កុំ​ខ្វល់​​សម្ដី​របស់​មនុស្ស​ដែល​មិន​បាន​ឲ្យ​លុយ​អ្នក​ចាយ តែ​ចូរ​ប្រាប់​ខ្លួន​ឯង ១០​ចំណុចនេះ

  • 2020-07-21 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គេ​និយាយ​អ្វី​ពី​អ្នក​​ក៏​ស្រេច​តែ​គេ​ចុះ គេ​ចង់​រិះគន់​អ្វី​ដែល​ធ្វើ​យ៉ាង​ម៉េច ស្រេច​តែ​គេ​ចុះ បើ​​អ្នក​ពេញ​ចិត្ត​​នឹង​អ្វី​ដែល​ខ្លួន​ធ្វើ អ្នក​មាន​លុយ ហើយ​ក៏​មាន​ជីវិត​ប្រសើរ​​​ថ្លៃថ្នូរ នោះ​​អ្នក​ក៏​មិន​បាច់​ខ្វល់​អី​ដែរ ព្រោះ​មនុស្ស​ដែល​វាយ​ប្រហារ​អ្នក​បំផុត តែង​ជា​មនុស្ស​ដែល​ច្រណែន​អ្នក​បំផុត។

រូបតំណាង

បណ្ដោយ​ឲ្យ​គេ​សើច​អ្នក​ឮ​ៗ ប៉ុន្តែ​​ធាតុ​ពិត​ក្នុង​ជម្រៅ​ចិត្ត​របស់​គេ​គឺ​មាន​អារម្មណ៍​អន់​ជាង​អ្នក​។ ចំណែក​​អ្នក​លួច​សើច​គេ​តិច​ៗ​ក៏បាន ប៉ុន្តែ​អ្នក​ច្បាស់​ក្នុង​ចិត្ត​ថា​អ្នក​មាន​ជីវិត​ល្អ​ជាង​គេ។

ចាំ​ទុក បើ​អ្នក​ជា​មនុស្ស​ល្អ មនុស្ស​ពូកែ មនុស្ស​មាន​តម្លៃ​ស្រាប់​ហើយ អ្នក​មិន​បាច់​ខ្វល់​​ពាក្យ​សម្ដី​អ្នក​ដទៃ​ទៀត​ក៏​បាន​។ ជីវិត​ខ្លី​ណាស់ ដូច្នេះ​គួរ​យក​ពេល​មក​គិត​ខ្វល់ខ្វាយ​ពី​មនុស្ស​ដែល​អ្នក​ស្រលាញ់ និង​មនុស្ស​ដែល​ឲ្យ​លុយ​អ្នក​វិញ​ល្អ​ជាង។ កុំ​ផ្លាស់​ប្ដូរ​ខ្លួន​ឯង​ដើម្បី​អ្នក​ដទៃ កុំ​​កើត​ទុក្ខ​ថា​អ្នក​ដទៃ​គិត​យ៉ាង​ណា។ ចូរ​ធ្វើ​ជា​ខ្លួន​ឯង ហើយ​មាន​ក្ដី​សុខ​នឹង​អ្វី​ដែល​ខ្លួន​ជ្រើសរើស ពេល​នោះ​​មនុស្ស​ដែល​ស្រលាញ់​អ្នក នឹង​ទទួល​ស្គាល់​វា ហើយ​មនុស្ស​ដែល​មិន​ចូល​ចិត្ត​​វា នឹង​បាន​ចាកចេញ​ពី​ជីវិត​អ្នក។ ខ្វល់​ពី​មនុស្ស​ដែល​អ្នក​ត្រូវ​ខ្វល់ និង​បំភ្លេច​ចោល​​​ការ​វាយ​តម្លៃ​របស់​អ្នក​​ដទៃ ព្រោះ​អ្នក​ទាំង​នោះ​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​សម្រាប់​ជីវិត​អ្នក។

