ស្រឡាញ់​គេ​ខ្លាំង​​ពេក តែ​ធ្វើ​ឲ្យ​ស្នេហា​បរាជ័យ! ការពិត​​មកពី​ហេតុផល ៥ យ៉ាង​នេះ

  • 2020-07-10 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្វី​ក៏​ដោយ​ឲ្យ​​​តែ​​ដល់​កម្រិត​ជ្រុល វា​នឹង​ផ្ដល់​លទ្ធផល​អវិជ្ជមាន​វិញ។ ពេល​ខ្លះ​អ្នក​ស្រឡាញ់​គាត់​ខ្លាំង​ពេក រហូត​មិន​អាច​ស្រមៃ​ថា​ត្រូវ​រស់នៅ​បែប​ណា​បន្ត​ប្រសិន​បើ​គ្មាន​រូប​គាត់​។ គាត់​ម្នាក់​នោះ​បាន​ក្លាយ​ជា​មនុស្ស​អាទិភាព​ដំបូង​បង្អស់​ដែល​អ្នក​អាច​លះបង់​សព្វ​គ្រប់​បែប​យ៉ាង​ដើម្បី​ឲ្យ​គាត់​សប្បាយ​ចិត្ត និង​មាន​សុភមង្គល។ អារម្មណ៍​ស្រឡាញ់ ហួងហែង ការពារ គ្រប់គ្រង​ចេះ​តែ​កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ ប៉ុន្តែ​អ្នក​បែរ​ជា​មិន​ព្យាយាម​ទប់ស្កាត់ វា​នឹង​ធ្វើ​ឲ្យ​ស្នេហា​អ្នក​បរាជ័យ​វិញ​ ក្រោម​ហេតុផល ៥ យ៉ាង​នេះ៖

១.រារាំង​សេរីភាព​របស់​គាត់

នៅ​ពេល​ដែល​អ្នក​ស្រឡាញ់​គាត់​ខ្លាំង អ្នក​ប្រាកដ​ជា​មិន​ចង់​ឲ្យ​គាត់​ជួប​បញ្ហា​លំបាក​ឡើង​។ អ្នក​ព្យាយាម​តាមដាន ព្រម​ទាំង​ណែនាំ​បង្រៀន​​គ្រប់​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​គាត់​។ សម្រាប់​អ្នក​វា​ជា​ការ​ការពារ ព្រួយ​បារម្ភ ប៉ុន្តែ​ចង់​ឬ​មិន​ចង់​វា​បាន​ក្លាយ​ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​របស់​ដៃគូ ហើយ​បុរស​ប្រាកដ​ជា​គិត​ថា គាត់​ក្លាយ​ជា​មនុស្ស​ឥត​បាន​ការ ធ្វើ​អ្វី​ខ្លួន​ឯង​មិន​កើត​បើ​មិន​​មាន​ជំនួយ​ពី​អ្នក។

២.ជិតស្និទ្ធ​​ខ្លាំង​ពេក

វា​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ឧស្សាហ៍​នៅ​ក្បែរ​គ្នា​ឲ្យ​បាន​ច្រើន ដើម្បី​បង្កើន​ភាព​ស្និទ្ធស្នាល និង​ផ្អែមល្ហែម​ឲ្យ​ស្នេហា​។ ប៉ុន្តែ​ បើ​អ្នក​ព្យាយាម​តាម​កៀក​កិត​ស្អិត​គ្រប់​ជំហាន​ពេក​ វា​បែរ​ជា​ធ្វើ​ឲ្យ​ដៃគូ​របស់​អ្នក​ធុញទ្រាន់​ជាមួយ​អ្នក​ទៅ​វិញ​។ អញ្ចឹង​ទើប​គេ​ថា ពេល​នៅ​ឆ្ងាយ​គ្នា អារម្មណ៍​នឹក​រលឹក​ធ្វើ​ឲ្យ​ចិត្ត​ស្រឡាញ់​កាន់​តែ​ខ្លាំង​។

៣.រឿង​ផ្ទាល់​ខ្លួន

មនុស្ស​ម្នាក់ៗ តែង​មាន​ចំណង់ចំណូលចិត្ត​ ឬ​បញ្ហា​ផ្ទាល់​ខ្លួន ដែល​មិន​ត្រូវ​ការ​ឲ្យ​អ្នកណា​មក​ចូលរួម​ជាមួយ​សូម្បី​គូ​ស្នេហ៍​ក៏​ដោយ​។ ដូច្នេះ​អ្នក​ត្រូវ​ផ្ដល់​ឧកាស​ឲ្យ​គាត់​រីករាយ​ ឬ​ដោះស្រាយ​ជាមួយ​រឿង​ទាំង​នោះ​ម្នាក់​ឯង​ផង​។ ឧទាហរណ៍ ប្រសិន​គ្រួសារ​របស់​គាត់​ជួប​បញ្ហា ប៉ុន្តែ​គាត់​មិន​ត្រូវការ​ជំនួយ​ពី​អ្នក កុំ​រឹងរូស​រួច​ព្យាយាម​ជ្រៀតជ្រែក​ខុស​រឿង​ឲ្យ​សោះ​។

៤.បង្ក​ជម្លោះ

អ្នក​មាន​សិទ្ធិ​បញ្ចេញ​មតិ យោបល់ ប៉ុន្តែ​អ្នក​មិន​ត្រូវ​បង្ខំ​គាត់​ឲ្យ​គោរព​តាម​ការ​សម្រេច​ចិត្ត​របស់​អ្នក​គ្រប់​យ៉ាង​នោះ​ទេ​។ រឿង​នោះ​អាច​ត្រឹមត្រូវ​សម្រាប់​អ្នក ប៉ុន្តែ​វា​អាច​ខុស​ពី​អ្វី​ដែល​គាត់​ចង់​បាន ដូច្នេះ​អ្នក​ក៏​ត្រូវ​ទទួល​យក​ភាព​ខុស​គ្នា​នេះ​ផង​ដែរ​។ ត្បិត​តែ​អ្នក​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​ឲ្យ​គាត់​ល្អ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ជម្លោះ ការ​ខ្វែង​គំនិត​គ្មាន​ថ្ងៃ​បញ្ចប់​។

៥.បង្ក​ឲ្យ​មាន​ការ​ធុញទ្រាន់​

ស្រឡាញ់​ខ្លាំង​ពេក អ្នក​តែងតែ​នៅ​ក្បែរ​គាត់​គ្រប់​ពេល។ យូរ​ទៅ​គាត់​ក៏​ធុញ​ ព្រោះ​មិនមែន​រឿង​ថ្មីៗ​​ត្រូវ​និយាយ​គ្នា​ដូច​មុន​។ ឃើញ​មុខ​អ្នក​ច្រើន គាត់​ចាប់ផ្ដើម​ស៊ាំ ដោយសារ​អ្វីៗ​ហាក់​បី​ដូចជា​ដដែលៗ​ពេក ដូច្នេះ​អ្នក​គួរ​តែ​ទុក​ពេល សម្រាប់​ឲ្យ​ម្នាក់ៗ​ដក​ដង្ហើម​ខ្លះ ព្រោះ​ភាព​អាត្មានិយម​ពិត​ជា​មិន​អាច​ទទួល​យក​បាន​ឡើយ​ក្នុង​រឿង​ស្នេហា៕

!

ចុចអាន៖ស្រលាញ់​មើល​ចិត្ត​សិន​បាន តែ​កុំ​រៀបការ​នឹង​បុរស​៤​ប្រភេទ​នេះ ប្រយ័ត្ន​ដូច​បក្សី​ជាប់​ទ្រុង

ប្រភព៖ Likelovequotes ប្រែសម្រួល៖ អូន បញ្ញា

អត្ថបទពេញនិយម