កាយវិការដែលអ្នកធ្វើឡើងដោយមិនដឹងខ្លួនពេលនិយាយជាមួយនរណាម្នាក់ ប្រាប់ពីបុគ្គលិកលក្ខណៈរបស់អ្នកបាន

  • 2020-07-14 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​ធ្លាប់​កត់​ចំណាំ​ពី​ខ្លួន​ឯង​ទេ​ថា ​ខណៈ​ពេល​ជជែក​ជាមួយ​នរណា​ យើង​តែង​មាន​ទំនោរ​បង្ហាញ​កាយ​វិការ​ចម្លែក​មួយ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​។ ​មិន​ថា​តែ​ចំពោះ​​មនុស្ស​ជិត​ស្និទ្ធ ក៏​យើង​ពិបាក​លាក់​កាយ​វិការ​នេះ​ដែរ។ ​យ៉ាង​ណា​ក្តី ​កាយ​វិការ​នេះ​វា​អាច​បង្ហាញ​ពី​បុគ្គលិក​លក្ខណៈ​របស់​អ្នក​បាន​យ៉ាង​ពិត​ប្រាកដ។ ​នេះ​ជា​អាថ៌កំបាំង​ដែល​បាន​កើត​ឡើង​នៅ​ពេល​យើង​ធ្វើ​វា​ជា​ញឹក​ញាប់ ដោយ​មិន​ដឹង​ខ្លួន។ តោះ ​សាក​ល្បង​ផ្ទៀង​ផ្ទាត់​ចម្លើយ​ទាំង​អស់​គ្នា៖

១. ​ចូល​ចិត្ត​ប៉ះ​​ច្រមុះ

សម្រាប់​អ្នក​ដែល​ភ្លេច​ៗ​ខ្លួន​ពេល​និយាយ​គ្នា​តែង​តែ​​យក​ដៃ​ទៅ​ប៉ះ​ច្រមុះ បុគ្គលិក​លក្ខណៈ​របស់​គេ​ជា​មនុស្ស​មាន​ទម្លាប់​រឹង​រូស​បន្តិច ​មិន​សូវ​ចូល​ចិត្ត​ធ្វើ​តាម​បញ្ជា​អ្នក​ដទៃ​ងាយ​ៗ ​​​តែង​​​មាន​​អាថ៌កំបាំង និង​ស្ងប់​ស្ងាត់។ ​ពេល​ខ្លះ​មាត់​ថា Yes ​តែ​បេះ​ដូង No ​​តែ​បើ​​ដើរ​ជា​ក្រុម​វិញ ​គេ​ច្រើន​ជា​មនុស្ស​ចេះ​អត់​ធ្មត់ ​​ពូ​កែ​លាក់​អារម្មណ៍​​នៅ​ក្នុង​ចិត្ត​មិន​ឲ្យ​អ្នក​ណា​ទាយ​ដឹង​ឡើយ។

២. ចូល​ចិត្ត​ប៉ះ​ត្រចៀក

​​ជា​មនុស្ស​មាន​គោល​ជំហរ​ផ្ទាល់​ខ្លួន​រឹង​មាំ ​មិន​ចំណាយ​ពេល​​ផ្ដោត​លើ​រឿង​ឥត​ប្រយោជន៍ តែ​ក៏​ជា​មនុស្ស​ពិបាក​យល់​ពី​ចិត្ត​ផង​ដែរ។ ​យ៉ាង​ណា​ក៏​ដោយ ​នៅ​ពេល​ដែល​បុគ្គល​នេះ​​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​រឿង​អ្វី​មួយ​ហើយ ​មនុស្ស​​នៅ​ជុំវិញ​​នឹង​កត់​សម្គាល់​ពី​គេ ព្រម​ទាំង​មើល​ឃើញ​ពី​ការ​ខំប្រឹង​របស់​គេ​ថែម​ទៀត។

៣. ចូល​ចិត្ត​ប៉ះ​សក់

ឲ្យ​តែ​និយាយ​គ្នា​លេង​យូរ​បន្តិច ​ដឹងតែ​ប៉ះ​សក់​លេង មាន​ន័យ​ថា​គេ​ជា​មនុស្ស​​រៀង​អៀន​បន្តិច គេ​ឆាប់​ភ័យ​និង​បារម្ភ​ច្រើន​នៅ​ពេល​ណា​ដែល​ឈរ​ចំពោះ​មុខ​អ្នក​ដទៃ​យូរ។ ​គេ​ជា​​មនុស្ស​មិន​សូវ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​និង​គិត​ច្រើន​លើ​សម្ដី​របស់​អ្នក​ដទៃ​។ ​ម្ល៉ោះ​ហើយ ​ដើម្បី​បិទ​បាំង​ភាព​អៀន​ប្រៀន​នេះ ​គេ​ច្រើន​យក​ដៃ​ទៅ​អង្អែល​សក់​ខ្លួន​ឯង​ដោយ​មិន​ដឹង​ខ្លួន ​។

