនបើធ្វើតាមក្បួនខ្នាតបច្ចេកទេស។ ប៉ុន្តែបើមិនត្រូវក្បួនវិញ វានឹងបង្កបញ្ហាខ្លាំងដល់សុខភាពរាងកាយ ប្រឈមនឹងការស្លាប់ ខាតបង់លុយកាក់ និងរងសំពាធផ្លូវចិត្ត ឬកាន់តែធ្ងន់ធ្ងរ គឺឈានដល់ការសម្លាប់ខ្លួនក៏មាន។
មនុស្សស្រីដែលឲ្យតម្លៃភាពស្រស់ស្អាតចេញពីខាងក្នុងមក តែងគិតថានារីគ្រប់ៗរូបសុទ្ធតែមានភាពស្រស់ស្អាតពីធម្មជាតិដូចគ្នា គ្រាន់តែពេលខ្លះអ្នកមិនសូវចាប់អារម្មណ៍។ សូមពិនិត្យ និងទទួលព័ត៌មានឲ្យគ្រប់ជ្រុងជ្រោយ មុនសម្រេចចិត្តវះកាត់កែសម្ផស្ស។ នេះបើតាមប្រភពពីគេហទំព័រ Young Womens Health។
ប្រសិនបើនៅសុខៗ អ្នកស្រាប់តែទើសនឹងសម្រស់ខ្លួនឯង ហើយចង់កែចំណុចនេះ ឬចំណុចនោះនៃរាងកាយខ្លួនឯង ដើម្បីតែទាក់ទាញចិត្តអ្នកដទៃ ពិសេសបុរសៗ ខណៈអ្នកក៏មានរូបរាងសមរម្យពីធម្មជាតិស្រាប់ដែរ នោះ សូមគិតម្ដងទៀត។ សូមចាំថា អ្នកដែលស្រឡាញ់អ្នកពិតប្រាកដ គឺគេអាចទទួលយករូបរាង ទំហំ និងលក្ខណៈពិសេសរបស់អ្នកជាស្ត្រីដ៏ស្រស់ស្អាតតាមរយៈសម្រស់ពីខាងក្នុងខ្លួន ដែលគ្មានថ្ងៃសាបសូន្យ។
មនុស្សស្រីដែលមានភាពស្អាតបំផុតចេញពីក្នុងខ្លួន គ្មានថ្ងៃសាបសូន្យអាចសម្គាល់បានតាមរយៈ៖
នាងមានទំនុកចិត្ត និងចំណេះដឹងខ្ពស់
នាងជាមនុស្សមានសុខភាពល្អ ក្លាហាន និងឆ្លាតវៃ
នាងជាមនុស្សស្មោះត្រង់ និងពោរពេញដោយថាមពល
នាងមានស្នាមញញឹម និងក្ដីសង្ឃឹមជាប់ជានិច្ច
នាងមានការគោរពចំពោះមនុស្សទូទៅ ចេះបន្ទាបខ្លួន និងយល់ដឹងកាលៈទេសៈ
នាងជាមនុស្សដែលគេឯងស្រឡាញ់ រាប់អាន ព្រោះនាងតែងមានគំនិតសុទិដ្ឋិនិយម និងការគិតបែបវិជ្ជមានក្នុងជីវិត។
ចុចត្រង់នេះដើម្បីដឹងពីលក្ខណៈស្រ្តីដែលគេចូលចិត្តចង់ក្បែរ