រូបតំណាង

១០​ចំណុច​ខាង​ក្រោម​ជា​អ្វី​ដែល​ត្រូវ​ប្រាប់​ខ្លួន​ឯង៖

១. មុន​ចង់​គ្រប់គ្រង​អ្វី​ៗ​ ត្រូវ​រៀន​គ្រប់គ្រង​ខ្លួន​ឯង​ឲ្យ​បាន​សិន។

២​. កុំ​រំពឹង​ចង់​បាន​អ្វី​លើ​មេឃ ព្រោះ​អ្វី​ដែល​អ្នក​កំពុង​មាន​នៅ​ពេល​នេះ​គឺ​ល្អ​បំផុត​ហើយ។

៣. មិន​ថា​អ្នក​ធ្លាប់​ស្រលាញ់​មនុស្ស​ប៉ុន្មាន​នាក់ មិន​ថា​ស្នេហា​ដែល​ចូល​មក​ផ្ដល់​សុខ​ ឬ​ទុក្ខ មេរៀន​នេះ​មិន​បាន​បង្រៀន​ថា អ្នក​គួរ​ស្រលាញ់​​គេ​​បែប​ណា​នោះ​ទេ ប៉ុន្តែ​វា​បង្រៀន​ថា​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​សិន​។

៤. មាន​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ មាន​ការងារ​ធ្វើ មាន​សង្ឃឹម។ បើ​មាន ៣​យ៉ាង​នេះ​ ជីវិត​យើង​គឺ​មាន​ក្ដី​សុខ​ហើយ។

៥. កុំ​រវល់​តែ​រអ៊ូ​ថា​ខ្លួន​សំណាង​អាក្រក់ ព្រោះ​មនុស្ស​ដែល​សំណាង​អាក្រក់​ជាង​អ្នក​ គេ​នៅ​ព្យាយាម​ធ្វើ​ឲ្យ​ជីវិត​គេ​ប្រសើរ​ឡើង​នៅ​ឡើយ។

៦. បើ​អ្នក​មើល​ឃើញ​ចំណុច​ខ្វះខាត​របស់​ខ្លួន​ឯង ដូច​មើល​ឃើញ​ចំណុច​ខ្វះខាត​របស់​អ្នក​ដទៃ ជីវិត​អ្នក​នឹង​​កាន់​តែ​​ស្ងប់សុខ។ កុំ​រវល់​តែ​មើល​គុណវិបត្តិ​អ្នក​ដទៃ រហូត​ភ្លេច​ថា​ខ្លួន​ឯង​ក៏​មាន​គុណវិបត្តិ​ដូច​គ្នា។

៧. ចូរ​ស្មោះត្រង់​ជាមួយ​គូ​ជីវិត​ឲ្យ​ដូច​កាល​ដែល​អ្នក​ស្រលាញ់​គេ​ថ្មី​ៗ។

៨. ​មាន​អ្នក​ខ្លាច មិន​ប្រាកដ​ថា​ជា​រឿង​មោទនភាព​ទាំង​អស់​ទេ មាន​អ្នក​មើល​ងាយ ក៏​មិន​ប្រាកដ​ថា​ជា​រឿង​ដែល​ត្រូវ​ខូច​ចិត្ត​ទាំង​អស់​ដែរ។

៩. ការ​ច្រណែន​ មិន​បាន​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​ល្អ​ជាង​អ្នក​ដទៃ​ឡើយ។

១០. នៅ​ថ្ងៃ​ណា​បាន​ជួប​ក្ដី​សុខ ចូរ​ប្រាប់​ខ្លួន​ឯង​ថា​ក្ដី​សុខ​មិន​អាច​នៅ​ជាមួយ​យើង​រៀងរហូត​ទេ ថ្ងៃ​ណា​ជួប​ទុក្ខ ចូរ​ប្រាប់​ខ្លួន​ឯង​ថា​ក្ដី​ទុក្ខ​ក៏​មិន​នៅ​ជាមួយ​យើង​រហូត​ដូច​គ្នា ៕

ចុចអាន៖

ប្រភព៖ sb.in.th ប្រែសម្រួល៖ ស្វាយ វ៉ាន់ថន

អត្ថបទពេញនិយម