៤. ​អង្អែល​ចង្កា

​បើ​ទោះ​បី​មនុស្ស​ស្រី​អត់​មាន​ពុក​ចង្កា​ក៏​ដោយ ​តែ​អ្នក​ខ្លះ​គឺ​មាន​ទម្លាប់​អង្អែល​ចង្កា​លេង​បែប​នេះ ​តែ​ម្តង។ ​ជា​ទូ​ទៅ​ គេ​ជា​មនុស្ស​ពេញ​ដោយ​ទំនុក​ចិត្ត​ខ្ពស់​តែ​លាក់​មិន​ឲ្យ​គេ​ដឹង ជឿ​ជាក់​លើ​គំនិត​ខ្លួន​ឯង​ថា​តែង​តែ​ត្រឹម​ត្រូវ​រហូត ព្រម​ទាំង​កម្រ​ស្តាប់​មតិ​របស់​អ្នក​ដទៃ​ណាស់ ។

៥. យក​ដៃ​ក្រពាត់​ចូល​គ្នា

កាយ​វិការ​នេះ ​បង្ហាញ​ថា​គេ​មនុស្ស​មាន​ការ​គិត​ជ្រៅ ​គេ​តែង​ដាស់​តឿន​ខ្លួន​ជា​និច្ច​និង​មាន​ព្រំដែន​កំណត់​រវាង​អ្នក​ដទៃ និង​ចំពោះ​ខ្លួន​គេ​ផ្ទាល់ ។ ​សូម្បី​នៅ​ក្បែរ​មិត្ត​ជិត​ស្និទ្ធ​ក៏ដោយ ​ប្រភេទ​មនុស្ស​នេះ​មាន​ទំនោរ​មិន​សូវ​បើក​ចិត្ត​និយាយ​រឿង​អាថ៌កំបាំង​ចេញ​ពី​ចិត្ត​ឡើយ គេ​តែង​ប្រើ​ពេល​យូរ​បន្តិច​ទម្រាំ​ជឿ​ជាក់​លើ​នរណា​ម្នាក់។

៦. ​​យក​ដៃ​ខ្ទប់​មាត់

​មនុស្ស​ដែល​ឲ្យ​តែ​ចាប់​ផ្តើម​សន្ទនា​គ្នា​ហើយ​យក​ដៃ​ខ្ទប់​មាត់​ ភាគ​ច្រើន​គេ​មនុស្ស​មាន​ការ​លាក់​បាំង​អ្វី​ម្យ៉ាង​តិច​តួច។ ​គេ​អាច​កុហក តែ​មិន​មែន​ជា​រឿង​ធំ​ដុំ​ឡើយ។ ​បើ​​ទោះ​មើល​ពី​ខាង​ក្រៅ​ជា​មនុស្ស​ស្ងាត់​ស្ងៀម ចេះ​គ្រប់​គ្រង​អារម្មណ៍​ក៏​ពិត​មែន ​តែ​​​បើ​និយាយ​ពី​ក្នុ​ង​ចិត្ត​គេ​វិញ ជា​មនុស្ស​មាន​ទុក្ខ​ព្រួយ​ច្រើន មាន​ការ​គិត​​អ្វី​មួយ​ដោយ​សម្ងាត់ ដែល​តែង​រំខាន​ចិត្ត​របស់​គេ​ស្ទើរ​គ្រប់​ពេល។

៧. ​យក​ដៃ​ម្ខាង​កាន់​ដៃ​ម្ខាង​ទៀត

​ជា​មនុស្ស​ឆាប់​បាក់​ទឹក​ចិត្ត​ សូម្បី​តែ​​រឿង​បន្តិច​បន្តួច ​គេ​​ជា​មនុស្ស​បារម្ភ​ច្រើន​រហូត​ដល់​ក្លាយ​ជា​ស្រេ្តស។ ​ជួន​កាល​ក៏​ជា​មនុស្ស​ដែល​ទុទិដ្ឋនិយម និង​តឹង​តែង​ចំពោះ​ខ្លួន​ឯង​ទៀត​ផង។

៨. ​​ចូល​ចិត្ត​យក​ដៃ​ទ្រ​ចង្កា

ជា​មនុស្ស​ដែល​លាក់​អារម្មណ៍​បាន​ល្អ បើ​ទោះ​ក្នុង​ចិត្ត​កំពុង​ដូច​ភ្នំភ្លើង​ផ្ទុះ​ក៏​ដោយ។ ​ហេតុ​នេះ​ហើយ ​មនុស្ស​នៅ​ជុំ​​វិញ​គេ ​មិន​សូវ​ដឹង​ថា​គេ​មនុស្ស​ចិត្ត​ក្តៅ​កម្រិត​ណា​ឡើយ ​ដោយសារ​តែ​ជំនាញ​​លាក់​អារម្មណ៍​គ្មាន​ពីរ​នេះ​។ ​តែ​នៅ​ពេល​ដែល​គេ​អត់​ធ្មត់​លែង​បាន​ហើយ ​គេ​ប្រៀប​ដូច​ជា​ដែក​ក្តៅ​ក្នុង​ឡ​រាប់​សិប​ឆ្នាំ ​ដែល​នរណា​ក៏​បើក​ភ្នែក​ធំ​ៗ​និង​ពិត​ជា​គួរ​ឲ្យ​ខ្លាច​ជា​មិន​ខាន។

ប្រភព៖ akerufeed ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម